ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ប្រកាស​ព័ត៌មាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ មាន​ប្រារព្ធ​ពិធី​បើកដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​អង្គភាព​ត្រួតពិនិត្យ​ទំនិញ​តាម​ផ្លូវអាកាស (Air Cargo Control Unit-ACCU)…

រាជធានី​ភ្នំពេញ ៖ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ មាន​ប្រារព្ធ​ពិធី​បើកដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​អង្គភាព​ត្រួតពិនិត្យ​ទំនិញ​តាម​ផ្លូវអាកាស (Air Cargo Control Unit-ACCU) ។

ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ព្រមទាំង​មានការ​ចូលរួម​ពី​នាយ​ឧត្តមសេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។

លោក Russel Bash តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក Mark Stanley មន្ត្រី​សម្របសម្រួល​ប្រចាំ​តំបន់​នៃ​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ​របស់​ការិយាល័យ​អង្គការសហប្រជាជាតិ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC), តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រី​គយ និង​រដ្ឋាករ និង​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម បាន​សម្តែង​អំណរ​សាទរ​ចំពោះ​ការ​បើកដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​អង្គភាព​ត្រួតពិនិត្យ​ទំនិញ​តាម​ផ្លូវអាកាស​នៅ​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ​នេះ​ដែល​ជា​ការិយាល័យ​ដំបូង​បង្អស់​នៅ​អាស៊ាន​បន្ទាប់​ពី​គម្រោង​ការិយាល័យ​អង្គភាព​ត្រួតពិនិត្យ​កុងតឺន័រ​ត្រូវ​បាន​ពង្រីក​ទៅ​កាន់​បណ្តា​អាកាសយានដ្ឋាន​អន្តរជាតិ​រួម​មាន​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បង់​ក្លា​ដែ​ស គុយ​បា ហ្ស​ក​ហ្ស៊ី ហ្ស៊​ក​ដា​នី ប៉ា​គី​ស្ថាន ស្រី​លង្ការ និង​អ៊ុយ​ក្រែ​ន ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ថា​ការិយាល័យ​អង្គភាព​ត្រួតពិនិត្យ​ទំនិញ​តាម​ផ្លូវអាកាស (ACCU) ត្រូវ​បាន​បង្កើត​ទ្បើ​ង​ក្នុង​គោលបំណង​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​ជួញដូរ​ខុសច្បាប់ និង​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​តាម​ផ្លូវអាកាស​នូវ​ទំនិញ និង​កញ្ចប់​បញ្ញើ​នាំ​ចេញ​-​នាំ​ចូល​មក​កម្ពុជា ។ ជាមួយ​គ្នា​ដែរ​ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និង​កា​ណា​ដា ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត ជា​ពិសេស​អង្គការ UNODC ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​រួម​មាន​ជំនួយ​បច្ចេកទេស និង​សម្ភារៈ​បរិក្ខា ជា​ពិសេស​ការ​បង្កើត​ការិយាល័យ​អង្គភាព​ត្រួតពិនិត្យ​ទំនិញ​តាម​ផ្លូវអាកាស (ACCU) នេះ​ផង​ដែរ ។

ថ្លែង​ក្នុង​សុន្ទរកថា​បើក​នាយ​ឧត្តមសេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន (​អ​.​ជ​.​ប​.​គ​.​ញ​) បាន​លើក​ឡើង​អំពី​ស្ថាន​ភាពល្អ​ប្រសើរ​ក្នុង​ការ​សហការ​គ្នា​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ត្រួតពិនិត្យ​រក​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ​ខុសច្បាប់​តាម​ផ្លូវ​សមុទ្រ និង​ផ្លូវអាកាស ជា​ពិសេស​បទល្មើស​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​នានា ។

លោក Russell Bash តំណាង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​ពី​សុទិដ្ឋិនិយម​នៃ​ការ​បង្កើត​ការិយាល័យ​អង្គភាព​ត្រួតពិនិត្យ​ទំនិញ​តាម​ផ្លូវអាកាស (ACCU) និង​សហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក ។ លោក​ក៏​សង្ឃឹម​ដែរ​ថា ACCU នៅ​កម្ពុជា​នឹង​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា ហើយនឹង​ក្លាយជា​ការិយាល័យ​គម្រូ​ល្អ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ។

លោក Mark Stanley មន្ត្រី​សម្របសម្រួល​ប្រចាំ​តំបន់​នៃ​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ​របស់​អង្គការ UNODC បាន​គូសបញ្ជាក់​សារ​ជា​ថ្មី​ម្តងទៀត ពី​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ពិសេស​បន្ទាប់​ពី​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​ការិយាល័យ​អង្គភាព​ត្រួតពិនិត្យ​ទំនិញ​តាម​ផ្លូវអាកាស (ACCU)​នេះ ។

នា​ចុងបញ្ចប់ គណៈអធិបតី​និង​ភ្ញៀវ​កិត្តិយស​បាន​អញ្ជើញ​ចូលរួម​ពិធី​កាត់​ខ្សែបូរ​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ការិយាល័យ​អង្គភាព ACCU និង​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ឃ្លាំងទំនិញ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ កម្មវិធី​ត្រូវ​បាន​បញ្ចប់​ក្រោម​បរិយាកាស​ការងារ និង​ស្និទ្ធស្នាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ