ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​បទ «​ស្អាត​ជា​និច្ច​» ច្រៀង​កាលពី​ក្មេង​ទេ​ តោះ​មក​ស្គាល់​អ្នកនិពន្ធ​បទ​ដ៏​មាន​ប្រជាប្រិយ​នេះ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​បទ​ចម្រៀង​កុមារ​ដ៏​មាន​ប្រជាប្រិយ​«​ស្អាត​ជា​និច្ច​» ជា​ទូទៅ​ស្គាល់​បទ​នេះ តែ​មិន​ស្គាល់​អ្នកនិពន្ធ​ទេ ។ អ្នកនិពន្ធ​បទ​នេះ គឺ​លោក ​សុខ គ្រ​វ៉ារ ។ លោក…

រាជធានី​ភ្នំពេញ​៖​បទ​ចម្រៀង​កុមារ​ដ៏​មាន​ប្រជាប្រិយ​«​ស្អាត​ជា​និច្ច​» ជា​ទូទៅ​ស្គាល់​បទ​នេះ តែ​មិន​ស្គាល់​អ្នកនិពន្ធ​ទេ ។ អ្នកនិពន្ធ​បទ​នេះ គឺ​លោក ​សុខ គ្រ​វ៉ារ ។

លោក ​សុខ គ្រ​វ៉ារ នៅ​រស់រាន​មានជីវិត​នៅឡើយ ។ បច្ចុប្បន្ន​លោក​បើក​សាលា​«​តន្ត្រី​សុខ គ្រ​វារ​»​បណ្តុះបណ្តាល​ផ្នែក​តន្ត្រី ។ កន្លង​មក​លោក​បណ្តុះបណ្តាល​តន្ត្រីករ​រលក​ក្រោយ​បានជា​ច្រើន​នាក់ ក្នុង​នោះ​ក៏​មាន​អ្នក​ល្បីឈ្មោះ​ច្រើន​ដែរ ។

លោក ​សុខ គ្រ​វ៉ារ បើក​សាលាបង្រៀន​តន្ត្រី​នៅ​ក្បែរ​វិទ្យាល័យ​វត្ត​ភ្នំ ជា​ផ្ទះ​សាមញ្ញ​មិនសូវ​តុបតែង​អ្វី​ច្រើន​ទេ ប៉ុន្តែ​មាន​អ្នកចម្រៀង​និង​តន្ត្រីករ​ចេញពី​ទី​នេះ​ច្រើន ក្នុង​នោះ​មាន​ទាំង​លោក​សា​ពូន មី​ដា​ដា ផង ។

លោក ​សុខ គ្រ​វារ ចូល​ដល់​វ័យ​៦៨​ឆ្នាំ រាង​កាយ​ចុះ​ខ្សោយ​បន្តិច​ទៅ​តាម​វ័យ តែ​ឆន្ទៈ​វិញ​នៅ​តែ​រឹង​មាំ​ក្នុង​ការ​បំពេញ​កិច្ច​ជា​គ្រូបង្រៀន​ភ្លេង​ដល់​សិស្ស ។ លោក​នៅ​តែ​ព្យាយាម​និ​ព​ន្ឋ​ចម្រៀង​បែប​អប់រំ​សម្រាប់​កុមារ​បន្ត​ទៀត​ ។

នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​សុខ គ្រ​វ៉ារ ឲ្យ​ដឹង​ថា​គាត់​បាន​ចូល​និវត្តន៍​ឆ្នាំ​២០១១ ។ លុះ​៤​ឆ្នាំ​ចុង​ក្រោយ​គាត់​បាន​ធ្វើ​ជាទី​ប្រឹក្សា​នៃ​ក្រសួង​ព័ត៌មាន​ទទួល​បន្ទុក​ខាង​និ​ព​ន្ឋ​បទ​ភ្លេង​ទំនុកច្រៀង​សម្រាប់​អប់រំ​កុមារ​ក្នុង​ពេល​ធ្វើ​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ប្រចាំឆ្នាំ ក្រោម​ការ​រៀ​ចំ​ដោយ​ក្រសួង​ព័ត៌មាន ។ លោក​ពេញចិត្ត​ចំពោះ​ការ​តែង​និ​ព​ន្ឋ​ទំនុកច្រៀង​ជូន​ដល់​កុមារ​សម័យនេះ​ដើម្បី​ឲ្យ ក្មេង​ៗ​ដើរ​លើ​ផ្លូវត្រូវ ។

គាត់​មិន​បង្ហាត់​ចម្រៀង​សម័យ​ទំនើប​ទេ​ព្រោះ​ស្រឡាញ់ និង​ចូល​ចិត្ត​ចម្រៀង​បែប​មរតក​ដើម ពិសេស​បង្ហាត់​តែ​ចម្រៀង​អ្នកស្រី​ រស់ សេរី​សុ​ទ្ឋា លោក ​សុី​ន សុី​សា​មុត និង​អ្នកស្រី ​ប៉ែន រ៉​ន ។ គាត់​ជា​អតីត​អ្នក​វាយ​ស្គរ​ក្នុង​ក្រុម​ចម្រៀង​លោក​សុី​ន សុី​សា​មុត នៅ​អំឡុង​ទស​វត្ស​៦០ ។

អ្នក​ចង់​រៀន​ភ្លេង​ច្រៀង​បទ​មរតក​ដើម​អាច​ហាត់​ជាមួយ​លោកគ្រូ ​សុខ គ្រ​វ៉ារ ចាប់ពី​ម៉ោង​៥​កន្លះ​ដល់​៦​កន្លះ​យប់​រៀងរាល់ថ្ងៃ ។ តែបើ​ចង់​រៀន​បទ​សម័យ​ទំនើប​រៀន​ជាមួយ​កូនប្រុស​របស់​លោក ឈ្មោះ​ប​ញ្ញោ​រ និង​លោក​បញ្ញា ។

លោក​សុខ គ្រ​វ៉ារ ធ្វើ​ជា​តន្ត្រីករ​តាំងពី​ឆ្នាំ​១៩៦៦​ក្នុង​ក្រុម​តន្ត្រី​ព្យុហយាត្រា​ដោយ​រៀន​នៅ​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី ហើយ​ក្រុម​ភ្លេង​នោះ​ជា​ក្រុម​ភ្លេង​ធំ​សម្រាប់​ដង្ហែ​ព្រះមហាក្សត្រ ។ លុះ​ចុងឆ្នាំ​១៩៦៧​ដើមឆ្នាំ​១៩៦៨​លោក​ក្រ​វ៉ារ​បាន​ថត​បទ​ចម្រៀង​មួយ​ចំនួន​ជាមួយ​លោក​សុី​ន សុី​សា​មុត ដោយ​លោក​ជា​អ្នកលេង​ភ្លេង​ដូច​ជា​បទ​«​ក្រពើ​ក្នុង​ទឹក​» «​ស្រី​តូច​ទ្រមែ​» ភាគច្រើន​ជា​បទ​ប្រជាប្រិយ​ស្នាដៃ​និ​ព​ន្ឋ​របស់​លោក ​ម៉ៅ វី​ណា ។

ក្រោយមក​លោក​សុខ គ្រ​វ៉ារ បាន​និ​ព​ន្ឋ​ចម្រៀង​២​បទ​ឲ្យ​លោក​ សុី​ន សុី​សា​មុត ច្រៀង​ជាមួយ​អ្នកស្រី​ប៉ែន រ៉​ន គឺ​បទ​«​បើ​នាង​នៅ​ទំនេរ​»​ចង្វាក់​ហ្សែ​ក និង​បទ​«​កុំ​ជោះ​អូន​ខ្លាំង​ពេក​»​ចង្វាក់​សា​រ៉ា​វ៉ា​ន់ ។ ទាំង​បទ​២​នេះ​ថត​រួចរាល់​នៅ​ស្ទូឌីយូ​វណ្ណ ច័ន្ទ តែ​ស្រុក​ទេស​កើតសង្គ្រាម​ក៏​ខក​ខានមិនបាន​ចេញផ្សាយ ។ «​ខ្ញុំ​នៅ​តែ​ចាំ​ចង្វាក់ ហើយ​ចាំ​មើល​ថា​អាច​មាន​អ្នក​ជំនាន់​ក្រោយ​ស្រាវជ្រាវ​ឃើញ ព្រោះ​មាន​បទ​ពី​ដើម ប្លែក​ៗ​ចេញ​មក​ច្រើន ។ ខ្ញុំ​ក៏​ចង់​ថត​ឡើង​វិញ​បទ​ទាំង​២​នេះ ។ រឿង​ដែល​សំខាន់​ខ្ញុំ​បាន​ចងក្រង​ចម្រៀង​ចាស់​របស់​លោក​ សុី​ន សុី​សា​មុត ទុក​បាន​ប្រមាណ​៧០០​បទ​ដើម្បី​ឲ្យ​រលក​ក្រោយ​ស្គាល់​មរតក​ដើម ។ លើស​ពី​នេះ​បាន​ចងក្រង​ជា​សៀវភៅ​បាន​៤​ភាគ​ដើម្បី​ឲ្យ​សិល្បករ​យើង​យក​ទៅ​សរសេរ​ប្រើប្រាស់​ឲ្យ​ត្រឹមត្រូវ​ថត​ចេញពី​សុី​ឌី​រក្សា​ភាព​ដើម​ទោះបី​មិន​បាន​ត្រឹម​ក៏​អាច​ប្រើ​ការ​បាន​ឲ្យ​ដឹង​ថា​បទ​នេះ​របស់​លោក​សា​មុត បទ​នោះ​បទ​លោកហាស់ សាឡ​ន ឬ​លោក​វ៉ោ​យ ហូរ »​។

លោក​សុខ គ្រ​វ៉ារ រំឭក​ថា​«​ចំពោះ​បទ​«​ស្អាត​ជា​និច្ច​»​បាន​ថត​នៅ​ឆ្នាំ​១៩៨២​ក្នុង​វិទ្យុជាតិ ពេល​នោះ​និ​ព​ន្ឋ​បាន​ច្រើន តែ​ថត​បាន​តែ​៥​បទ​ប៉ុណ្ណោះ​ដោយ​សាលា​បឋម​សិក្សា​កុលាប ដោយ​អ្នក​ប្រគំ​ក្រុម​តន្ត្រី​វិទ្យុជាតិ ។ បទ​កុមារ​ដែល​និ​ព​ន្ឋ​ជំនាន់​នោះ​មាន​បទ​«​ពលកម្ម​កុមារ​» «​កុមារ​ត្រូវ​ដឹងគុណ​រណសិរ្ស​សាមគ្គី​»​ជាដើម »​។

លោក​សុខ គ្រ​វ៉ារ តាំង​ជំហរ​បន្តជីវិត​ជាមួយ​សិល្បៈ​តន្ត្រី​រហូត​ដង្ហើម​ចុង​ក្រោយ ។ លោក​ក៏​រីករាយ​ដែល​បាន​បណ្តុះបណ្តាល​កូនប្រុស​ស្រី​ឲ្យ​មាន​ជំនាញ​តន្ត្រី និង​ក្លាយជា​គ្រូភ្លេង​ដូច​រូប​លោក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ