ព្រះសម្បសាទិកត្ថេរដ៏មានអាយុ លោកបានបន្លឺនូវគាថាយ៉ាងនេះថា បពិត្រព្រះពុទ្ធដ៏ចម្រើន ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ខ្ញុំព្រះអង្គដល់ហើយនូវសេចក្តីវិនាស សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ។
ព្រះពុទ្ធទ្រង់មិនមានបុគ្គលណាមួយប្រៀបផ្ទឹមបានឡើយ ទ្រង់សម្តែងប្រាប់ខ្ញុំថា ព្រះសង្ឃសើ្មដោយមហាសមុទ្រ ប្រសើរបំផុតប្រមាណមិនបាន ចូរអ្នកញ៉ាំងចិត្តឲ្យជ្រះថ្លា ទាំងបណ្តុះនូវពូជដ៏ល្អ ក្នុងព្រះសង្ឃដែលទុកជាស្រែបុណ្យប្រគល់ផលឥតមានទីបំផុតចុះ ។
ព្រះសព្វញ្ញូជាបុគ្គលឆ្នើមក្នុងលោក ព្រះអង្គប្រសើរជាងពួកនរៈក្នុងសកលទ្វីប លុះទ្រង់ប្រៀនប្រដៅខ្ញុំយ៉ាងនេះហើយ ក៏ស្តេចហោះឡើងទៅឯផ្ទៃអាកាស ។ ពេលស្តេចពុទ្ធដំណើរទៅហើយ មិនយូរប៉ុន្មាន ខ្ញុំក៏ដល់នូវមរណៈ ហើយបានទៅកើតក្នុងឋានសួគ៌បរិបូណ៌ដោយភោគសម្បត្តិ ។
ព្រោះហេតុតែខ្ញុំមានសេចក្តីជ្រះថ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិភពឡើយ នេះជាផលនៃសេចក្តីជ្រះថ្លា ដែលខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ក៏ខ្ញុំបានប្រតិបត្តិហើយដែរ ។
ចែករំលែកព័តមាននេះ