ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ម្នាក់​បាន​ប្តឹង​ទៅ​មន្ទីរ​ការងារ ក្រោយ​ប្រធាន​មន្ទីរពេទ្យ​សម្រេច​ផ្អាក​ការងារ​របស់​ខ្លួន

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គ្រូពេទ្យ​ម្នាក់​ដែល​បាន​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ ស៊ុន​យ៉ា​ឃៀ​ល ស្ថិត​នៅ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ដែល​មាន​តំណែង​ជា​ប្រធាន​ផ្នែក​កុមារ និង​ប្រតិភូ​បុគ្គលិក​ត្រូវ​បាន​ប្រធាន​មន្ទីរពេទ្យ​សម្រេច​ព្យួរការងារ ហើយ​បាន​បណ្តេញ​ចេញពី​បរិវេណ​មន្ទីរពេទ្យ​ទាំង​បង្ខំ…

ខេត្តកំពត ៖ គ្រូពេទ្យ​ម្នាក់​ដែល​បាន​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ ស៊ុន​យ៉ា​ឃៀ​ល ស្ថិត​នៅ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ដែល​មាន​តំណែង​ជា​ប្រធាន​ផ្នែក​កុមារ និង​ប្រតិភូ​បុគ្គលិក​ត្រូវ​បាន​ប្រធាន​មន្ទីរពេទ្យ​សម្រេច​ព្យួរការងារ ហើយ​បាន​បណ្តេញ​ចេញពី​បរិវេណ​មន្ទីរពេទ្យ​ទាំង​បង្ខំ ដោយ​ចោទ​ថា បាន​ធ្វើ​ខុស​លក្ខខណ្ឌ​នៃ​ច្បាប់​ការងារ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។

ទាក់ទង​នឹង​ការ​ផ្អាក​ការងារ និង​ការ​បណ្តេញចេញ​ទាំង​បង្ខំ​បែប​នេះ​លោក​វេជ្ជបណ្ឌិត លុយ លី​ដា ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​មន្ទីរពេទ្យ​បាន​បដិសេធ​មិន​ទទួលយក​ការ​ដាក់​កំហុស​នេះ ហើយ​លោក​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ដោយ​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ទីរ​ពាក់ព័ន្ធ (​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​) ។
តាម​រយៈ​លិខិត​សុំ​អន្តរាគមន៍​របស់​លោក​វេជ្ជបណ្ឌិត លុយ លី​ដា ដែល​ស្នើរ​ទៅ​កាន់​មន្ទី​ការងារ​ខេត្តកំពត​បាន​រៀបរាប់​ខ្លឹមសារ​ថា លោក​មិន​អាច​ទទួលយក​បាន​ទេ ដោយ​មន្ទីរពេទ្យ​ពុំ​បាន​ប្រាប់​ពី​ហេតុផល​ច្បាស់លាស់​ដែល​នាំ​អោយ​មានការ​បញ្ឈប់​រូប​លោក ឬ​ព្យួរ​ឈ្មោះ​លោក​ផ្អាក​ពី​ការងារ ។ លោក​វេជ្ជបណ្ឌិត​ត្រូវ​បាន​មន្ទីរពេទ្យ​ចេញ​លិខិត​ផ្អាក​ការងារ និង​តម្រូវ​អោយ​លោក​ប្រគល់​សោ​ការិយាល័យ និង​ប្រមូល​សម្ភារៈ​អោយ​អស់ និង​ចាក​ចេញពី​បរិវេណ​មន្ទីរពេទ្យ​ជា​បន្ទាន់ ក្នុង​រយៈពេល​មួយ​ម៉ោង បើ​ពុំ​ដូច្នេះ​ទេ ខាង​មន្ទីរពេទ្យ​នឹង​ប្តឹង​នគរបាល​អោយ​ចាប់ខ្លួន​តែ​ម្តង ។

ក្រោយ​ការ​បណ្តេញ​បុគ្គលិក​ចេញពី​ការងារ​បែប​នេះ គេ​សង្កេត​ឃើញ​ថា មន្ទីរពេទ្យ​ខាងលើ​បាន​ហៅ​កម្លាំង​កងរាជអាវុធហត្ថ​មួយ​ក្រុម​មក​បរិវេណ​មន្ទីរពេទ្យ​ថែម​ទៀត ។ ដែល​ជា​រឿង​មួយ​ធ្វើ​អោយ​លោកគ្រូ​ពេទ្យ​ដែល​ត្រូវ​គេ​បណ្តេញចេញ រៀបរាប់​ថា ខ្លួន​បាន​រង​ការ​អាម៉ាស​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ដូច​គ្នា និង​ពី​មហាជន​ដែល​ឃើញ​មន្ទីរពេទ្យ​ធ្វើ​សកម្មភាព​មក​លើ​រូប​លោក​ដូច្នេះ ។

ទាក់ទង និង​ការ​រឿង​បណ្តេញ​គ្រូពេទ្យ​ចេញពី​ការងារ​ដោយ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​នេះ អ្នក​សារព័ត៌មាន​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោកស្រី ខូ រេ​ន​ហា​ន័​រ ប្រធាន​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល​បាន​នោះ​ទេ​ក៏​ប៉ុន្តែ លោក គី​ន ស៊ូ នាយក​បច្ចេកទេស និង​ជា​សមាជិក​ជាន់ខ្ពស់​តំណាង​ឲ្យ​មន្ទីរពេទ្យ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌​ថា លោក​សុំ​បដិសេធ​មិន​អធិប្បាយ​អ្វី​ទាំងអស់ ជុំវិញ​បញ្ហា​នេះ ។ ហើយ​លោក​បាន​បង្វែរ​រាល់​សំនួរ​ទាំងអស់​អោយ​សួរ​ទៅ​កាន់​មេធាវី​វិញ ។

លោក ហំ ភា ដែល​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ នេះ​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ផ្អាក​ការងារ​លោកគ្រូ​ពេទ្យ​ខាងលើ គឺ​ដោយសារ​តែ​លោកគ្រូ​ពេទ្យ​នោះ​បាន​ធ្វើ​ខុស​លក្ខខណ្ឌ​នៃ​ច្បាប់​ការងារ​យ៉ាងធ្ងន់ធ្ងរ ក៏​ប៉ុន្តែ​កំហុស​ទាំងនោះ គឺជា​អ្វី លោក​មេធាវី​ពុំ​បាន​ប្រាប់​អ្នកកាសែត​ឡើយ ។ លោក​គ្រាន់តែ​បញ្ជាក់​ថា អ្វី​ៗ​ក៏​ដោយ​ទុក​អោយ​អធិការ​ការងារ​ជា​អ្នក​សម្រេច ។ ទាក់ទង​នឹង​វិវាទ​ការងារ​រវាង​បុគ្គលិក និង​មន្ទីរពេទ្យ​នេះ លោក អ៊ឹ​ង ប៉ូ​ហេង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពត​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា មន្ទីរ​ជំនាញ​នឹង​ហៅ​ភាគី​ទាំង​សងខាង​មក​ជួប​ពិភាក្សា​គ្នា ដើម្បី​សម្របសម្រួល លោក​ថា ពេល​នេះ​ឋិត​ក្នុង​ការ​ស៊ើប​អ​ង្គេ​ត និង​ស្រាវជ្រាវ​រក​មូលហេតុ​ពុំ​ទាន់​អាច​កំណត់​បាន​ថា ការ​ផ្អាក​ការងារ​របស់​លោក គ្រូពេទ្យ​ខាងលើ​នេះ ខាង​មន្ទីរពេទ្យ​បាន​ធ្វើ​ត្រូវ ឬ​ខុស​តាម​ច្បាប់​យ៉ាងណា​នោះ​ទេ ហើយ​ចំពោះ​រឿង​ហៅ​កងកម្លាំង​ទៅ​មន្ទីរពេទ្យ ខាង​មន្ទីរ​ការងារ​ពុំ​បានដឹង​ឡើយ ។

គួ​រំលឹក​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​ធ្លាប់​មាន​បណ្តឹង​ជា​ច្រើន​ទៅ​កាន់​មន្ទីរ​ការងារ​អំពី​រឿង​មន្ទីរពេទ្យ​បង្ខំ​អោយ​បុគ្គលិក​ធ្វើការ​លើស​ម៉ោង​កំណត់ ហើយ​ក៏​ធ្លាប់​មានឈ្មោះ​លោកគ្រូ​ពេទ្យ​ខាងលើ​នេះ​ធ្លាប់​ចូលរួម​តវ៉ា​ជាមួយ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ