ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ច្រើន​ក្នុង​លំដាប់​ទី​២​ទៅ​កាន់​ប្រទេស​បារាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ច្រើន​ក្នុង​លំដាប់​ទី​២​ទៅ​កាន់​ប្រទេស​បារាំង​ស្មើ​ប្រមាណ​ជិត​៨​ម៉ឺន​តោន ។ នេះ​បើ​តាម​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ។ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ Sylvain WASSERMAN…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ច្រើន​ក្នុង​លំដាប់​ទី​២​ទៅ​កាន់​ប្រទេស​បារាំង​ស្មើ​ប្រមាណ​ជិត​៨​ម៉ឺន​តោន ។ នេះ​បើ​តាម​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ Sylvain WASSERMAN អនុប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​បារាំង ខណៈ​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​កត់សម្គាល់​ឃើញ​ថា ទំនាក់ទំនង​ការទូត​កម្ពុជា​-​បារាំង បាន​កើតឡើង​តាំងពី​ឆ្នាំ​១៩៥២ ។ សម្តេច​បន្ត​ថា បារាំង​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​សំខាន់​មួយ​ដល់​កម្ពុជា​ពិសេស​បារាំង​បាន​ដើរតួ​នាទី​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ស្វែងរក​សន្តិភាព​ឲ្យ​កម្ពុជា​រហូត​បង្កើត​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ ។

សម្តេច​បាន​គូសបញ្ជាក់​ថា «​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​-​បារាំង​បាន​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​ក្នុង​ក្រប​ខណ្ឌ​នីតិប្រតិបត្តិ និង​នីតិប្បញ្ញតិ ។ ក្នុង​ជំនួប​នោះ​ដែរ​លោក​ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ បាន​គូសបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ឱកាស​នេះ ក្នុង​គោលបំណង​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា​ជាមួយ​កម្ពុជា ។ លោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា – បារាំង ។ ជា​ចំណងមិត្តភាព​ជិត​ស្និទ្ធ​ជឿជាក់ និង​បើកចំហ ។

តាម​រយៈ​ចំណងមិត្តភាព​ដ៏​ល្អ​នេះ​បាន​ជំរុញ​ឲ្យ​មាន​គម្រោង និង​ជំនួយ​ជា​ច្រើន​របស់​បារាំង​មក​កាន់​កម្ពុជា ។ លោក​អនុប្រធាន​រដ្ឋសភា​បារាំង​បាន​វាយតម្លៃ​ខ្ពស់​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ ។ នៅ​កម្ពុជា​មាន​ពលរដ្ឋ និង​មន្ត្រីរាជការ​ជា​ច្រើន​នៅ​តែ​ប្រើប្រាស់​ភាសា​បារាំង ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ហេង សំ​រិ​ន បាន​លើក​ឡើង​ផង​ដែរ​ពី​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​សភា​ប្រទេស​ទាំង​ពីរ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ។

ចំណែក​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​វិញ​សម្តេច​បាន​លើក​ឡើង​ថា មានការ​រីក​ចម្រើន​ជា​លំដាប់​ពោល គឺ​ទំហំ​ទឹកប្រាក់​វិនិយោគ​បាន​កើន​ដល់​ជាង​១​ពាន់​លាន​ដុល្លារ ។ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ច្រើន​ក្នុង​លំដាប់​ទី​២ ទៅ​កាន់​ប្រទេស​បារាំង គឺ​ប្រមាណ​ជិត​៨​ម៉ឺន​តោន ។ សម្តេច​ប្រធានរដ្ឋសភា​បាន​ផ្តាំផ្ញើ​ដល់​អនុប្រធាន​រដ្ឋសភា​ប្រទេស​បារាំង​ជួយ​គាំទ្រ និង​ជំរុញ​អ្នក​វិនិយោគ​អ្នកទេសចរ​បារាំង​មក​វិនិយោគ និង​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន បន្ថែម​ទៀត ។

តាម​រយៈ​ប្រធាន​គណៈប្រតិភូ​សម្តេច​បាន​គោរព​អញ្ជើញលោក​ប្រធានរដ្ឋសភា​បារាំង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​តាម​ពេលវេលា​សម​ស្រប​ណាមួយ​នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ