ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​សប្បាយ​នឹង​ប្រមូល​ផល​លក់​ឲ្យ​ឈ្មួញ​ខណៈ​តម្លៃ​ពោត​នៅឡើងថ្លៃ​គួរសម

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​ដាំពោត​ក្រហម កំពុង​តែ​សប្បាយ​នឹង​ប្រមូល​ផល​លក់​ឲ្យ​ឈ្មួញ​ខណៈ​តម្លៃ​ពោត​នៅ​ចុងឆ្នាំ​នេះ​ឡើងថ្លៃ​គួរសម និង​មាន​ទីផ្សារ​ល្អ​ថែម​ទៀត ។ បើ​តាម​លោក ញឹ​ម សុ​ខន នៅ​ភូមិ​អូរ​រអិល…

ខេត្ត​ប៉ៃលិន ៖ កសិករ​ដាំពោត​ក្រហម កំពុង​តែ​សប្បាយ​នឹង​ប្រមូល​ផល​លក់​ឲ្យ​ឈ្មួញ​ខណៈ​តម្លៃ​ពោត​នៅ​ចុងឆ្នាំ​នេះ​ឡើងថ្លៃ​គួរសម និង​មាន​ទីផ្សារ​ល្អ​ថែម​ទៀត ។

បើ​តាម​លោក ញឹ​ម សុ​ខន នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​លោក​បាន​ដាំពោត​ក្រហម​ចំនួន​ជាង​២​ហិ​កតា ដែល​កំពុង​ផ្ដល់​ទិន្នផល​ខ្ពស់ ដោយ​ផ្លែ​ពោត​ធំ​ល្អ​ៗ ។ លោក​បន្ដ​ថា ៖« នៅ​ចុងឆ្នាំ​នេះ តម្លៃ​ពោតក្រហម​ដែល​ឈ្មួញ​ដើរ​ទិញ​ដល់​ចម្ការ ក្នុង​១​គីឡូក្រាម​៤,៧​ទៅ​៤,៨​បាតប្រាក់​ថៃ ឬ​ស្មើ​ប្រហែល​៥០០​រៀល សម្រាប់​ពោត​ទាំង​ស្នូល ហើយ​បើ​ដឹក​ដល់​ស្តង់​តែ​ម្តង គឺ​១​គីឡូក្រាម ថ្លៃ​៥​បាត គឺ​ជាង​៥០០​រៀល​ឯណោះ ដែល​តម្លៃ​នេះ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ »​។

លោក ញឹ​ម សុ​ខន កត់​សម្គាល់ថា នៅ​ឆ្នាំ​នេះ តម្លៃ​កសិផល​ខ្មែរ​នៅ​លើ​ទីផ្សារ​ហាក់​រក្សា​បាន​តម្លៃ​ខ្ពស់ និង​ថេរ​គួរសម ដែល​ធ្វើ​ឲ្យ​កសិករ​សប្បាយ​រីករាយ​នឹង​បង្កបង្កើន​ផល​គ្រប់​គ្នា ។ ជាក់ស្ដែង ដំណាំ​ពោតក្រហម និង​ដំឡូង​មី​មានការ​ឡើងថ្លៃ ហើយ​ម្ចាស់​ចម្ការ ក៏​បាន​ដំឡើង​ថ្លៃ​ឈ្នួល​ដល់​កម្មករ​ផង​ដែរ ព្រោះ​ពិបាក​រក​កម្លាំង​ឱ្យ​ចូល​ទៅ​ប្រមូល​កសិផល​ក្នុង​ចម្ការ​របស់​ខ្លួន ដោយសារ​តែ​ពួក​គេ​ភាគច្រើន ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ជាដើម ។

លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ​ខេត្ត​ប៉ៃលិន បាន​ដាំ​ដុះ​ពោតក្រហម​ប្រមាណ​៩.៥០០​ហិ​កតា និង​បាន​ចាប់ផ្ដើម​ប្រមូល​ផល​ជា​បន្ដបន្ទាប់ ក្នុង​នោះ​មាន​ស្តង់ និង​ទីលាន​ហាល​ពោត ដែល​ទទួល​ទិញ​កសិផល​ពី​កសិករ​ក្នុង​ខេត្ត​ចំនួន​៥៨​កន្លែង ។ លោក​បាន​លើក​ឡើង​ថា ៖« ទីផ្សារ​កសិផល​របស់​កម្ពុជា គឺ​ភាគច្រើន​នាំ​ចេញ​ទៅ​បរទេស ដូច​ជា ប្រទេស​ថៃ និង​វៀតណាម ជាដើម ។ ដូច្នេះ ទីផ្សារ​យើង គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រទេស​ជិតខាង អីចឹង​ហើយ​បានជា​យើង​ជួប​ការ​លំបាក​ខ្លះ ។ ទោះបី​យ៉ាងនេះ​ក្ដី យើង​ក៏​មិន​នៅ​ស្ងៀម​ដែរ ជាក់ស្ដែង យើង​កំពុង​ស្វែងរក​ដំណោះស្រាយ​ទីផ្សារ​ពោតក្រហម​ជូន​បងប្អូន ហើយ​ជា​ដំណោះស្រាយ​បឋម តំណាង​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ ស៊ី​ភី នៅ​ខេត្ត​ប៉ៃលិន បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​-​លក់​គ្រាប់​ពោតក្រហម ជាមួយ​សមាគម​ទិញ​-​លក់​កសិផល​ក្នុង​ខេត្ត ចំនួន​៨​ពាន់​តោន​ក្នុង​រយៈពេល​១០​ថ្ងៃ ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ ដើម្បី​ធ្វើ​ជា​វត្ថុធាតុដើម​ផលិត​ចំណី​ជ្រូក មាន់ ទា និង​បាន​ចូលរួម​កាត់​បន្ថយ​ទុក្ខ​លំបាក​របស់​បងប្អូន » ។

ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល គឺ​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​នៅ​កម្ពុជា ពោល​គឺ​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ពី​កសិកម្ម​តាម​បែប​ប្រពៃណី ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ដែល​ផ្តោត​ទៅ​លើ​ការ​ប្រើប្រាស់​បច្ចេកទេស បច្ចេកវិទ្យា​ថ្មី​ព្រមទាំង​ការ​បង្កើន​សមត្ថភាព ដើម្បី​លើកកម្ពស់​ផលិតភាព​ទៅ​លើ​ដំណាំ​ច្រើន​មុខ រួម​ទាំង​ការ​ចិញ្ចឹមសត្វ និង​ការ​គិតគូរ​ផង​ដែរ ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ធានា​ជីវភាព បរិស្ថាន និង​ធនធានធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ