ពិតជាសប្បាយនឹងការទទួលយកផលដំណាំនេះណាស់


ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សា​រលើ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ដែល​ប្រកប​មុខរបរ​ដាំ​ដំណាំ​ស្ពៃ មាន​សេចក្តី​រីករាយ​សប្បាយចិត្ត​ព្រោះថា ស្ពៃ​របស់​គាត់​បាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​កន្លង​ទៅ​ដល់​ទៅ​ជាង​ពាក់កណ្ដាល​ឯណោះ ជាង​នេះ​ទៅ​ទៀត​ពួក​គាត់​មាន​មោទនភាព​ដោយសារ ក្នុងឆ្នាំនេះ អំណោយផល​ទឹកទន្លេ​ឡើង​ធំ​នាំ​មក​ជីវជាតិ​ធ្វើ​អោយ​ស្ពៃ​របស់​គាត់​បាន​ទិន្នផល​ល្អ​ខ្ពស់ ។

អ៊ុំ​ស្រី​ម្នាក់​បាន​និយាយ​អោយ​ដឹង​ថា គាត់​ប្រកប​មុខរបរ​ដាំ​ដំណាំ​នៅ​ក្បែ​ផ្ទះ​នេះ​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដំណាំ​ដែល​គាត់​ដាំ គឺ​ដំណាំ​វិល​ល្ងាច​មាន​ន័យ​ថា ឆាប់​ទទួលផល និង​ដាំ​បន្ត​ទៀត​ដូច​ស្ពៃ ខាត់ណា សាលាដ ខាត់ណា​ក្តោប និង​ត្រកួន​ជាដើម ។ ប៉ុន្តែ​ឆ្នាំ​នេះ​ផ្ទះ​ណា​ក៏​ងាក​មក​ដាំ​ស្ពៃ​ខ្មៅ​នេះ​ដែរ ព្រោះ​មាន​ម៉ូយ​ចាំ​ទិញ​ដល់​ផ្ទះ​មិន​លំបាក​ទេ ។ អ៊ុំ​ស្រី​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ស្ពៃក្រញាញ់​របស់​គាត់​លក់​បាន​ថ្លៃ ២០០០​រៀល ក្នុង​មួយ​គីឡូក្រាម គឺ​ថ្លៃ​ជាង​ឆ្នាំ​កន្លង​ទៅ ។

ចំណែកឯ​ក្មួយ​ស្រី​ម្នាក់​ទៀត​ក៏​បាន​និយាយ​ដូច​គ្នា​ដែល​ថា ស្ពៃ​របស់​គាត់​ឆ្នាំ​នេះ​បាន​ទិន្នផល​ខ្ពស់ ដោយ​មិនសូវ​ប្រើ​ជី ឬ​បាញ់ថ្នាំ​ប៉ុន្មាន​ទេ ព្រោះ​ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​ធំ ធ្វើ​ឲ្យ​ស្ពៃ​របស់​គាត់​លូតលាស់​ល្អ​មាន​គុម្ព​ធំ​ៗ និង​មាន​ទម្ងន់​ធ្ងន់ ។ ឆ្នាំ​នេះ​ស្ពៃ​បាន​ថ្លៃ​ក្នុង​១​គីឡូក្រាម​តម្លៃ​២​ពាន់​រៀល​ខុស​ឆ្នាំ​កន្លង​ទៅ ត្រឹមតែ​១​ពាន់​រៀល ឬ​១​ពាន់​២​រយ​រៀល​តែ​ប៉ុណ្ណោះ ។ គាត់​មាន​សេចក្តី​រីករាយ​សប្បាយ​ជា​ខ្លាំង ដោយសារ​តែ​ឆ្នាំ​នេះ​ស្ពៃ​របស់​គាត់​បាន​ផល​ល្អ ហើយ​លក់​បាន​ថ្លៃ​ទៀត ។

ដោយឡែក​បងស្រី​ម្នាក់​ទៀត​ក៏​បាន​និយាយ​ដែរ​ថា ស្ពៃ​របស់​គាត់​ទើបតែ​កាត់​លក់​អស់​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ទម្ងន់​១​ពាន់​គីឡូក្រាម លក់​បាន​២​លាន​រៀល ។ ដី​គាត់​មាន​ទំហំ​ប្រមាណ​២០​ម៉ែត្រ​៤​ជ្រុង ប៉ុណ្ណោះ ពេល​នេះ​គាត់​ចាប់ផ្តើម​ភ្ជួរ​រាស់​ដី​សា​ជា​ថ្មី​ឡើង​វិញ ត្រៀម​ដាំ​ស្ពៃក្រញាញ់​ជា​លើក​ទី​២ ។ គាត់​បាន​បញ្ជាក់​ថា ក្នុង​មួយ​រដូវ​គាត់​ដាំ​ស្ពៃ​នៅ​លើ​ដី​មួយ​កន្លែង​នេះ បាន​រហូត​ដល់​ទៅ​ដល់​៣​ដង ចំណែក​ការ​ដាំ​លើក​ក្រោយ គឺ​គាត់​ដាំ​ខាត់ណា​វិញ ព្រោះ​ដើម្បី​អោយទាន់​បុណ្យចូលឆ្នាំ​ចិន ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សា​រលើ​នៅ​ផ្នែក​ខាងក្រោម​ថ្នល់ គឺ​សម្បូរ​ដោយ​អ្នក​ប្រកប​មុខរបរ​ធ្វើ​ចម្ការ គឺ​ដាំ​ដំណាំ​ស្ពៃ​គ្រប់​ប្រភេទ នៅ​ពេល​ទឹកទន្លេ​ស្រក​បាន​ស្រក​ចុះ ។ ដំណាំ​របស់​ពួក​គាត់​មិន​ពិបាក​រក​ទីផ្សារ​ទេ ព្រោះ​មាន​ម៉ូយ​មក​ពី​រាជធានី​ភ្នំពេញ​មក​ទិញ​ដល់​ផ្ទះ​គ្រាន់តែ​តម្លៃ​ឡើង​ចុះ​តាម​ទីផ្សារ​សំបូរ ឬ​អត់​តែ​ប៉ុណ្ណោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ