ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​និព្វាន​មាន​និយាយ​តែ​ក្នុង​ទ្រឹស្តី​ពុទ្ធសាសនា

5 ឆ្នាំ មុន

បើ​និយាយ​ពី​ពាក្យប្រៀប​ប្រដៅ​ក្នុង​ផ្លូវ​ព្រះ​និព្វាន​នោះ គឺ​មាន​ចំពោះតែ​ពុទ្ធសាសនា​មួយ​ប៉ុណ្ណោះ មិន​មាន​ក្នុង​សាសនា​របស់​គ្រូ​ដទៃ​ឡើយ ។ គ្រូ​ឯទៀត​ៗ​គេ​ប្រដៅ​សាវក​យ៉ាង​ខ្ពស់​បំផុត​ត្រឹម​ឋានសួគ៌ និង​ព្រហ្មលោក​។ បើ​និយាយ​តាម​ពិត ព្រះ​និព្វាន​មាននៅ​ជា​ធម្មតា តែ​មិនមែន​ជា​វិស័យ​របស់​បុគ្គល​ជា​ពា​ហិ​រ​សាស្ដា​ដឹង​បាន​, ព្រោះ​ព្រះ​និព្វាន​ធម៌​នេះ…

បើ​និយាយ​ពី​ពាក្យប្រៀប​ប្រដៅ​ក្នុង​ផ្លូវ​ព្រះ​និព្វាន​នោះ គឺ​មាន​ចំពោះតែ​ពុទ្ធសាសនា​មួយ​ប៉ុណ្ណោះ មិន​មាន​ក្នុង​សាសនា​របស់​គ្រូ​ដទៃ​ឡើយ ។ គ្រូ​ឯទៀត​ៗ​គេ​ប្រដៅ​សាវក​យ៉ាង​ខ្ពស់​បំផុត​ត្រឹម​ឋានសួគ៌ និង​ព្រហ្មលោក​។ បើ​និយាយ​តាម​ពិត ព្រះ​និព្វាន​មាននៅ​ជា​ធម្មតា តែ​មិនមែន​ជា​វិស័យ​របស់​បុគ្គល​ជា​ពា​ហិ​រ​សាស្ដា​ដឹង​បាន​, ព្រោះ​ព្រះ​និព្វាន​ធម៌​នេះ ជា​ធម៌​គម្ភីរភាព​ជ្រាលជ្រៅ​ពេក​, ឃើញ​បាន​ដោយ​កម្រ​, ដឹង​បាន​ដោយ​កម្រ​, ស្ងប់រម្ងាប់​, គិត​គ្នាន់គ្នេរ​យក​មក​មិន​បាន​, ល្អិត​ពេក​ដែល​បណ្ឌិត​អ្នកប្រាជ្ញ​គួរ​ដឹង​ច្បាស់ ។

ព្រះពុទ្ធ​ទាំងឡាយ​តែង​សរសើរគុណ​ព្រះ​និព្វាន​ថា ជាទី​អស់​ទៅ​នៃ​រាគៈ​, អស់​ទៅ​នៃ​ទោសៈ​, អស់​ទៅ​នៃ​មោហៈ​ដូច្នេះ​ក៏​មាន​; ថា​ជា​ស្ថាន​មិនកើត​ទៀត​, មិន​ចាស់​, មិន​ឈឺ​, មិន​ស្លាប់​ដូច្នេះ ក៏​មាន​, ថា​ជាទី​ញាំញី​នូវ​សេចក្ដី​ស្រវឹង​, បន្ទោបង់​នូវ​សេចក្ដី​ស្រេកឃ្លាន​ក្នុង​បញ្ចកាមគុណ​, បន្សាត់​បង់​នូវ​សេចក្ដី​អាល័យ​ក្នុង​បញ្ចកាមគុណ​, ជាទី​កាត់​ផ្ដាច់​នូវ​ដំណើរ​វិលវល់​ក្នុង​ភព​ទាំង ៣, ជាទី​អស់​ទៅ​នៃ​តណ្ហា​, ប្រាសចាក​តម្រេក​, រំលត់​បង់​នូវ​តណ្ហា​ដូច្នេះ​ក៏​មាន​, ថា​ជាទី​សូន្យ​ក្រៃពេក​, ជាទី​មិន​មាន​មនុស្ស​នៅ​អាស្រ័យ​, ព្រះ​និព្វាន​ក៏​ទទេ​ចាក​សត្វ​បុគ្គល​ដូច្នេះ​ក៏​មាន​, ថា​ជា​ស្ថាន​សុខ​យ៉ាង​ឆ្នើម​។

បណ្ដា​សេចក្ដីសុខ​ផ្សេង​ៗ ដែល​សត្វ​បាន​ជួប​ប្រទះ​ក្នុង​លោកសន្និវាស​នេះ ជា​សា​មិ​ស​សុខ​គឺ​សុខ​នៅ​លាយឡំ​ដោយ​ទុក្ខ មិន​បានជា​សុខ​តែ​ម្យ៉ាង​ទេ​; ចំណែក​ខាង​សុខ​ក្នុង​ព្រះ​និព្វាន​ជា​ឯកន្តសុខ គឺ​មាន​តែ​សេចក្ដីសុខ​ម្យ៉ាង ឬ​ជា​និ​រា​មិ​ស​សុខ សុខ​ប្រាសចាក​អាមិស មិន​លាយ​ដោយ​ទុក្ខ បន្តិចបន្តួច​ឡើយ ទើប​ឈ្មោះ​ថា បរមសុខ ជា​សុខ​យ៉ាង​ប្រសើរ ។ ព្រះពុទ្ធ​ទាំងឡាយ តែង​សរសើរ​នូវ​ព្រះ​និព្វាន​ដោយ​ប្រការ​ផ្សេង​ៗ​ដូច​រៀបរាប់​មកនេះ ។

ព្រោះហេតុនោះ​បានជា​កាលដែល​ព្រះ​ដ៏​មានបុណ្យ​ទើបបាន​ត្រាស់​ដឹង​ថ្មី​ៗ ព្រះ​អង្គ​ធុញទ្រាន់​ក្នុង​ហឫទ័យ មិន​ចង់​សម្ដែងធម៌​ប្រៀនប្រដៅ​សត្វ​ក្នុង​ផ្លូវ​ព្រះ​និព្វាន​ឡើយ​, តែ​ដោយសារ​ព្រះករុណា​ទិ​គុណ​មក​បណ្ដាល​ដឹកនាំ​ព្រះ​អង្គ ទើប​ទ្រង់​ទេសនា​អប់រំ​តាម​ការ​គួរ ។  (​ឱវាទបាតិមោក្ខ​)