ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នូ ស៊ឹ​ប អន់ចិត្ត​អ្នក​ថា​ធ្វើ​ពុត​ឈឺ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជា​អ្នកចម្រៀង​ដែល​ជាប់​ជ័យ​លា​ភី​នៅ​សម័យ​សាធារណរដ្ឋ​ខ្មែរ ហើយ​មាន​វាសនា​ខ្ពស់​បាន​រួច​រស់​ជីវិត​ពីរ​ណ្តៅ​មរណៈ​នៃ​របប​ប្រល័យពូជសាសន៍ លោក​នូ ស៊ឹ​ប បាន​ចាក​ចេញពី​ក្រុង​កំពង់ធំ​មក​រៀន​បន្ត​វិជ្ជាពេទ្យ​ក្នុង​គោលបំណង​ចាប់​យក​កម្រិត​វេជ្ជបណ្ឌិត ។ ប៉ុន្តែ​លុះដល់​ភ្នំពេញ ដោយសារ​តែ​មាន​និស្ស័យ​ផ្នែក​ចម្រៀង​សម័យ និង​ព្រមទៅ​ដោយ​ការ​ដែល​មាន​ទេព​កោសល្យ​ពី​កំណើត​ផង​នោះ…

រាជធានី​ភ្នំពេញ​៖ ជា​អ្នកចម្រៀង​ដែល​ជាប់​ជ័យ​លា​ភី​នៅ​សម័យ​សាធារណរដ្ឋ​ខ្មែរ ហើយ​មាន​វាសនា​ខ្ពស់​បាន​រួច​រស់​ជីវិត​ពីរ​ណ្តៅ​មរណៈ​នៃ​របប​ប្រល័យពូជសាសន៍ លោក​នូ ស៊ឹ​ប បាន​ចាក​ចេញពី​ក្រុង​កំពង់ធំ​មក​រៀន​បន្ត​វិជ្ជាពេទ្យ​ក្នុង​គោលបំណង​ចាប់​យក​កម្រិត​វេជ្ជបណ្ឌិត ។

ប៉ុន្តែ​លុះដល់​ភ្នំពេញ ដោយសារ​តែ​មាន​និស្ស័យ​ផ្នែក​ចម្រៀង​សម័យ និង​ព្រមទៅ​ដោយ​ការ​ដែល​មាន​ទេព​កោសល្យ​ពី​កំណើត​ផង​នោះ លោក​បាន​រំកិល​ខ្លួន​ចេញពី​មហិច្ឆតា​នៃ​គំនិត​ខាង​ដើម ដោយ​ស្រវា​តោង​មែកធាង​នៃ​រុក្ខា​សិល្បៈ​ចម្រៀង ដើម្បី​បម្រើ​អារម្មណ៍​នៃ​មហាជន​គ្រប់​ស្រទាប់ វណ្ណៈ​ទៅ​វិញ ។ វា​ក៏​អាច​ថា​វាសនា​រុញច្រាន​ឱ្យ​រូប​លោក​អណ្តែត តែលតោល​លើ​រលក​សមុទ្រ​សិល្បៈ​ក្នុង​ឋានៈ​ជា​សិ​ស្ប​ករ​ដ៏​សាមញ្ញ​មួយ​ប្រាថ្នា​ការ​សាទរ និង​ការ​គាំទ្រ​ពី​មហាជន ។

ស្ថិត​នៅ​ក្នុង​លំដាប់​ឈ្មោះ​ជា​សិល្បករ​ជើង​ចាស់​មួយ​រូប​ដែល​មិនសូវ​បាន​ទទួល​ភោគផល​ពី​សួន​ចម្ការ​នៃ​សិល្បៈ​ប៉ុន្មាន​នោះ ម្ល៉ោះហើយ​បានជា​ជីវភាព​របស់​លោក​មិន​បាន​ធូរធារ​ដូច​គេ ប៉ុន្តែ​ទោះជា​ជីវភាព​នៅ​ក្នុង​លក្ខខណ្ឌ​ឱនភាព​រស់​យ៉ាង​សុភាព​ក្នុង​បន្ទប់​ជួល​ដ៏​តូច​ក្តី ព្រម​ជាមួយនឹង​វ័យ​ជាង​៧២​ឆ្នាំ​ដែល​គ្រប​ទៅ​ដោយ​ទុព្វលភាព​ជ្រាប​សព្វ​សារពាង្គកាយ ដោយសារ​ជំងឺ​ឡើង​ឈាម និង​ថយ​ឈាម​តាម​ពេលវេលា តម្រូវ​ឱ្យ​ដូច​ម្តេចក្តី ក៏​លោក​នៅ​តែ​ខំប្រឹង​ទប់​ជំហរ​ឈរ​លើ​ឆាក​សិល្បៈ​ចម្រៀង​ដើម្បី​អាជីព​ដែល​មានការ​គាំទ្រ​ពី​ម្ចាស់​ហាង និង​អតិថិជន​ជា​ភ្ញៀវ​ផង​ដែរ ។ មាន​ន័យ​ថា លោក​ខំ​ពង្រឹង​កាយសម្បទា​និង​ស្មារតី​ដើម្បី​បម្រើ​មហាជន​មិន​ឱ្យ​ខ្ចោះ​អស់ពី​ពោះ ពី​ចិត្ត ពី​ថ្លើម ។

នា​ពេល​ខែ​មុន​នោះ ព្រះសង្ឃ​មួយ​អង្គ​ដែល​ត្រូវជា​កូនធម៌​បាន​និមន្ត​ទៅ​លេង​លោក​នូ ស៊ិ​ប នៅ​បន្ទប់​ជួល​ស្នាក់​នៅ ។ ពេល​នោះ​ហើយដោយ​ព្រះ​អង្គ​ឃើញ​លោក​មិន​មាន​សុវត្ថិភាព​ក្នុង​ផ្លូវ​សុខភាព ព្រះ​អង្គ​ក៏​បាន​ធ្វើ​ពិធី​ចម្រើន​ជន្មាយុ​ដល់​រូប​លោក ។ ដោយ​ព្រះ​អង្គ​ឱ្យ​លោក​សម្រាន្ត​ដណ្តប់ភួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រោម​សំឡេង​សូត្រធម៌​ដើម្បី​លើករាសី និង​រំដោះគ្រោះ​បាបកម្ម​ទាំងពួង ហើយ​ពេល​នោះ​មាន​អ្នក​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ដែល​លោក​មិន​ទាំង​បានដឹង​ខ្លួន​ផង ។

ចំពោះ​សកម្មភាព​រៀប​បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​យល់​ច្រឡំ​ថា​គាត់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ បង្ក​បានជា​បច្ច័យ​ហេតុ​មាន​អ្នក​មក​សួរសុខទុក្ខ​លោក​ដល់​កន្លែង ។ បន្ទាប់​ពី​យល់​នូវ​ការ​ភ័ន្ត​ច្រឡំ​នេះ លោក​នូ ស៊ឹ​ប ក៏​បាន​បកស្រាយ​ឱ្យ​គេ​រាល់គ្នា​បានដឹង ព្រមទាំង​មានការ​បកស្រាយ​របស់​ពិធីករ ការិនី​នៃ​វិទ្យា​អែ​ហ្វ អឹ​ម​ខ្លះ​ទៀត​ផង​។ ប៉ុន្តែ​ប្រការ​ដែល​គួរ​ឱ្យ​សោកស្តាយ និង​លោក​អន់​ស្រពន់ចិត្ត​បំផុត​នោះ គឺ​អ្នកឧកញ៉ា​ម្នាក់ បាន​និយាយ​ប្រាប់​គេឯង​ខ្លះ​ថា «​លោក​នូ ស៊ឹ​ប ល្បី​ថា​ឈឺ តែ​គេ​ឃើញ​គាត់​រាល់​យប់​ឈរ​ច្រៀង​នៅ​ហាង «Lucky bright»​ធ្វើ​យ៉ាង​ព្រងើយ »​។

ក្រោយ​ពី​ឮ​សម្តី​នេះ តារាចម្រៀង​ជើង​ចាស់ លោក​នូ ស៊ឹ​ប កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បំភ្លឺ​ជម្រាប​ដល់​មហាជន​ថា សព្វថ្ងៃ​លោក​គ្មាន​ប្រពន្ធ​កូន​ទេ មាន​តែ​ទទួល​បន្ទុក​ចិញ្ចឹម​ក្មួយ និង​ខ្លួនឯង​ប៉ុណ្ណោះ ។ បើ​លោក​នៅ​ស្ងៀម​តើ​បាន​អ្វី​បំពេញ​ក្រពះ និង​បាន​អ្វី​ទិញ​ថ្នាំ​សម្រាប់​ជួយ​ទប់ទល់​រោគា ? ទោះបីជា​សុខភាព​មិន​អំណោយផល​ក៏​ដោយ ក៏​លោក​មិន​អាច​ផ្តេកផ្តួល​រមួលក្រពើ​អ្វី​បាន​ឡើយ ព្រោះ​លោក​គ្មាន​អ្នក​ថែរក្សា​និង​ផ្គត់ផ្គង់​ទេ ។ ហេតុ​នេះ​ហើយ​លោក​ត្រូវ​តែ​ប្រឹង​ឈរ​លើ​ឆាក​ដើម្បី​បម្រើ​មហាជន​ឱ្យ​ដល់​នាទី​ដែល​ឈរ​លែង​បាន ។

លោក​នូ ស៊ឹ​ប សំណូមពរ​ឱ្យ​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​បាន​យល់​ដល់​ប្រត្យក្ស​ភាព និង​គ្មាន​ការ​ច្រឡំ​ទៀត​ឡើយ ។ ទន្ទឹម​នេះ​លោក​បាន​ថ្លែងអំណរគុណ​ដ៏​មហា​ធំធេង​ចំពោះ​អស់លោក​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​រូប​លោក​ក្នុង​ន័យ​សប្បុរសធម៌ និង​យោគយល់​ដែល​លោក​មិន​អាច​បំភ្លេច​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ