ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ…ទប់មហន្តរាយនេះ…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្រាំង​ទន្លេមេគង្គ​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ​ខេត្តកណ្តាល ​តែងតែ​ជួប​នូវ​បញ្ហា​បាក់​ច្រាំង​ជា​រឿយ​ៗ ជា​ពិសេស​នៅ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បានឱ្យ​ដឹង​ថា តាំងពី​គាត់​ដឹងក្តី​មក​…

រាជធានី​ភ្នំពេញ ៖ ច្រាំង​ទន្លេមេគង្គ​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ​ខេត្តកណ្តាល ​តែងតែ​ជួប​នូវ​បញ្ហា​បាក់​ច្រាំង​ជា​រឿយ​ៗ ជា​ពិសេស​នៅ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បានឱ្យ​ដឹង​ថា តាំងពី​គាត់​ដឹងក្តី​មក​ ដី​នៅ​ច្រាំង​ខាងលិច​តែងតែ​បាក់​រហូត​មក
រ‌ី​ឯ​ដី​នៅ​ច្រាំង​ខាងកើត ​បែរជា​មានការ​ដុះ​ច្រើន ។

ពួក​គាត់​បាន​រៀបរាប់​បន្ត​ទៀត​ថា នៅ​ចន្លោះ​ឆ្នាំ​២០១០-២០១៤ មានការ​បាក់​ច្រាំង​កាន់តែ​ខ្លាំង ប្រវែង​ពី​១០០​ទៅ​២០០​ម៉ែត្រ​បាន​ចូល​ទៅ​ក្នុង​ទន្លេ ។ តំបន់​នេះ បាន​រង​នូវ​ការ​បាក់​ខ្លាំង​សា​ជា​ថ្មី​ម្តងទៀត​នៅ​ចុងឆ្នាំ​២០១៨ ។ មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ​ និង​ថាមពល​បានឱ្យ​ដឹង​ថា ក្រុម​ជំនាញ​បាន​ចុះ​ពិនិត្យ​និង​តាមដាន​ស្ថានភាព​ទីតាំង​នេះ ចាប់តាំងពី​ឆ្នាំ​២០១៥​ ដោយ​បាន​រក​ឃើញ​ថា ច្រាំង​ទន្លេ​នៅ​តំបន់​នេះ​រង​ហានិភ័យ​ខ្ពស់​ដោយ​សារ​​បញ្ហា​ធំ​ៗ​ចំនួន​៣៖

ទី​មួយ ស្ថានភាព​បាតទន្លេ​ជ្រៅ​ខ្លាំង​គឺ​មាន​ជម្រៅ​ពី​៨​ទៅ​ជិត​៣០​ម៉ែត្រ​នៅ​ត្រើយ​ខាងលិច (​ឃុំ​ឬ​ស្សី​ជ្រោយ​) ហើយ​មាន​ជម្រៅ​រាក់ និង​ដុះ​ខ្សាច់​ច្រើន​នៅ​ត្រើយ​ខាងកើត ។ កត្តា​នេះ​ធ្វើ​ឱ្យ​ច្រាំង​ទន្លេ​ខាងលិច​បាត់បង់​លំនឹង ដោយសារ​ទឹក​ហូរ​បុក​មក​ច្រាំង ។

កត្តា​ទី​ពីរ ​គឺ​សម្ពាធ​ទឹក​ក្រោម​ដី ។ ឆ្នាំ​នេះ​ទឹក​ឡើង​ធំ​បណ្ដាល​ឱ្យ​ជន់​ជោរ​ទៅ​តាម​បឹង​ទាំងឡាយ​នៅ​ក្បែរ​ទន្លេ រួម​ទាំង​កំពស់​ដង្ហើមទឹក​ក្រោម​ដី​មានការ​កើនឡើង ។ នៅ​ពេល​ដែល​ទឹកទន្លេ​ស្រក​ទៅ​វិញ​ជា​គំហុក បាន​ធ្វើ​ឱ្យ​កម្ពស់​ទឹក​ក្រោម​ដី​ស្រក​ទៅ​វិញ​មិន​ទាន់ ។ នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ទឹក​ក្រោម​ដី​បន្ត​ហូរ​ចូល​មក​ទន្លេ​វិញ តាម​ស្រទាប់ដី​ល្បាយខ្សាច់ ដែល​លំហូរ​នេះ​ធ្វើ​ឱ្យ​ដី​ស្រទាប់​ក្រោម​ទន់ជ្រាយ និង​ងាយ​រអិល​បាក់ ។

កត្តា​ទី​បី​គឺ ស្ថានភាព​ទន្លេ​នៅ​តំបន់​រកា​កោង​នេះ (​ឃុំ​ឫស្សី​ជ្រោយ ព្រែក​ដំបង និងរ​ការ​កោង​) មាន​សភាព​កោង​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ខ្សែទឹក​ហូរ​បុក​ច្រាំង​ត្រើយ​ខាងលិច ។ រីឯ​ត្រើយ​ខាងកើត​មានការ​ដុះ​ខ្សាច់​ជា​ច្រើន ។

តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ស្ថានភាព​បែប​នេះ កាលពី​ខែមីនា និង​តុលា​​កន្លង​ទៅ ក្រសួង​សេដ្ឋ​កិច្ច​បាន​កោះ​ប្រជុំ​ក្រសួង​ពាក់ព័ន្ធ​ ដែល​រួម​មាន ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក្រសួង​រ៉ែ​ និង​ថាមពល ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ដើម្បី​ស្វែងរក​ដំណោះស្រាយ ។

កិច្ច​ពិភាក្សា​បាន​បង្ហាញ​ដោយ​អ្នកជំនាញ​ថា ស្ថានភាព​នៃ​ច្រាំង​ទន្លេមេគង្គ​តំបន់​ស្រុក​មុខកំពូល កំពុង​រង​ហានិភ័យ​ខ្ពស់ ដែល​បង្ក​រការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​ដង​ទន្លេ និង​ផ្លូវជាតិ​6A ដែល​ជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ បើ​គ្មាន​សកម្មភាព​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេល​នោះ​ទេ ។

ដើម្បី​បញ្ចៀស​បញ្ហា​បាក់​ដាច់​ផ្លូវជាតិ​លេខ​6A និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ អង្គប្រជុំ​បាន​លើក​វិធានការ​បន្ទាន់ ​ដែល​រួម​មាន ការ​ផ្តល់​ថវិកា​ជា​បន្ទាន់ ដើម្បី​ឱ្យ​ក្រសួង​ធនធានទឹក​ទប់​លំនឹង​ច្រាំង​ខាងលិច ក្នុង​តំបន់​ស្រុក​មុខកំពូល ដោយ​ប្រើ​បាវ​ខ្សាច់ Géotextile ហើយ​ក្រសួង​រ៉ែ​និង​ថាមពល ត្រូវ​សំរុក​បូម​ស្ដារ​បាតទន្លេ​មេគង្គ​ប៉ែក​ខាងកើត​ ដើម្បី​សំរួល​ចរន្តទឹក និង​បន្ត​សិក្សា​រក​វិធីសាស្ត្រ ដែល​អាច​កែ​បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​ឱ្យ​បាន​ជោគជ័យ មុន​ពេល​ដែល​ចរន្តទឹក​អាច​ផ្តាច់​ផ្លូវជាតិ​លេខ​6A ។

ក្រោយ​ពី​កិច្ចប្រជុំ​នេះ ក្រសួង​រ៉ែ​និង​ថាមពល បាន​ចេញ​វិធានការ បិទ​ឡូត៍​ខ្សាច់​ធំ​ៗ​ទាំងឡាយ​នៅ​ភ្នំពេញ​និង​ខេត្តកណ្តាល ដើម្បី​ប្រមូល​កម្លាំង​មក​បូម​ស្តារ​ទន្លេមេគង្គ​ប៉ែក​ខាងកើត​ដែល​ពោរពេញ​ដោយ​កំណក​ខ្សាច់ និង​សម្រួល​ចរន្តទឹក​ពី​ទិស​ខាងលិច​មក​ខាងកើត​វិញ​ម្តង ។ ប៉ុន្តែ​ដោយសារ​តែ​ទឹក​ស្រក​លឿន​ពេក ជា​ហេតុ​ធ្វើការ​បាក់​ច្រាំង​ថ្មី​ៗ​នេះ បាន​កើតឡើង ហើយ​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​ក្នុង​ឃុំ​ឫស្សី​ជ្រោយ​បាន​រង​គ្រោះ ។

មតិ​មហាជន​នៅ​ទីនោះ បាន​ចោទ​ទៅ​លើ​ការ​បូម​ខ្សាច់​ដែល​ត្រូវ​ស្ដារ​បាតទន្លេ​ប៉ែក​ខាងកើត​ដើម្បី​តម្រង់​ខ្សែទឹក បញ្ចៀស​ការ​ហូរ​បុក​ច្រាំង​ប៉ែក​ខាងលិច ។ ភ្លាម​ៗ​ក្រោយ​ពី​ការ​បាក់​ច្រាំង ក្រុមការងារ​ក្រសួង​រ៉ែ
​និង​ថាមពល ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​មុខកំពូល​ដឹកនាំ​ដោយ លោក វ​ង្សី វិសុទ្ធ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រុមការងារ​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​បាក់​ច្រាំង​នៅ​តំបន់​ឫស្សី​ជ្រោយ និង​បាន​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​រង​គ្រោះ ហើយ​បាន​ធ្វើការ​ផ្តល់​ដំណោះ​ស្រាយ​ជូន​ប្រជាជន​ដូច​ខាងក្រោម ៖

១-​ផ្អាក​បូម​បណ្តោះអាសន្ន​នៅ​កន្ទុយ​ឡូត៍​លេខ​១​សិន​ដើម្បី​ធ្វើការ​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ពី​ភាព​ចាំបាច់​នៃ​ការ​បូម​ស្តារ​ក្នុង​ការ​បញ្ចៀស​ខ្សែទឹក​ពី​ច្រាំង​ខាងលិច (​កន្លែង​រង​គ្រោះ​) ។
២-​កំណត់ព្រំដែន​ត្រូវ​បូម​ឲ្យ​បាន​ច្បាស់លាស់​ដោយ​បោះ​ពោង​សម្គាល់​។
៣-​ដាក់​មន្ត្រី​រ៉ែ​២​រូប​ប្រចាំការ​២៤​ម៉ោង​ជាមួយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដើម្បី​ពិនិត្យ និង​រាយការណ៍​ជា​បន្ទាន់ ។
៤-​ក្រសួង​ធនធាន​ទឹកនឹង​ចាប់ផ្តើម​ធ្វើ​ច្រាំង​តាម​រយៈ​បាវ​ខ្សាច់ Géotextile ជា​បន្ទាន់​ចាប់ពី​ចុងខែ​ធ្នូ ឬ​ដើម​ខែមករា​នេះ ។
៥-​បន្ត​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​បន្ថែម​ទៀត​អំពី​ការ​បង្វែរ​ចរន្តទឹក​ដែល​កំពុង​បុក​ខ្លាំង​មក​ត្រើយ​ខាងលិច និង​បន្ត​បូម​ស្ដារ​បាតទន្លេ​ប៉ែក​ខាងកើត ព្រមទាំង​ពន្យល់​ប្រជាពលរដ្ឋ​អោយ​បាន​យល់​ច្បាស់ ពី​លក្ខណៈ​បច្ចេកទេស​និង​សារសំខាន់​នៃ​ការ​បូម​ស្ដារ​នេះ ។

ក្រុម​មន្ត្រី​ជំនាញ​បាន​អះអាង​ថា ស្ថានភាព​ទន្លេ​នៅ​តំបន់​រកា​កោង​នេះ​នឹង​ឈាន​ដល់​ភាព​ប្រសើរ​ឡើង​វិញ នៅ​ពេល​ដែល​បាតទន្លេ​ត្រូវ​បាន​កែសម្រួល និង​ច្រាំង​ត្រើយ​ខាងលិច​ត្រូវ​បាន​រៀបចំ​ទប់​ដោយ​បាវ​ខ្សាច់ Géotextile ដែល​ការងារ​នេះ ត្រូវការ​ពេល​មិន​តិច​ជាង​៤​ទៅ​៥​ឆ្នាំ​នោះ​ឡើយ ដើម្បី​បញ្ចៀស​ការ​បាក់​ច្រាំង​ដែល​បង្ក​មហន្តរាយ​ជាយថាហេតុ ៕ ​

អត្ថបទសរសេរ ដោយ