កងកម្លាំងរបស់លោកមូអាម៉ា កាដាហ្វី កាលពីថ្ងៃទី២២ មីនា បានវាយប្រហារទីក្រុងជាច្រើននៅភាគខាងលិចលីប៊ីដោយសម្លាប់មនុស្សជាច្រើនសិបនាក់ ចំណែកនៅភាគខាងកើតប្រទេសពួកបះបោរហាក់ដូចជាបើកការវាយលុកដែរ។ ខាងផ្នែកការទូតក្រុមចំរុះបានជជែកគ្នាយ៉ាងតឹងតែងពីភាពត្រឹមត្រូវនៃការផ្ទេរបញ្ជាការប្រតិបត្តិការនៅលីប៊ីទៅឱ្យអូតង់ រួចការរិះគន់នានាលើការវាយប្រហារតាមអាកាសនៅបន្តទៀត ជាពិសេសក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចហក់ឡើង។
នៅលើទីលានពួកបះបោរខិតខំបង្កើតរចនាសម្ព័ន្ធបញ្ជាការដែលអាចធ្វើអាជីវកម្មលើបណ្តាទស្សនវិស័យបើកចំហតាមរយៈការកំទេចរថក្រោះទាំងឡាយ និងប្រព័ន្ធការពារអាកាសរបស់កងទ័ពលោកកាដាហ្វី។
កាលពីថ្ងៃទី២២ មីនា បណ្តារថក្រោះរបស់កងទ័ពលោកកាដាហ្វី និងកងវាយឆ្មក់បានវាយប្រហារនៅទីក្រុង MISRATA ជាទីក្រុងមួយស្ថិតក្នុងកណ្តាប់ដៃពួកបះបោរដោយសម្លាប់មនុស្សជាច្រើននាក់ ក្នុងនោះមានកុមារ៤នាក់។ សំរាប់ថ្ងៃទី២១ មីនា តែមួយគត់តុល្យការអ្នកស្លាប់ក្នុងទីក្រុងនោះមានដល់៤០នាក់រួចហើយ។ សំរាប់យប់ទី៣ជាប់ៗគ្នាការផ្ទុះ និងការបាញ់កាំភ្លើងការពារអាកាសបានលាន់ឮនៅក្រុងទ្រី ប៉ូលី។
អ្នកយកព័ត៌មានម្នាក់របស់រ៉យទ័រដែលនាំទៅដោយអាជ្ញាធរលីប៊ីទៅកាន់មូលដ្ឋាននាវាចរណ៍មួយនាភាគខាងកើតក្រុងទ្រីប៉ូលីបានឃើញរថយន្តយោធាត្រូវកំទេច៤គ្រឿង។ រថយន្តទាំងនេះបំពាក់ដោយមីស៊ីលផលិតដោយសហភាពសូវៀតចតទុកក្នុងអគារមួយ ដែលដំបូលត្រូវបាក់ ព្រោះគ្រាប់បែកពួកលោកខាងលិច។ កងកម្លាំងរបស់លោកកាដាហ្វីបានវាយប្រហារដោយអាវុធធុនធ្ងន់លើទីក្រុង ZENTANE ជាទីក្រុងមួយស្ថិតក្នុងកណ្តាប់ដៃពួកបះបោរស្ថិតនៅជិតព្រំដែនទុយនីស៊ី។ ប្រជាជនទីក្រុងនេះម្នាក់និយាយថា មនុស្ស១០នាក់បានត្រូវស្លាប់នៅទីនោះ។ ប្រជាជននាំគ្នារត់ភៀសខ្លួនទៅជ្រកនៅតាមរូងភ្នំ។
នៅភាគខាងកើតប្រទេស ពួកបះបោរបានរុលប៉ុន្មានគីឡូម៉ែត្រចេញពីទីក្រុង AJDA-BIAH ជាមួយនឹងឧបករណ៍យោធាស្រាលណាស់ប្រឈមមុខនឹងកងកម្លាំងរបស់លោកកាដាហ្វីដែលរក្សាបានរថក្រោះ និងមីស៊ីលទាំងឡាយដាក់តាំងលើរថយន្តកាំមីញ៉ុង។ ក៏ប៉ុន្តែពួកបះបោរអះអាងជាថ្មីពីការប្រឆាំងរបស់ពួកគេចំពោះរាល់អន្តរាគមន៍ជើងគោករបស់បរទេស។ ក្រុងវ៉ាស៊ីនតោនដែលខ្លាចធ្លាក់ចូលក្នុងសង្គ្រាមថ្មីក្រោយសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់បានបដិសេធរាល់ការផ្តួចផ្តើមគំនិតដើម្បីផ្តួលរំលំលោកកាដាហ្វី ៕
ចែករំលែកព័តមាននេះ