ខេត្តកំពង់ចាម ៖ ស្នេហាដូចកាំរន្ទះរវាងយុវជន យុវនារីមួយគូដែលបាននាំគ្នាដើរលេងនៅក្នុងកម្មវិធីបុណ្យវត្តជ្រៃបិទមាស ស្ថិតនៅសង្កាត់សួង ក្រុងសួង កាលពីយប់ថ្ងៃទី១៨ មីនា និងឈានរហូតដល់នាំគ្នាមកក្រេបទឹកឃ្មុំនៅផ្ទះខាងប្រុស ត្រូវបានម្តាយនាងប្តឹងសមត្ថកិច្ចចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងទាមទារសំណងជំងឺចិត្តចំនួន៥.០០០ដុល្លារ។
លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួង បានឲ្យកោះសន្តិភាពដឹងថា កម្លាំងនគរបាលអធិការដ្ឋានក្រុងសួង បានទទួលពាក្យបណ្តឹងពីម្តាយរបស់នាងឈ្មោះ «ហ.ម.រ» អាយុ១៩ឆ្នាំរស់នៅសង្កាត់សួង ក្រុងសួង នាល្ងាចថ្ងៃទី១៩ មីនា ដោយចោទប្រកាន់យុវជនឈ្មោះស្រ៊ីន ស្រ៊ី អាយុ២១ឆ្នាំ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ថា បានលួងលោមកូនក្រមុំគាត់យកទៅរំលោភបានសម្រេចចំនួន២លើក។ លោកអធិការនគរបាលក្រុងសួង បានប្រាប់បន្តថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងនេះភ្លាមរូបលោកបានចាត់កម្លាំងក្រោមឱវាទឲ្យសហការជាមួយនឹងនគរបាលប៉ុស្តិ៍សង្កាត់វិហារលួង បើកការស្រាវជ្រាវជាបន្ទាន់ ដោយបានហៅយុវជនសង្ស័យឈ្មោះស្រ៊ី មកកាន់អធិការដ្ឋាននគរបាលក្រុងសួងដើម្បីសួរនាំ។
គួររំលឹកថា យុវជនសង្ស័យរូបនេះបានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនឹងនារី ហ.ម.រ រយៈពេល៣ខែមកហើយ ដោយបានឲ្យរូបថតគ្នាទៅវិញទៅមកទៀតផង ធ្វើឲ្យចំណងស្នេហ៍ចាក់ស្រេះកួចត្របាញ់ចូលគ្នា។ លុះពេលមានកម្មវិធីបុណ្យកាន់អង្គនៅវត្តជ្រៃបិទមាស កាលពីយប់ថ្ងៃទី១៨ មីនា ពួកគេទាំង២នាក់បានដើរលេងមើលល្ខោនបាសាក់ជាមួយគ្នារហូតដល់វេលាម៉ោង៨យប់ ទើបនាំគ្នាដើរត្រឡប់មកផ្ទះវិញ ។ ពួកគេបានអង្គុយលេងនៅខាងមុខផ្ទះរបស់យុវជនឈ្មោះស្រ៊ី និយាយសាសងគ្នាអស់ពេលប្រហែល៣ម៉ោងទើបចូលដេកនៅក្នុងបន្ទប់មួយតែ២នាក់ និងបានរួមរ័កគ្នា២ដងទៀតផង លុះព្រឹកឡើងថ្ងៃទី១៩ មីនា នាងឈ្មោះ «ហ.ម.រ» ក៏បានត្រឡប់ ទៅផ្ទះវិញ ។
យុវជនសង្ស័យឈ្មោះស្រ៊ីន ស្រ៊ី បានឆ្លើយសារភាពថា រយៈពេលកន្លងមករូបគេធ្លាប់បានទំនាក់ទំនងតាមទូរស័ព្ទជាមួយនឹងនាងឈ្មោះ «ហ.ម.រ» ទៅវិញទៅមក។ ក្រោយមកក្នុងពេលដែលមានកម្មវិធីបុណ្យកាន់អង្គនៅវត្តជ្រៃបិទមាស នៅថ្ងៃទី១៨ មីនា ២០១១ នាម៉ោងប្រហែល៨យប់ ស្របពេលរូបគេកំពុងតែដើរលេងនៅក្នុងវត្ត ក៏បានជួបនាង។ ពេលរូបគេដើរត្រឡប់មកផ្ទះវិញ នាងបានដើរតាមពីក្រោយរហូតមកដល់ផ្ទះ ហើយបានអង្គុយលេងតែ២នាក់រហូតដល់ម៉ោង១១យប់ នាងមិនបានដើរត្រឡប់ទៅផ្ទះនាងវិញទេ គឺបានមកចូលដេកក្នុងបន្ទប់ជាមួយរូបគេ និងស្ម័គ្ររួមភេទជាមួយគ្នាបាន២ដងទៀតផង ដោយគ្មានការបង្ខិតបង្ខំឡើយ ។ នៅវេលាម៉ោងប្រហែល៦ព្រឹក ពេលរូបគេភ្ញាក់ពីដំណេក ស្រាប់តែមិនឃើញនាងដោយមិនដឹងថា នាងចេញពីផ្ទះតាំងពីពេលណាឡើយ។ រហូតដល់ថ្ងៃទី២០ មីនា វេលាម៉ោង៧ព្រឹករូបគេត្រូវបានសមត្ថកិច្ចហៅទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសួង ហើយឃាត់ខ្លួនតែម្តង។
លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួង បានបញ្ជាក់ថា យុវជនសង្ស័យឈ្មោះស្រ៊ីន ស្រ៊ី នេះត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមច្បាប់ ហើយគេមិនដឹងថាជោគវាសនារបស់យុវជនរូបនេះ ត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួន ឬមួយយ៉ាងណានោះទេ? តែបញ្ហានៅត្រង់ថា ការព្រមព្រៀងគ្នា គឺគ្មានទោសពៃរ៍ទេ ដោយសារនាងមានវ័យគ្រប់ការមិនមែនស្ថិតនៅក្នុងអនីតិជនទេ បើនាងទៅឆ្លើយនៅមុខតុលាការយុវជនជាគូសេ្នហ៍នេះមិនត្រូវបានចោទប្រកាន់ទេ ហើយពួកគេក៏មានសិទ្ធិយកគ្នាជាប្តីប្រពន្ធបានដែរ តែអ្វីដែលជាការខុសឆ្គងនោះ គឺខុសនឹងគន្លងប្រពៃណី ៕
ចែករំលែកព័តមាននេះ