ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ស្នើ​ឱ្យ​សម្របសម្រួល​អ្នក​ជិតខាង មុន​ធ្វើការ​សាងសង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្ដងទៀត មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន ឬ​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង់​ទាំងអស់ មុន​ធ្វើការ​សាងសង់​សំណង់​អគារ​អ្វីមួយ​ត្រូវ​មានការ​សម្របសម្រួល​ជាមួយ​ម្ចាស់ផ្ទះ​ឬ​អ្នក​ជិតខាង​ជា​មុន​សិន ដើម្បី​ជៀសវាង​មានការ​ប្តឹង​ជំទាស់…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្ដងទៀត មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន ឬ​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង់​ទាំងអស់ មុន​ធ្វើការ​សាងសង់​សំណង់​អគារ​អ្វីមួយ​ត្រូវ​មានការ​សម្របសម្រួល​ជាមួយ​ម្ចាស់ផ្ទះ​ឬ​អ្នក​ជិតខាង​ជា​មុន​សិន ដើម្បី​ជៀសវាង​មានការ​ប្តឹង​ជំទាស់ ធ្វើ​ឱ្យ​ខកខាន​ដំណើរការ​សាងសង់ ។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ដើម្បី​ឱ្យ​ការ​សាងសង់​មាន​ក្បូន​ខ្នាត មានច្បាប់​ទម្លាប់ ក្រសួង​បាន​រៀប​ចំ​​ឱ្យ​មានច្បាប់​សាងសង់ ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គោរព​ច្បាប់​សាងសង់ ដោយ​រក្សា​គម្លាត​ឱ្យ​បាន​សមរម្យ​ទៅ​តាម​លិខិត​បទដ្ឋាន​ដែល​បាន​ផ្សព្វផ្សាយ ។

លោក​ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់​ថា ៖« មុន​នឹង​ធ្វើការ​សាងសង់ សុំ​ឱ្យ​មានការ​សម្របសម្រួល​ជាមួយ​អ្នក​ជិតខាង​សិន ។ ខ្ញុំ​មិន​ចង់​លឺ​ថា សាងសង់​បុក​គ្រឹះ​រួច​ហើយ អ្នក​ជិតខាង​មានការ​ប្តឹង​ជំទាស់​នោះ​ទេ ព្រោះ​​អ្នក​ជិតខាង​ជួនកាល​ក៏​ជា​អ្នក​រំខាន​ដែរ ទោះបី​គាត់​ដឹង​ថា​សំណង់​នេះ​ត្រូវ​ទៅ​តាម​លិខិត​បទដ្ឋាន​ក្ដី»។

លោក វ៉ា វី​រៈ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា និង​ជានា​យក​ក្រុមហ៊ុន Century 21 Fortuna Investment មាន​ប្រសាសន៍​ថា ៖« ការ​ប្តឹង​ជំទាស់​រវាង​ផ្ទះ​នៅ​ជិត​គ្នា ខ្ញុំ​គិត​ថា វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​គឺ​ផ្អែក​លើ​ប្លង់ ឬ​ឯកសារ​សម្គាល់​កម្មសិទ្ធិ​ត្រឹមត្រូវ វា​អត់​មាន​ជា​បញ្ហា​នោះ​ទេ ហើយ​ក្រសួង​​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ ឬ​ចេញ​ប្លង់​ឱ្យ​បាន​ឆាប់ និង​ច្រើន​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន»។

លោក​បន្ត​ថា នៅ​ពេល​មានការ​ប្រគល់​ប្លង់​កម្មសិទ្ធិ​ទៅ​ឱ្យ​ម្ចាស់​គ្រប់គ្រាន់ អាច​ថា ជម្លោះ​ស្ទើរតែ​កាត់​បន្ថយ​ទាំងអស់ ព្រោះ​មុន​នឹង​ចេញ​ប្លង់ គេ​ហៅ​គ្រប់​ភាគី​មក​ពិនិត្យ និង​ផ្តិត​មេដាយ​ឯកភាព​នៅ​លើ​លិខិត​យល់​ព្រម ។ ទោះបី​យ៉ាងណា ភាព​ខ្វះ​ការ​យោគយល់​គ្នា អធ្យាស្រ័យ​គ្នា ក៏​ជា​កត្តា​ចំ​បាច់​ដែរ​សម្រាប់​ការ​រស់ ។

លោក​លើក​ឡើង​ថា ៖« តាម​ការ​កត់សម្គាល់ ករណី​ជម្លោះ ឬ​ការ​ប្តឹង​ជំទាស់​លើ​ការ​សាងសង់​នេះ​មាន​ច្រើន​​គួរសម អ្នកខ្លះ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​បំពាន​លើ​គេ​តែ​ម្តង ដោយ​អាង​ទៅ​លើ​ចំណុច​ផ្សេង​ៗ ។ អ្នកខ្លះ​ទៀត ដោយសារ​ការ​មិន​ចេះ​យោគយល់​គ្នា ហើយ​នៅ​ពេល​សាងសង់​មានការ​ខុស​ត្រូវ​គ្នា​តិចតួច មិន​ចេះ​អត់ធ្មត់ និង​ធ្វើ​តាមតែ​អារម្មណ៍​ជាដើម »​។

យ៉ាងនេះ​កី លោក​បាន​ផ្ដល់​យោបល់​ថា ៖« ដើម្បី​ដោះស្រាយ ឬ​ជៀសវាង​ការ​កើតឡើង​នៅ​ជម្លោះ​នេះ​គឺ​យើង​ធ្វើ​ទៅ​តាម​ច្បាប់ ដោយ​ផ្អែក​លើ​ប្លង់​កម្មសិទ្ធិ​បញ្ជាក់​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ និង​ត្រូវ​ចេះ​យោគយល់ អធ្យាស្រ័យ​គ្នា​ជា​ចម្បង ទើប​អាច​ដោះស្រាយ និង​រស់នៅ​ជិត​គ្នា​ប្រកបដោយ​សេចក្តីសុខ​ក្នុង​នាម​អ្នក​ជិត​ខាង​បាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ