ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ប្រចណ្ឌ​ឆេះ​ក្នុង​ឱរា​បា.ញ់ប្រហារ​ប្រពន្ធ​និង​ខ្លួនឯង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុ​ការ​ដ៏​រន្ធត់​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​មួយ​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ធ្នូ បន្ទាប់​ពី​ការ​ឮ​ស្នូរ​កាំភ្លើង​ផ្ទុះ​ចំនួន​៥​គ្រាប់​ក្នុង​លំនៅ​ឋាន​មួយ​ក្នុង​ភូមិប​ល្ល័​ង​លិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុងស្ទឹង​សែន ។ លោក​វរសេនីយ៍ឯក…

ខេត្តកំពង់ធំ ៖ ហេតុ​ការ​ដ៏​រន្ធត់​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​មួយ​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ធ្នូ បន្ទាប់​ពី​ការ​ឮ​ស្នូរ​កាំភ្លើង​ផ្ទុះ​ចំនួន​៥​គ្រាប់​ក្នុង​លំនៅ​ឋាន​មួយ​ក្នុង​ភូមិប​ល្ល័​ង​លិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុងស្ទឹង​សែន ។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន បាន​ឲ្យ​ដឹង​ពី​ឧប្បត្តិ​ហេតុនេះ​ថា គឺជា​ករណី​ប្តី​បាញ់ប្រហារ​ប្រពន្ធ​រួច​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ដោយសារ​តែ​រឿង​ប្តី​ប្រចណ្ឌ​ប្រពន្ធ ។

បុរស​ជា​ប្តី​ឈ្មោះ ហេង សុ​វ​ណ្ណា​រ៉ា ហៅ ខ្លឹ​ង អាយុ​៤៧​ឆ្នាំ ជា​អ្នកស៊ី​ឈ្មោះ​យោធិន​ពិការ​ឈ្មោះ វ៉ា​ន់ ធី នៅ​កងពលតូច​អន្តរាគមន៍​លេខ​១២ ឈរជើង​នៅ​អានសេះ ខេត្តព្រះវិហារ តែ​ខ្លួនឯង​មិន​ពិការ​ភាព​កាយសម្បទា​ណាមួយទេ ។ បច្ចុប្បន្ន​មានមុខ​របរ​លក់​បាយ គុយទាវ កាហ្វេ និង​លាង​រថយន្ត​បាន​បាញ់​សម្លាប់​ប្រពន្ធ​ឈ្មោះ ស៊ុន ពៅ អាយុ​៣៧​ឆ្នាំ ជា​ច្រើន​គ្រាប់ រួច​បាញ់​សម្លាប់​ខ្លួនឯង​សរុប​ចំនួន​ប្រាំ​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់​ឈ្មោះ ហេង ដេ​វីត ហៅ​ឃែ អាយុ​២១​ឆ្នាំ ត្រូវជា​កូនបង្កើត និង​កូនចិញ្ចឹម​ស្រី​ម្នាក់​ឈ្មោះ រចនា អាយុ​៧​ឆ្នាំ ។

លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បើ​យោង​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​បាន​និយាយ​ថា ដោយ​សារ​​តែ​ភ្លើង​ប្រចណ្ឌ ជន​ដៃដល់​ជា​ប្តី​តែងតែ​រករឿង​ឈ្លោះ​ទាស់ទែង​ជាមួយ​ប្រពន្ធ​ជា​ញឹកញាប់ ។ ជាក់ស្តែង​នៅ​ថ្ងៃ​កើតហេតុ ពួក​គាត់​ជា​សាច់ញាតិ បាន​អង្គុយ​ផឹកស្រា​បៀរ ជាមួយ​ឈ្មោះ ហេង សុ​វ​ណ្ណា​រ៉ា ចំណែក​នាង​ជា​ប្រពន្ធ​បាន​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​មង្គលការ​គេ ។

តាម​សាច់ញាតិ​ឱ្យ​ដឹង​ថា កូនស្រី​ចិញ្ចឹម​ឈ្មោះ រចនា ដែល​នៅ​ក្នុង​ហាង​លក់​គុយទាវ រហូត​ដល់​ម៉ោង​៧​យប់ បាន​យក​ទូរស័ព្ទ​របស់​ឪពុក​តេ​ទៅ​ម្ដាយ តែ​ពំុ​មានការ​ឆ្លើយ​តប​នោះ​ទេ ។ លុះ​កន្លះ​ម៉ោង​ក្រោយមក នាង​ជា​ប្រពន្ធ​ក៏​នៅ​តែ​មិន​ទាន់​ឃើញ​ត្រឡប់​មក​ពី​ហូប​ការ​គេ​វិញ កូន​ក៏​បាន​យក​ទូរស័ព្ទ​ចុច​ទៅ​ជា​ច្រើន​ដង​តែ​ម្ដាយ​មិន​ទ​ទូល ។ បន្ទាប់​មក ហេង សុ​វ​ណ្ណា​រ៉ា ជា​ប្ដី​ក៏​យក​ទូរស័ព្ទ​តេ​ទៅ​ម្ដង ប្រពន្ធ​ក៏​មិន​ទ​ទូល ។

លុះ​មួយ​ម៉ោង​ក្រោយមក​ទើប​ឃើញ​នាង​ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​វិញ ចុះ​ពីលើ​រថយន្ត​តែ​ម្នាក់ឯង​ហើយ​និយាយ​បន្ទោស ទំនង​បន្ទោស​រឿង​ទូរស័ព្ទ​ទៅ​មិន​ឈប់​ឈរថា ​ម៉េច​ខ្លាច​អញ​មិន​ស្គាល់​ផ្ទះ​ឬ ខណៈនោះ​បុរស​ជា​ប្តី​ឆ្លើយ​តប​ថា កូនស្រី​រចនា ជា​អ្នក​តេ​ទូរស័ព្ទ​ទៅ​ទេ ។

និយាយ​រួច​នាង​ជា​ប្រពន្ធ​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ មួយសន្ទុះ​ក្រោយមកប្ដី​ក៏​ដើរ​ចូល​ទៅ​តាម ។ ពេល​នោះ​នៅ​ក្នុង​បន្ទប់​ក៏​មាន​ឮ​សំឡេង​ឈ្លោះ​គ្នា​ខ្លាំង​ៗ​ និង​ឃើញ​ប្តី​ដើរ​ចេញពី​បន្ទប់​មក រួច​ក៏​ដើរ​ចូល​ទៅ​វិញ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​រហូត មានការ​ប្រតាយប្រតប់​គ្នា ។

រីឯ​កូនប្រុស​ឈ្មោះ ដេ​វីត ដែល​ទៅ​រៀន​ធ្វើ​ជា​ជាង​ជួសជុល​រថយន្ត​បាន​និយាយ​ថា ដោយ​អស់កម្លាំង​ពេក ក៏​ដេក​លក់​នៅ​ក្នុង​បន្ទប់​បាត់​ទៅ ដោយ​មិន​បានដឹង​ពី​រឿង​ឪពុក​ម្តាយ​ឈ្លោះប្រកែក​គ្នា​នោះ​ទេ ស្រាប់តែ​ឮ​សូរ​សំឡេង​ផ្ទុះ​កាំភ្លើង​បន្លឺ​ឡើងជា​ច្រើន​គ្រាប់ ក៏​ងើប​ពី​ដេក​ស្ទុះរ​ត់ទៅ​មើល ស្រាប់តែ​ឃើញ​ឪពុក​ និង​ម្ដាយ​កំពុង​តែ​ប្រតាយប្រតប់​គ្នា រូបគេ​ក៏​បាន​ស្ទុះ​ទៅ​ចាប់​ឱប​ឪពុក​ពីក្រោយ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​មួយ​គ្រាប់​ទៀត ទើប​ដឹង​ថា ​ឪពុក​បាញ់​សម្លាប់​ខ្លូ​ន​ឯង​ចំ​ក្បាល​បន្ទាប់​ពី​បាញ់​សម្លាប់​ម្តាយ​រួច ។

ដោយសារ​តែ​ការ​ស្លុតរន្ធត់​ក្នុង​ចិត្ត​កូនប្រុស​បាន​ដាក់​ឪពុក​ទៅ​លើ​ឥដ្ឋ​កា​រូ​៉​ហើយ​ក៏​បាន​ស្ទុះ​ទៅ​មើល​ម្ដាយ​នៅ​មាន​សំឡេង​ក្រ​ត​ៗ ក៏​បាន​លើក​ម្តាយ​បី​ដាក់​លើ​រថយន្ត​ផ្ទាល់​ខ្លូ​ន​ដឹក​ទៅ​ពេទ្យ ។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ទើប​គ្រូពេទ្យ​បាន​ប្រាប់​ថា​ ម្តាយ​បាន​ស្លាប់​ទៅ​ហើយ ។

ក្រោយ​ទទួល​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​នគរបាល​បច្ចេកទេស​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដោយ​ប្រមូល​បាន​វត្ថុ​តាង​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​រ៉ូ​ឡូ និង​សម្បក​ចំនួន​ប្រាំ​គ្រាប់​ដែល​ទើប​បាញ់​ថ្មី​ៗ ។

តាម​ការ​ធ្វើ​កោ​សល្យវិច័យ​សាកសព​បុរស​ជា​ប្ដី​ឈ្មោះ ហេង សុ​វ​ណ្ណា​រ៉ា មាន​ស្នាម​ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់ លើ​សៀតផ្កា​ជាប់​គុម្ពត្រចៀក​ស្ដាំ​ ។ ចំណែក​សព​ប្រពន្ធ​ឈ្មោះ ស៊ុន ពៅ មាន​ស្នាម​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​នៅ​លើ​ដើម​ដោះ​ខាងឆ្វេង និង​លើ​បាតដៃ​ស្ដាំ ។ បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​រួច សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ពិតជា​រឿងរ៉ាវ​ដែល​ស្មាន​មិន​ដល់​មួយ​ដោយសារ​តែ​បុរស​ជា​ប្តី​មានគំនិត​ប្រចណ្ឌ​ប្រពន្ធ​បាន​ក្លាយជា​មហា​សោកនាដកម្ម​គួរ​ឱ្យ​រន្ធត់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ