អ្នកបួសជាសង្ឃជាអ្នកប្តេជ្ញាដើរឆ្ពោះទៅរកផ្លូវស្ងប់សុខគឺការធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ។ តែបើបួសហើយមានចិត្តច្រណែនឈ្នានីស បៀតបៀនបុគ្គលដទៃ រវល់តែក្នុងរឿងកាមមិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ ។
មួយឆាកជីវិតរបស់អ្នកបួស គឺដើរក្នុងផ្លូវដ៏ស្ងប់ស្ងាត់ មានមេត្តា មិនមានការបៀតបៀនសត្វដទៃ មិនមានផ្ទះសម្បែង មិនមានការអាល័យទ្រព្យ អាល័យគ្រួសារ មានសេចក្ដីព្យាយាមចេញចាកកាមជានិច្ច មានការយល់ត្រូវ និងការត្រិះរិះត្រូវ ធ្វើតាមបណ្ដាំរបស់ព្រះសម្ពុទ្ធបរមគ្រូជាអ្នកនាំផ្លូវ ទ្រោលនូវប្រទីបដ៏ភ្លឺស្វាងឆ្ពោះទៅរកទីបំផុតនៃផ្លូវគឺទីរំលត់ទុក្ខពោលគឺព្រះនិព្វាន ដែលអ្នកបួសត្រូវតែខំដើរទើបបានទៅដល់ទីនោះ ។
បព្វជិតជាអ្នកវៀរចាកបាបអកុសលទាំងពួង អ្នកបួសជាអ្នកស្វែងរកសន្តិភាពសម្រាប់ជីវិតរបស់ខ្លួន និងសង្គមសត្វលោកផង ជាអ្នកធ្វើសង្គ្រាមជាមួយសត្រូវធំគឺកិលេសដែលមាននៅក្នុងចិត្តរបស់ខ្លួន ជាអ្នកយកឈ្នះកិលេសធំទាំងនោះឱ្យបានទើបឈ្មោះថាជាសមណៈពិតប្រាកដ ។
ចែករំលែកព័តមាននេះ