ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ទម្លាយ​អ្នក​មានគុណ

5 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ពន្លឺ​ធម៌​ព្រះពុទ្ធ​មាន​ដំណាល​ពី​រឿង​សត្វ​ប្រើស​មួយ​ក្បាល​ដែល​មានដំណើរ​រឿង​ដូច​តទៅ​ថា កាលនោះ​មាន​សត្វ​ប្រើស​មួយ​ក្បាល​ត្រូវ​នាយ​ព្រាន​ដេញ​ប៉ផាប់​ចាប់​ពភីង​ដើម្បី​ប្រហារជីវិត ប្រើស​ភ័យ​ក៏​ខំប្រឹង​រត់គេច​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​គុម្ពោត​ព្រៃ​មួយ​ផុត​ពី​ក្រសែភ្នែក​របស់​ព្រាន ធ្វើ​ឲ្យ​នាយ​ព្រាន​នោះ​ចេះ​តែ​រត់​ដេញ​ហួស​អំពី​ទីនោះ ។ ចំណែក​ប្រើស​ឃើញ​សភាព​បែប​នេះ​មានចិត្ត​សប្បាយ​ណាស់​គិត​ថា បាន​រួច​ជីវិត​ហើយ ក៏​ទំពា​ស៊ី​ស្លឹកឈើ​អំពី​គុម្ព​ព្រៃ​នោះ​ឯង​គឺ​ស៊ី​រហូត​ទាល់តែ​អស់​ស្លឹក​ព្រៃ​ស្រឡះ​អាច​មើលឃើញ​ខ្លួនឯង​បាន​ច្បាស់​ពី​ផ្លូវ​ដើរមក ។ និយាយ​អំពី​នាយ​ព្រាន​វិញ​ហាក់ដូចជា​ខកចិត្ត​ខ្លាំង…

នៅ​ក្នុង​សៀវភៅ​ពន្លឺ​ធម៌​ព្រះពុទ្ធ​មាន​ដំណាល​ពី​រឿង​សត្វ​ប្រើស​មួយ​ក្បាល​ដែល​មានដំណើរ​រឿង​ដូច​តទៅ​ថា កាលនោះ​មាន​សត្វ​ប្រើស​មួយ​ក្បាល​ត្រូវ​នាយ​ព្រាន​ដេញ​ប៉ផាប់​ចាប់​ពភីង​ដើម្បី​ប្រហារជីវិត ប្រើស​ភ័យ​ក៏​ខំប្រឹង​រត់គេច​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​គុម្ពោត​ព្រៃ​មួយ​ផុត​ពី​ក្រសែភ្នែក​របស់​ព្រាន ធ្វើ​ឲ្យ​នាយ​ព្រាន​នោះ​ចេះ​តែ​រត់​ដេញ​ហួស​អំពី​ទីនោះ ។

ចំណែក​ប្រើស​ឃើញ​សភាព​បែប​នេះ​មានចិត្ត​សប្បាយ​ណាស់​គិត​ថា បាន​រួច​ជីវិត​ហើយ ក៏​ទំពា​ស៊ី​ស្លឹកឈើ​អំពី​គុម្ព​ព្រៃ​នោះ​ឯង​គឺ​ស៊ី​រហូត​ទាល់តែ​អស់​ស្លឹក​ព្រៃ​ស្រឡះ​អាច​មើលឃើញ​ខ្លួនឯង​បាន​ច្បាស់​ពី​ផ្លូវ​ដើរមក ។
និយាយ​អំពី​នាយ​ព្រាន​វិញ​ហាក់ដូចជា​ខកចិត្ត​ខ្លាំង ព្រោះ​ដេញ​ប្រើស​មិន​ទាន់ ហើយ​ក៏​ដើរ​ត្រឡប់​មក​វិញ ពេល​មក​ដល់ទី​នោះ ងាក​ភ្នែក​ទៅ​រក​គុម្ពោត​ព្រៃ​ស្រាប់តែ​ឃើញ​ប្រើស​ឈរ​ធ្មឹង ក៏​លាន់មាត់​ថា យី​អា​ប៉ា​កាច់​នេះ នៅ​ទី​នេះ​ទេតើ ហើយ​ក៏​ស្ទុះ​ទៅ​វឹង​។

ប្រើស​ឃើញ​ព្រាន​រត់​សំដៅ​មក​ក៏​ខំប្រឹង​ស្ទុះ​គេច​ទាំង​ភ័យរន្ធត់ តែ​វា​កៀក​ណាស់​ទៅ​ហើយ នាយ​ព្រាន​បាន​ទាញ​ព្រួញ​បាញ់​ត្រូវ​ប្រើស​ដួល​ត្រដរខ្យល់ តែ​មុន​នឹង​ងាប់​ក៏​បាន​នឹក​ដល់​ទោស​ដែល​ខ្លួន​ទម្លាយ​នូវ​គុម្ព​ព្រៃ ទើប​ប្រើស​ប្រដៅ​ខ្លួនឯង​ថា នេះឯង​ជា​ទោស​នៃ​ការ​ទម្លាយ​វត្ថុ​ដែល​មានគុណ ។

សេចក្តី​នេះ​អ្នកប្រាជ្ញ​លោក​ចង់​ដាស់តឿន​ទៅ​ដល់​ចិត្ត​មនុស្ស​យើង​ត្រូវ​គិតដល់​ឧបការៈ​នៃ​អ្នក​មានគុណ​របស់​ខ្លួន ហើយ​មិន​ត្រូវ​ទម្លាយ​ឬ​ប្រទូស្ត​រ៉ា​យ​ចំពោះ​អ្នក​មានគុណ​ឡើយ ។

អ្នក​មានគុណ​នោះ​មិនមែន​ចំពោះតែ​ឪពុក​ម្តាយ​យើង​ទេ អ្នក​ណា​ដែល​មាន​ឧបការៈ​ទំនុកបម្រុង ឬ​ជួយ​យើង​ដោយ​ប្រការ​ផ្សេង​ៗ អ្នក​នោះ​លោក​ចាត់​ថា​ជា​អ្នក​មានគុណ ។

បើ​តាម​ផ្លូវលោក​តែង​អប់រំ​ឲ្យ​អ្នកតូច​នឹក​ដល់​គុណ​របស់​អ្នកធំ​ជា​ប្រមាណ តែ​តាម​ផ្លូវធម៌​វិញ​លោក​ឱ្យ​អ្នកធំ​ព្យាយាម​គិតដល់​គុណ​របស់​អ្នកតូច ព្រោះថា​ខ្លួន​បាន​ធំ​នេះ​ក៏​ដោយសារ​តែ​អ្នកតូច​លើកតម្កើង ជួយ​ទំនុកបម្រុង​ដែរ ដូច្នោះ កាលបើ​ពោល​ដល់​បុគ្គល​អ្នក​មានគុណ រមែង​មាន​ទាំង​អ្នកធំ និង​ទាំង​អ្នកតូច​មិនមែន​មាន​ចំពោះតែ​អ្នកធំ​នោះ​ទេ ។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា ការ​ទម្លាយ​អ្នកតូច​ដោយ​ការ​ព្យាបាទ​ក្ដី ដោយ​អំណាច​នៃ​ចិត្ត​អគតិ​ក្ដី ស្មើគ្នា​នឹង​ការ​ទម្លាយ​ខ្លួនឯង ឬ​ទុកដូចជា​ការ​កាត់​ដៃ កាត់​ជើង​ខ្លួនឯង​ចោល ដូច​សត្វ​ប្រើស ដែល​សប្បាយចិត្ត​ពេក​ហើយ​ទំពា​ស៊ី​ស្លឹកឈើ​ដែល​ជាទី​កំបាំង​របស់​ខ្លួន​ទើបត្រូវ​អន្តរាយ​អាយុជីវិត ។