ខេត្តស្វាយរៀង ៖ ភ្លើងបានឆាបឆេះម៉ូតូអស់ចំនួន២៦គ្រឿង និងកង់រាប់សិបគ្រឿង ព្រមទាំងសំលៀកបំពាក់ របស់របរ កន្ទេល មុងភួយ ដែលជារបស់កម្មករស្នាក់នៅក្នុងរោងចក្រអស់យ៉ាងច្រើនគួរឱ្យសោកស្តាយ កាលពីថ្ងៃទី១០ មីនា ២០១១ វេលាម៉ោង៣ និង៥០នាទីរសៀល នៅរោងចក្រដំឡើងកង់របស់ក្រុមហ៊ុន Best Way តំបន់សេដ្ឋកិច្ចពិសេសបាវិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។
ទាក់ទិនករណីនេះកម្មករម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់កោះសន្តិភាពថា អគ្គីភ័យនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ក៏ប៉ុន្តែអ្វីដែលកម្មករខឹងនោះ គឺពេលភ្លើងឆាបឆេះម៉ូតូ កង់ និងទ្រព្យសម្បត្តិ សំលៀកបំពាក់ កន្ទេល មុង ភួយរបស់ពួកគេ បែរជាពួកសន្តិសុខក្រុមហ៊ុនចាក់សោរោងចក្រមិនឱ្យកម្មករ កម្មការិនីចេញទៅជញ្ជូនយកទ្រព្យរបស់ខ្លួនចេញពីភ្លើងទេ ។ ភ្លើងឆាបឆេះអស់រយៈពេលជាង១០នាទីទើបបាញ់ទឹកពន្លត់បាន។ ភ្លើងបានឆេះរោងដាក់កង់ម៉ូតូ និងកន្លែងកម្មករស្នាក់នៅក្បែរអគាររោងចក្រក្នុងបរិវេណរោងចក្រ Best Way រហូតដល់ម៉ោងសំរាក ម៉ោង៦ល្ងាចទើបឱ្យកម្មករចេញពីក្នុងរោងចក្រ។ សន្តិសុខក្រុមហ៊ុនបានរារាំងមិនឱ្យអ្នកយកព័ត៌មានចូលទៅជិតទីធ្លាតំបន់សេដ្ឋកិច្ចពិសេស ឬរោងចក្រឡើយ លុះពេលអ្នកយកព័ត៌មានទៅរកការបំភ្លឺពីសមត្ថកិច្ចទើបបើកឱ្យក្រុមកម្មករ កម្មការិនីចេញពីរោងចក្រ។
បើតាមមន្ត្រីរោងចក្រ Best Way ប្រាប់ឱ្យដឹងថា ម៉ូតូ២៦គ្រឿង ក្នុងមួយគ្រឿងមានតម្លៃចាប់ពី ៥០០ដុល្លារដល់១.៥០០ដុល្លារ រីឯកង់ និងសំលៀកបំពាក់មួយចំនួនធំមិនដឹងជាគិតជាទឹកប្រាក់ប៉ុន្មានទេ ។ កម្មករពុំមានតំណាងសហជីពដើម្បីជួយចូលដោះស្រាយជាមួយក្រុមហ៊ុន Best Way ទេ ទើបមានការព្រួយបារម្ភ និងសូមអំពាវនាវសុំឱ្យក្រសួងការងារទៅជួយធ្វើអន្តរាគមន៍ដោះស្រាយសំណងដល់កម្មករតាមតម្លៃទំហំការខូចខាត និងមានភាពយុត្តិធម៌ផង។ រហូតដល់ព្រឹកថ្ងៃទី១១ មីនា កម្មករបានធ្វើកូដកម្មមិនចូលធ្វើការ និងក្រោយមកកម្មករដែលមិនបានទទួលផលប៉ះពាល់បានសំរេចចិត្តចូលធ្វើការវិញ។ ទាក់ទិនករណីនេះកោះសន្តិភាពព្យាយាមទូរស័ព្ទទៅលោកអ៊ូ សាខឿន តំណាងក្រសួងការងារនៅប្រចាំតំបន់សេដ្ឋកិច្ចពិសេសដែរ តែលោកបានបិទទូរស័ព្ទ៕


ចែករំលែកព័តមាននេះ