ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​ធនាគារ​បរទេស​បង្ហាញ​ពី​ទំនុកចិត្ត​លើ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​អះអាង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ធនាគារ​ក្រៅប្រទេស​បាន​ចូល​មក​បណ្ដាក់ទុន និង​ស្នើ​សុំ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ជា​ធនាគារ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​ធនាគារជាតិ​ក៏​បាន​ត្រួតពិនិត្យ និង​ផ្ដល់​អាជ្ញាប័ណ្ណ​ជូន​ទៅ​តាម​លក្ខខណ្ឌ​របស់​ពួក​គេ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​អះអាង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ធនាគារ​ក្រៅប្រទេស​បាន​ចូល​មក​បណ្ដាក់ទុន និង​ស្នើ​សុំ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ជា​ធនាគារ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​ធនាគារជាតិ​ក៏​បាន​ត្រួតពិនិត្យ និង​ផ្ដល់​អាជ្ញាប័ណ្ណ​ជូន​ទៅ​តាម​លក្ខខណ្ឌ​របស់​ពួក​គេ​ផង​ដែរ ។ ការ​កើនឡើង​នៃ​ធនាគារ​បរទេស​នេះ ស្ដែង​ឲ្យ​ឃើញ​ពី​ការ​ផ្ដល់​ទំនុកចិត្ត​មក​លើ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ពិសេស​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​លោក រ័​ត្ន សុវណ្ណ​នរៈ បាន​មាន​ប្រសាសន៍​ថា វត្តមាន​របស់​សាខា​ធនាគារ​ក្រៅប្រទេស​នៅ​កម្ពុជា បាន​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​គាំទ្រ និង​ការ​រួមចំណែក​កាន់តែ​ច្រើន​របស់​វិនិយោគិន​ក្រៅប្រទេស មក​លើ​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​ជា​ទិស​ដៅ​មួយ​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។ លោក​បន្ដ​ថា ៖« ពួក​គេ​មាន​ជំនឿ​ជាក់​ទៅ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​បាន​មើលឃើញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​ជំរុញ​ឲ្យ​ពួក​គេ​បន្ដ​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​ជា​បន្ដបន្ទាប់ »​។

លោក​បន្ត​ថា វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​បន្ត​រីក​ចម្រើន​ទាំង​ទំហំ និង​វិសាលភាព​ប្រកបដោយ​សមភាព និង​បរិ​យា​ប័ន្ន ក្នុង​នោះ ប្រាក់​ប​ញ្ជើ​ក្នុង​ប្រ​ព​ន្ធ័​ធនាគារ​បាន​កើនឡើង​២២% ខណៈ​ឥណទាន​ក៏​មាន​កំណើន​ប្រមាណ​២១%​ផង​ដែរ ។ លោក​ថា ៖« ក្នុង​នាម​ជា​អាជ្ញាធរ​រូបិយ​វត្ថុ ធនាគារជាតិ​នៃ​កម្ពុជា បាន​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការ​ស្ដារ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​ធនាគារ​នៃ​កម្ពុជា បាន​បន្ត​ពង្រឹង​ការ​ត្រួតពិនិត្យ និង​បទ​ប្បញ្ញត្តិ​នានា យ៉ាង​យកចិត្តទុកដាក់ សំដៅ​ដល់​ការ​ធានា​បាន​នូវ​ភាពរឹងមាំ​នៃ​ប្រ​ព​ន្ធ័​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងមូល » ។

លោក Kim Do Jin ប្រធាន​ក្រុមប្រឹក្សា​ធនាគារ​របស់​សាធារណរដ្ឋ​កូរ៉េ ដែល​កំពុង​បើក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ចូល​មក​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ ដើម្បី​ទ្រទ្រង់​ដល់​ក្រុមហ៊ុន​នានា​របស់​កូរ៉េ ដែល​កំពុង​បណ្ដាក់ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អាជីវកម្ម​ក្នុងស្រុក ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។ លោក​បន្ត​ថា ៖« ក្នុង​នាម​ជា​ធនាគារ​រដ្ឋ​មួយ​របស់​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ផ្ដល់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​ដល់​អាជីវកម្ម​ខ្នាត​តូច ក្រោម​គោលដៅ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​បន្ថែម​ដល់​ពលរដ្ឋ​កម្ពុជា »​។

បើ​តាម​អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា ធនាគារ​ក្រៅប្រទេស​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​របស់​គេ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​នេះ​ដូច​គ្នា ។ ជាក់ស្ដែង​ធនាគារ​តៃវ៉ាន់​ដែល​បើក​នៅ​កម្ពុជា គឺ​ដើម្បី​គាំទ្រ​អាជីវកម្ម​របស់​វិនិយោគិន​តៃ​វ៉ា​ន៉​, ធនាគារ​ហុងកុង គាំទ្រ​ដល់​វិនិយោគិន​ហុងកុង ហើយ​ធនាគារ​កូរ៉េ ដែល​មក​បើក​នៅ​ស្រុក​ខ្មែរ ក៏​ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម និង​មុខរបរ​របស់​វិនិយោគិន​កូរ៉េ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

យោង​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០១៨ ធនាគារពាណិជ្ជ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា មាន​ចំនួន​៣៩ ក្នុង​នោះ​ធនាគារពាណិជ្ជ​មក​ពី​បរទេស​មាន​ចំនួន​១២ បូក​ជាមួយ​ធនាគារ​ថ្មី​របស់​កូរ៉េ​មួយទៀត​ឡើង​ដល់​១៣ ខណៈ​ធនាគារពាណិជ្ជ​ក្នុងស្រុក​មាន​ចំនួន​១២ និង បុត្រ​សម្ព័ន្ធ​ធនាគារ​ចំនួន​១៥ ។ ក្រៅពី​ធនាគារពាណិជ្ជ និង​ក៏​មាន​ធនា​ការ​ឯកទេស​ចំនួន​១៥​ផង​ដែរ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧៧​ផង​ដែរ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ផ្ដល់​ឥណទាន និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​នៅ​កម្ពុជា ក្នុង​នោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ និង​គ្រឹះស្ថាន​ផ្ដល់​ឥណទាន​ជនបទ​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ