ខេត្តតាកែវ ៖ ក្មេងទំនើងមួយក្រុមមានគ្នាពី៣-៤នាក់បានបើករថយន្តឡិចស៊ីសកូនកាត់ ដូចហោះរេចង្កូតទៅបុករោងការបាក់ខ្ទេច និងបន្តទៅបុករបងថ្ម ទើបទៅមុខលែងរួច សំណាងល្អហើយដែលរោងការកូនកម្លោះ កូនក្រមុំនោះសង់ឡើងនៅថ្ងៃចូលរោង បើចំថ្ងៃរៀបការវិញមិនដឹងថាមនុស្សប៉ុន្មាននាក់ត្រូវស្លាប់ និងរបួសទេ ។ ក្មេងទំនើង ឬម្ចាស់រថយន្តឡិចស៊ីសនោះជាកូនមន្ត្រីយោធាមានអំណាច និងប្រាក់បានស៊ីផឹកស្រវឹង បើករថយន្តបោះពួយបុករោងការ កាលពីថ្ងៃទី១២ មីនា ២០១១ វេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ។
ប៉ូលិសចរាចរក្រុងដូនកែវ បាននិយាយថា រថយន្តបង្កហេតុម៉ាកឡិចស៊ីស RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2M-2285 ជារបស់ឈ្មោះជ័យ ភេទប្រុស អាយុប្រហែជាង២០ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ និងជាកូនរបស់លោកអ៊ុង ណារិទ្ធ ជានាយទាហាននៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។ មុនពេលកើតហេតុរថយន្តបង្កបានបើកយ៉ាងលឿន ពីកើតទៅលិច លុះបើកមកដល់កន្លែងកើតហេតុ មិនដឹងជាយ៉ាងម៉េច រថយន្តបានរេចង្កូតទៅបុករោងការបណ្តាលឱ្យបាក់ខ្ទេច បន្ទាប់មកជ្រុលទៅបុកបង្គោលរបងថ្ម ឱ្យបាក់ដួល ទើបទៅមុខលែងរួច ប៉ុន្តែសំណាងល្អពុំមានអ្នកណាម្នាក់រងរបួសទេ ព្រោះថ្ងៃនោះជាថ្ងៃចូលរោង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រោងការនេះជាផ្ទះរបស់ឈ្មោះម៉ាក ប្រពន្ធឈ្មោះអ៊ី អូន ហេតុការណ៍អាក្រក់នេះកើតឡើងចំថ្ងៃចូលរោងការ ពេលយប់ បងប្អូនឪពុកម្តាយទាំងសងខាងបានចូលដេកខាងក្នុងផ្ទះអស់ លុះដល់វេលាអធ្រាត្រកំពុងដេកលក់ ស្រាប់តែឮសូរសំឡេងដូចរន្ទះប្រជាពលរដ្ឋរស់នៅទីនោះផ្អើលនាំគ្នារត់មកមើល ស្រាប់តែឃើញរថយន្តឡិចស៊ីសបុករបង និងរោងការបាក់ខ្ទេច ។ អ្នកជិះនៅក្នុងរថយន្តមានគ្នាពី៣ ទៅ៤នាក់ សុទ្ធតែប្រុសៗ នេះជាថ្ងៃចូលរោងការ តែបើសិនចំថ្ងៃរៀបការវិញ មិនដឹងជារថយន្តបង្កនោះបើកបុកមនុស្សស្លាប់ប៉ុន្មាននាក់នោះទេ ៕
ចែករំលែកព័តមាននេះ