ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់ផ្ដើម​ទិញ​សណ្តែកសៀង​អា​មេ​រិ​ក​វិញ​ហើយ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​មក​ថា ប្រទេស​ចិន​បាន​ទិញ​សណ្តែកសៀង​ជា​ច្រើន​ពី​សហរដ្ឋអាមេរិក ខណៈ​ដែល​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន ត្រូវ​បាន​កើត​មាន​ឡើង​តាម​រយៈ​ទូរស័ព្ទ…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​មក​ថា ប្រទេស​ចិន​បាន​ទិញ​សណ្តែកសៀង​ជា​ច្រើន​ពី​សហរដ្ឋអាមេរិក ខណៈ​ដែល​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន ត្រូវ​បាន​កើត​មាន​ឡើង​តាម​រយៈ​ទូរស័ព្ទ ។

លោក​ប្រធានាធិបតី​ត្រាំ បាន​ប្រាប់​ដល់​សារព័ត៌មាន​ក្នុង​បទ​សម្ភាសន៍​មួយ​ថា រដ្ឋាភិបាល​ចិន​បាន​ចូល​មក​ក្នុង​ទីផ្សារ​ទិញ​សណ្តែកសៀង​វិញ​ហើយ បន្ទាប់​ពី​មានការ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​១​ខែធ្នូ​កន្លង​មកនេះ ។

យ៉ាងណា​ក្តី ពាណិជ្ជករ​នៅ​រដ្ឋ Chicago បាន​និយាយ​ថា ពួក​គេ​មិន​ទទួល​បាន​ភស្តុ​តាង​គ្រប់គ្រាន់​បញ្ជាក់​ពី​ការ​ទិញ​នេះ​ឡើយ តាំងពី​ពេល​ដែល​ប្រទេស​ចិន​ដាក់​ពន្ធ​២៥%​លើ​សណ្តែកសៀង​នាំ​ចូល​ពី​អា​មេ​រិ​ក​នៅ​ខែកក្កដា​មក ។

លោក​ត្រាំ​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ថា ៖« ខ្ញុំ​ទើបតែ​លឺ​នៅ​ថ្ងៃនេះ​ថា​ពួក​គេ​នឹង​ទិញ​សណ្តែកសៀង​ជា​ច្រើន ។ ពួក​គេ​កំពុង​តែ​ចាប់ផ្តើម​ហើយ គឺ​ចាប់ផ្តើម​នា​ពេល​ប​ច្ចុ​ប​ប្បន្ន​នេះ​»​។ លោក​ត្រាំ​ក៏​និយាយ​ថា លោក​គិត​ថា​ប្រទេស​ចិន​នឹង​កាត់​បន្ថយពន្ធ​លើ​យានយន្ត​អា​មេ​រិ​ក​ក្នុង​ពេល​ឆាប់​ៗ​នេះ​ពី​៤០%​មក​ស្មើ​១៥%​ផង​ដែរ ។

មន្ត្រី​មួយ​រូប​មក​ពី​រដ្ឋាភិបាល​លោក​ត្រាំ​បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា ផែនការ​របស់​ប្រទេស​ចិន​ក្នុង​ការ​កាត់​បន្ថយពន្ធ​យានយន្ត​ត្រូវ​បាន​លើក​ឡើង​ក្នុងអំឡុងពេល​និយាយ​ទូរស័ព្ទ​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី Liu He របស់​ប្រទេស​ចិន និង​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​គឺ​លោក Robert Lightizer និង​រដ្ឋ​មន្ត្រីក្រសួង​រតនាគារ Steven Mnuchin ។

ជា​ធម្មតា កសិករ​អា​មេ​រិ​ក​អាច​នាំ​ចេញ​សណ្តែកសៀង​ប្រមាណ​១០០​ទូរថភ្លើង​ទៅ​កាន់​កំពង់​ផែ​អា​មេ​រិ​ក​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ប៉ុន្តែ​ឆ្នាំ​នេះ​បែរជា​ផ្ទុយ​គ្នា​ទាំងស្រុង​វិញ ព្រោះតែ​ប្រទេស ចិន​បញ្ឈប់​ការ​ទិញ​សណ្តែកសៀង​អា​មេ​រិ​ក បន្ទាប់​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដាក់​ពន្ធ​លើ​ផលិតផល​ចិន ។

គួរ​បញ្ជាក់​ដែរ​ថា កសិករ​អា​មេ​រិ​ក​ប្រមូល​ទិន្នផល​បាន​៤,៦​ប៊ី​លាន​កញ្ឆេ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ USDA បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​អស់​៩៤%​ទៅ​ហើយ បើ​ធៀប​នឹង​ឆ្នាំ​មុន ព្រោះ​ក្រុម​ហ៊ុន​ចិន​ត្រូវ​បាន​បញ្ជា​ឲ្យ​ឈប់​ទិញ​សណ្តែកសៀង​អា​មេ​រិ​ក និង​ស្វែងរក​អ្នក​ផ្គត់ផ្គង់​ដទៃ ។

អង្គការ​កសិកម្ម​សណ្តែកសៀង​អា​មេ​រិ​កបាន​ងាក​ទៅ​កាន់​ទីផ្សារ​ដទៃ​ដែរ​ដូច​ជា អេ​ហ្ស៊ី​ប អា​ហ្ស​ង់​ទី​ន និង​អុ​ី​រ៉​ង់​ជាដើម និង​បាន​បង្កើន​ការ​លក់​ទៅ​កាន់​សហភាព​អឺរ៉ុប និង​ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​នៅ​តែ​មិន​ស្មើនឹង​ទីផ្សារ​ចិន​ដដែល ។

ការ​ចាប់ផ្ដើម​របស់​ចិន​ក្នុង​ការ​ចូល​ទីផ្សារ​សណ្ដែកសៀង​របស់​អា​មេ​រិ​ក​វិញ​នេះ បង្ហាញ​ថា ស្ថានភាព​សង្គ្រាម​​ពាណិជ្ជកម្ម​រវាង​មហា​យក្ស​សេដ្ឋកិច្ច​ពិភពលោក​ទាំង​ពីរ​កាន់តែ​វិវត្តន៍​រក​ផ្លូវ​វិជ្ជមាន​ជា​បណ្ដើរ​ៗ​វិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ