ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​ទីម័រ​​ខាងកើតវិលត្រឡប់​​​បន្សល់​​ទុកកិច្ចសហប្រតិបត្តិការ​​ល្អ​​ និង​គាំទ្រ​​​​កម្ពុជា​​ពេញ​ទំហឹង

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រធានាធិបតី​​នៃសាធា​រណ​រដ្ឋ​​ប្រជាធិបតេយ្យ​​ទីម័រខាង​កើត ​លោកយ៉ូ​ហ្សេ រ៉ា​មូស ហ័រ​តា ​នឹង​វិវត្តន៍​ទៅកាន់​​ប្រទេស​ទីម័រ​ខាងកើត​វិញ​នៅ​​ថ្ងៃទី​​៣១ មីនា ២០១១ នេះ បន្ទាប់ពីបាន​​បញ្ចប់ដំណើរ​បំពេញ​ទស្សន​កិច្ច​​​ផ្លូវ​​រដ្ឋ​នៅ​​កម្ពុជា​រយៈ​ពេល​​​៣ថ្ងៃ ដោយ​ចាប់​ផ្តើម​​ពីថ្ងៃទី​​​២៩ មីនា នោះ​រួច​មក ។ ដំណើរ​ទស្សន​កិច្ច​​​​ផ្លូវ​រដ្ឋ​​របស់​ប្រមុខ​​ដឹកនាំ ប្រទេស​​ទីម័រ​ខាង​កើត​នេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​រឹ​ត​ចំណង​​សាមគ្គី​​ភាព និង​កិច្ច​សហ​ប្រតិបត្តិការ​​លើ​គ្រប់វិស័យ ​និង​ផ្លាស់ប្តូរ​​បទ​ពិសោធន៍​​ក្នុងនាម​ជា​​ប្រទេស​ស្ថិត​​នៅ​ក្នុង​តំបន់​ជា​មួយគ្នា ។​

នៅក្នុង​​ដំណើរទស្សន​កិច្ច​​នេះ​ដែរ ​ភាគីទាំង​​​២​ក៏​បានរកការ​គាំទ្រ​​បេក​្ខ​ភាព​​គ្នា​ទៅវិញ​ទៅមក ក្នុងនោះ លោកយ៉ូហ្សេ ​រ៉ា​មូស ហ័រ​តា ​បានគាំទ្រ​​បេក្ខ​ភាព​​កម្ពុជា ជា​សមាជិក​​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​​​សន្តិសុខ​​​អង្គការ​​សហប្រជាជាតិ​សម្រាប់​​អាណត្តិ​​​ឆ្នាំ​​២០១៣ និង​​២០១៤​។ ចំណែក​​កម្ពុជា​​ក៏​បាន​គាំទ្រ​ទីម័រ​​ខាងកើត​​​ជា​សមា​ជិក​ថ្មីទី​១១ របស់​សមាគម​ប្រជាជាតិ​​អាស៊ី​អាគ្នេយ៍​ ហៅកាត់​ថា អាស៊ាន ។ ​ជាមួយគ្នា​នេះ ​​ភាគីទាំង​​២ ក៏បានលើកឡើង​​ពីរចនា​សម្ព័ន្ធ​​ដឹកនាំ​​ស្ថាន​ភាព​​នយោបាយ​ និងសេដ្ឋកិច្ច​​ប្រាប់គ្នា​ទៅ​វិញទៅមក​ ក្នុងនោះ​កម្ពុជា​ក៏​បាន​លើក​ឡើង​​​ផង​ដែរពីស្ថានភាពយោធា​នៅ​​តាមព្រំដែន​​កម្ពុជា​-ថៃ​​ក៏ដូចជា​​ការ​ផ្ទុះ​​អាវុធ​ដាក់​គ្នា​​រវាង​កងទ័ព​កម្ពុជា​-​ថៃ នា​ពេលកន្លង​មក ។​

គួរ​​បញ្ជាក់​ថា នៅក្នុង​​ដំណើរ​បំពេញ​ទស្ស​​ន​កិច្ច​​ផ្លូវ​រដ្ឋ​​របស់​ប្រធានាធិបតី​​ទីម័រ​ខាង​កើត ​ដែល​ធ្វើ​ឡើង​តាមការអញ្ជើញ​​របស់សម្តេច​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​នេះ​ផងដែរ លោក​យ៉ូហ្សេ ​រ៉ាមូស ​ហ័រ​តា ​បានចូលក្រាប​បង្គំ​​គាល់​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី​ ​ព្រះមហាក្សត្រ​កម្ពុជា ចូល​ជួប​សម្តែង​​ការ​គួរ​សម​​ដាច់​ដោយឡែក​ពីគ្នា​ជា​មួយ​សម្តេច​​អគ្គមហា​ធម្មពោធិសាល ជា ស៊ីម ​ប្រធាន​​ព្រឹទ្ធសភា​ សម្តេច​​អគ្គ​មហា​ពញាចក្រី ហេង​ សំរិន ​ប្រធាន​រដ្ឋសភា និង​ជួប​ពិភាក្សា​​ការងារ​​ជា​​មួយ​សម្តេច​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ៕​