ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ សង្ឃឹមថា​អតីត​ប្រឆាំង​ដែល​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​សម្តែង​ក្តី សង្ឃឹមថា អតីតមន្ត្រី​គណបក្សប្រឆាំង​ដែល​ត្រូវ​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​ចំនួន​១១៨​នាក់ ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​សម្តែង​ក្តី សង្ឃឹមថា អតីតមន្ត្រី​គណបក្សប្រឆាំង​ដែល​ត្រូវ​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​ចំនួន​១១៨​នាក់ ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​កុំ​ឲ្យ​អតីតមន្ត្រី​១១៨​នាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​ទទួល យក​នីតិសម្បទា​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ ។ យ៉ាងណា​ក្តី​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន អះអាង​ថា ជា​ឧបាយកល​នយោបាយ​កាង​របស់​លោក សម រង្សី ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ធ្នូ​ថា ឆ្លងកាត់​ការ​ធ្វើ​នយោបាយ​ជាង​ម្ភៃ​ឆ្នាំ​មក ហើយ​ទណ្ឌិត សម រ​ង្ស៊ី នៅ​សល់​តែ​គូទ​ខោ និង​ឯក​កោ​កណ្តាលវាល​វដ្តសង្សារ​គ្មាន​កោះ​ត្រើយ ។ បរាជ័យ​ប៉ុណ្ណឹង​ហើយ សម រ​ង្ស៊ី នៅ​តែ​មាន​មហិច្ឆតា​កាង​នយោបាយ​ទៀត ហើយ នៅ​តែ​ចចេះ​ប្រើ​ឧបាយកល​ពិសពុល​កេង​អំណាច ។ លោក​បញ្ជាក់​ថា ប្រើ​ល្បិច​ធ្វើ​បក្ស​ប្រហារ​កាន់កាប់​តំណែង​ជា​ប្រធាន​បក្ស ដើម្បី​វ៉ា​តទី​ការ​ដឹកនាំ​បក្ស​ទាំង​ទទឹងទិស ។ ប្រើ​ល្បិច​ប្រកាស​មិន​ចរចា​ជាមួយ​រាជរដ្ឋាភិបាល​បំភាន់​ភ្នែក​អ្នកគាំទ្រ​ខ្លួន​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​តែ​ខ្លួនឯង​លួច​ទាក់ទង​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​តែ​ម្នាក់ឯង ដោយ​តាង​ខ្លួន​ជា​តំណាង​ផ្តាច់មុខ​» ។ លោក​បាន​បន្ថែម​ថា នៅ​ពល​ដែល​រដ្ឋសភា​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​ផ្តល់​នីតិសម្បទា​នយោបាយ​ដល់​អ្នក​ជាប់​បម្រាម​ស្រាប់តែ​ទណ្ឌិត​សម រ​ង្ស៊ី ចេញ​មក​គម្រាម​មិន​ឲ្យ​អ្នក​១១៨​ដាក់ ពាក្យ​ទទួលយក​ការ​លើកលែង​បម្រាម​នយោបាយ​ទៅ​វិញ​ចង់​ទុក​អ្នក​ទាំងនោះ​ជា​ចំណាប់ខ្មាំង​របស់​ខ្លួន ស្ថិត​នៅ​ក្រោម​ការ​សម្រេច​របស់​ខ្លួន​ទៅ​វិញ ។

លោក​បញ្ជាក់​បន្ថែម​ថា ទោះបី​ខ្លួន​អស់​តួនាទី​អ្វី​នៅ​ក្នុង​បក្ស​ក៏​លោក សម រ​ង្ស៊ី នៅ​តែ​ចចេះ​ធ្វើ​មុខ​ក្រាស់​នៅ​ដណ្តើម​តួនាទី​ដឹកនាំ​គេឯង​ដោយ​ឥត​អៀនខ្មាស់​។​តែ​ទោះបី​ប្រើ​ឧបាយកល​យ៉ាងណា​ក៏​ទណ្ឌិត សម រ​ង្ស៊ី មិន​អាច​សម្រេច​បាន​តាម​ចិត្ត​ចង់​នោះ​ទេ​នៅ​ទីបំផុត​មន្ត្រី​ក្នុង​ចំណោម​១១៨​ជា​ច្រើន​នឹង​ប្រើ​សិទ្ធិ​របស់​គេ​ម្នាក់​ៗ​ដាក់​ពាក្យ​ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ដោយ​មិន​ខ្វល់​នឹង​ឧបាយកល​រារាំង​របស់​ទណ្ឌិត សម រ​ង្ស៊ី ឡើយ​ដែល​ធ្វើ​ឲ្យ នយោបាយ​កាង​របស់​ទណ្ឌិត សម រ​ង្ស៊ី ត្រូវ​បរាជ័យ​ទាំងស្រុង ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​គេ​ដឹង​ថា ក្រុម​អ្នកគាំទ្រ​នយោបាយ​លោក​កឹ​ម សុខា គ្រោង​នឹង​ដាក់​ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​តាម ច្បាប់​អនុញ្ញាត ។ តាម​មតិ​មហាជន​នាំ​គ្នា​លើក​ឡើង​ថា ក្រុម​លោក កឹ​ម សុខា អាច​នឹង​ត្រូវ​បាន​ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ព្រោះថា អ្នកនយោបាយ​ដែល​គាំទ្រ​លោក កឹ​ម សុខា ភាគច្រើន​បាន​គោរព​សាលក្រម​តុលាការ​កំពូល​។
ចំណែក​ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី វិញ​ប្រហែល​មិន​ស្នើ​សុំ​នីតិសម្បទា​នោះ​ទេ ព្រោះថា ពួក​គេ​ស្តាប់​ការ​អំពាវនាវ​របស់​លោក សម រ​ង្ស៊ី ។ ជាង​នេះ​អ្នក​ដែល​គាំទ្រ​លោក សម រ​ង្ស៊ី ភាគច្រើន​មិន​បាន​គោរព​សាលក្រម​តុលាការ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ