ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាក់ទិន​ការ​ផលិត​វី​ដេ​អូ​«​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»…​ចាប់​បញ្ជូន​មក​កម្ពុជា​ដល់​គុក​ព្រៃ​.​ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ចុង​ក្រោយទទួលបាន​​នៅ​វេលា​ម៉ោង​៦​ល្ងាចថ្ងៃទី១៣ ធ្នូ (ជា​​ថ្ងៃ​ដដែល) លោក រ៉ាត់​ រត្ន​​មុនី ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ​និង​ចេញដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​.ស…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ចុង​ក្រោយទទួលបាន​​នៅ​វេលា​ម៉ោង​៦​ល្ងាចថ្ងៃទី១៣ ធ្នូ (ជា​​ថ្ងៃ​ដដែល) លោក រ៉ាត់​ រត្ន​​មុនី ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ​និង​ចេញដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​.ស ។ ចំពោះ​បទ​ចោទ​បែប​ណា​នោះ ក្រុម​មន្ត្រី​មិន​ទាន់​ឲ្យ​ដឹង​នៅឡើយ​ទេ ខណៈ​មានការ​នាំ​ខ្លួន​ចេញពី​សាលាដំបូង​ឆ្ពោះទៅ​កាន់​ពន្ធនា
គារ  ។​

​គួរបញ្ជាក់ថា រឿងរ៉ាវ​ដែលធ្វើ​ឱ្យ​មានការ​តាមដាន​ជាង​១​ស​ប្តា​ហ៍​មក​ហើយ ជុំវិញ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​លោក រ៉ាត់ រត្ន​មុនី នៅក្រុង​បាងកក ​តាម​សំណើ​របស់​កម្ពុជា​នោះ ពេលនេះ​ បាន​នាំ​ខ្លួន​មក​ដល់​កម្ពុជា​ហើយ​នា​រសៀល​ថ្ងៃ​ទី​១៣ ខែធ្នូ ដោយ​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​ម្តង ដែល​ជា​ការ​អនុវត្ត​តាម
ដីកា​នាំខ្លួន ​ដោយ​កងកម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ ។

ជាមួយនឹង​សំណុំរឿង​ចាប់ខ្លួន​នេះ នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ កាលពី​ព្រឹក​ថ្ងៃ​ដដែល​នោះ ក៏​មានការ​បង្ហោះ​ខ្សែ​វី​ដេ​អូ​មួយ​ ដែល​ជា​ហេតុ​ឈាន​ដល់​ការ​ចាប់ខ្លួន​លោក រ៉ាត់ រត្ន​មុនី​ដែរ​។ វី​ដេ​អូ​ឯកសារ​នោះ ​មាន​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ជា​ការ​ចាក់​ផ្សាយ​របស់​ស្ថានីយទូរទស្សន៍​រុ​ស្ស៊ី RT ដែល​វី​ដេ​អូ​ឯកសារ​នេះ​ត្រូវ​បាន​មន្ត្រី​រាជរដ្ឋាភិបាល​ចាត់​ទុក​ថា បាន​ប្រឌិត​រឿង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​កម្ពុជា ។

តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​និ​តិ​ជន បាន​នាំ​ខ្លួន​លោក រ៉ាត់ រត្ន​មុនី ប្រធាន​សហជីព​កម្មករ​សំណង់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ផលិត​ខ្សែ​វី​ដេ​អូ​រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក រ៉ាត់ រត្ន​មុនី អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វត្ត​អង្គ​តា​មិ​ុ​ញខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។
លោក រ៉ាត់ រត្ន​មុនី ត្រូវ​បាន​កម្លាំង​នគរបាលនាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការ​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ និង​នាំ​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នា​យប់​ថ្ងៃ​ទី​១២ ខែធ្នូ និង​បន្ត​នាំ​មក​កាន់​រាជ​ធានី​ភ្នំពេញ​នា​វេលា​ម៉ោង​១២​យប់ ។

លុះ​ព្រឹក​ថ្ងៃ​ទី១៣ ខែធ្នូ កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជា​ម្ចាស់​ករណី​ដើម្បី​បន្ត​នីតិវិធី ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពោល​គឺ​ជនជាប់ចោទ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​១​គ្រឿង បើក​ចូល​ដល់​ក្នុង​បរិវេណ​សាលា​ដំបូង តែ​ម្តង ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត​ថតរូប ឡើយ ។ នៅ​ពេល​ចូល​ដល់​សាលាដំបូង​ហើយ លោក រ៉ាត់ រត្ន​មុនី ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យ៉ាង​លឿន​ទៅ​កាន់​បន្ទប់​លោក ខៀវ ផល្លា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ​ដែល​កាន់​សំណុំរឿង​នេះ ។

មុន​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​(Human Rights Watch) បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ថៃ​កុំឱ្យ​បញ្ជូន​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្ន​មុនី ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ករណី​ផលិត​វី​ដេ​អូ​ឯកសារ​ពី​ការ​ជួញដូរ​ផ្លូវភេទ​ទៅ​ប្រទេស​កម្ពុជា តែ​ការ​អំពាវនាវ​នេះ​មិន​មាន​ប្រសិទ្ធភាព​ទេ ។ ភរិយា​លោក រ៉ាត់ រត្ន​មុនី គឺ​អ្នកស្រី ឡុ​ង គី​ម​ហ៊ា​ង និយាយ​ថា គាត់​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​សុខទុក្ខ​របស់​ស្វាមី​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរឃុំឃាំង​នៅ​ទីក្រុង​បាងកក​នោះ​ទេ ។

លោក រ៉ាត់ រត្ន​មុនី ដែល​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា បាន​ត្រូវ​ប៉ូលិស​ថៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ នៅ​ទីក្រុង​បាងកក ខណៈ​រូប​លោក​និង​គ្រួសារ កំពុង​ព្យាយាម​រត់​ភៀសខ្លួន​បន្ត​ទៅ​ប្រទេស​ហូ​ឡង់ ។ ប៉ូលិស​ថៃ​បាន​ប្រាប់​ភរិយា​របស់​លោក​ថា ពួក​គេ​ទទួល​បាន​សំណើ​ពី​សមត្ថកិច្ច​កម្ពុជា​ឱ្យ​ឃាត់ខ្លួន​និង​បញ្ជូន​លោក​ត្រឡប់​ទៅ​កម្ពុជា​វិញ ។

សមត្ថកិច្ច​កម្ពុជា​បាន​ចោទ​លោក រ៉ាត់ រត្ន​មុនី ថា​បានឱ្យ​លុយ​ទៅ​តួអង្គ​ម្តាយកូន​២​នាក់​ចំនួន​២០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​និយាយ​កុហក​ក្នុង​វី​ដេ​អូ​ឯកសារ ។ មន្ត្រី​រាជរដ្ឋាភិបាល​ថា ករណី​នេះ​មិន​អាច​លើកលែង​ឱ្យ​បាន​ឡើយ ព្រោះ​ជា​ការ​ប្រឌិត​រឿង​ប៉ះពាល់​ដល់​កិត្តិយស​និង​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ ត្រូវ​តែ​នាំ​ខ្លួន​មក​ទទួលទោស​តាម​ផ្លូវច្បាប់​នៅ​កម្ពុជា ។ វី​ដេ​អូ​ឯកសារ​«​ម្តាយ​ខ្ញុំ លក់​ព្រហ្មចារី​ខ្ញុំ​»​មាន​រយៈពេល​ជាង​២៧​នាទី បង្ហាញ​ពី​នារី​វ័យក្មេង​មិន​ទាន់​គ្រប់​អាយុ​៣​នាក់ ត្រូវ​បាន​លក់​ឱ្យ​បម្រើ​ផ្លូវភេទ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្រីក្រ​លំបាក ។

វី​ដេ​អូ​នេះ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​ជាង​១​លាន​៤​សែន​ដង​លើ​បណ្តាញ​យូ​ធូប​(You Tube) និង​ជាង​៥​សែន​ដង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ វី​ដេ​អូ​សង្ខេប​នេះ ក៏​បាន​ផ្តោត​លើ​គ្រួសារ​អតីត​ពលរដ្ឋ​បឹង​កក់​ផង​ដែរ ។

អត្ថបទសរសេរ ដោយ