ពួកគាត់ពិតជាសប្បាយចិត្តនៅពេលស្រូវឡើងថ្លៃបែបនេះ!

Sponsored

ខេត្តព្រះវិហារ ៖ នៅ​រដូវ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ កសិករ​ផលិត​ដំណាំ​ស្រូវ​នៅ​ខេត្តព្រះវិហារ​បាន​សម្តែង​ក្ដី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​បរិមាណ​ផល​ស្រូវ​ឆ្នាំ​នេះ​ទទួល​បាន​ទិន្នផល​ខ្ពស់ គុណភាព​ល្អ ស្រប​ពេល​តម្លៃ​ក៏​ខ្ពស់​ជាង​ឆ្នាំ​មុន ។

លោក ប៉ិល ថា​ន កសិករ​នៅ​ភូមិ​ក្របៅ ឃុំ​គូលែន​ត្បូង ស្រុក​គូលែន បាន​លើក​ឡើង​ថា ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ ឃើញ​ថា ទិន្នផល​មានការ​កើនឡើង រីឯ​តម្លៃ​វិញ​ក៏​ខ្ពស់​ដែរ ដោយ​ស្រូវ​សើម​ប្រភេទ​រំដួល​ក្នុង​១​គីឡូក្រាម ចន្លោះ​ពី​១.១០០​ទៅ​១.១៣០​រៀល ហើយ​ឈ្មួញ​បាន​ដើរ​ប្រមូល​ទិញ​ដល់​កន្លែង​ផ្ទាល់​តែ​ម្តង បើ​ធៀប​នឹង​ឆ្នាំ​មុន តម្លៃ​ស្រូវ​បាន​ត្រឹមតែ​៩០០​រៀល​ប៉ុណ្ណោះ កើនឡើង​ពី​២២%​ទៅ​២៥% ។ លោក​បន្ត​ថា ៖« ខ្ញុំ​បាន​ធ្វើស្រែ​ទំហំ​២​ហិ​កតា ក្រោយ​ពេល​ប្រមូល​ផល​រួច ខ្ញុំ​នឹង​លក់​ឲ្យ​ឈ្មួញកណ្តាល​ដែល​ដើរ​ប្រមូល​ទិញ​តាម​ភូមិ​ឃុំ ព្រោះ​ខ្ញុំ​មិន​ស្ថិត​ក្នុង​សមាជិក​នៅ​ក្នុង​សហគមន៍​កសិកម្ម​ដែល​ធ្វើស្រែ​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ ដោយសារ​តែ​ដីស្រែ​នេះ​ខ្ញុំ​ជួល​គេ​ធ្វើ »​។ យ៉ាងនេះ​ក្តី លោក​ថា ៖« ប្រសិនបើ​ខ្ញុំ​មាន​ដី​កសិកម្ម​ផ្ទាល់ ខ្ញុំ​ក៏​ចូល​ជា​សមាជិក​របស់​សហគមន៍​កសិកម្ម​នៅ​ក្នុងភូមិ​ដែរ ព្រោះ​មិន​បារម្ភ​ពី​តម្លៃ និង​ទីផ្សារ »​។

ដោយឡែក​អ្នកស្រី ជា ស្រី​យ័ន្ត កសិករ​រស់នៅ​ទីរួមស្រុក​គូលែន ក៏​បាន​លើក​ឡើង​ដែរ​ថា ឆ្នាំ​នេះ​ពួក​គាត់​អាច​ដាំ​ដុះ​ស្រូវ​ទទួល​បាន​ទិន្នផល​ជាង​ឆ្នាំ​មុន ដោយ​ទុក​សម្រាប់​ហូប​ក្នុង​១​ឆ្នាំ និង​សល់​បាន​លក់​មួយ​ចំនួន​ទៀត ។ បើ​ធៀប​នឹង​ឆ្នាំ​មុន អ្នកស្រី​ខំ​ធ្វើ​ដែរ តែ​មិន​បាន​ផល​ខ្ពស់​ដូច​ឆ្នាំ​នេះ​ឡើយ ។​អ្នកស្រី​បញ្ជាក់​ថា ៖« ឆ្នាំ​នេះ មិន​ត្រឹមតែ​ស្រូវ​ផ្តល់​ទិន្នផល​ខ្ពស់​ទេ តម្លៃ​ក៏​ខ្ពស់​ដែរ ហើយ​មិន​ពិបាក​ស្វែងរក​ទីផ្សារ​ទៀត »​។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោក ពឹង ទ្រី​ដា បាន​ឲ្យ​ដឹង​ថា ដំណាំ​ស្រូវ​សរីរាង្គ​ឆ្នាំ​នេះ​សម្រាប់​ខេត្តព្រះវិហារ មានការ​លូតលាស់​ល្អ​ជាង​ឆ្នាំ​មុន ដោយសារ​តែ​កម្រិត​ទឹកភ្លៀង​បាន​ធ្លាក់​មក​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​លូតលាស់ ជា​ពិសេស​ទៀត​នោះ ឆ្នាំ​នេះ​មិន​មាន​ទឹកជំនន់​ជន​លិច​ស្រែ​ចម្ការ​របស់​កសិករ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ ដូច្នេះ​ហើយ ការ​ខូចខាត​ស្រែ​ស្រូវ​របស់​ពួក​គាត់​មិន​មាន​ឡើយ ។ លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ៖« គិត​មក​ដល់​បច្ចុប្បន្ន​នេះ កសិករ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ កំពុង​តែ​មមាញឹក​ក្នុង​ការ​ច្រូតកាត់ ប្រមូល​ផល​ស្រូវ​ជា​បន្តបន្ទាប់​បាន​ប្រមាណ​៣០%​ហើយ ដោយ​ម្នាក់​ៗ​មាន​ទឹកមុខ​សប្បាយ​រីករាយ​ដោយសារ​តែ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​តម្លៃ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន »​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ កសិករ​ទូ​ទាំង​ខេត្ត​បាន​ផលិត​ដំណាំ​ស្រូវ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជិត​៩​ម៉ឺន​ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​មុន កើនឡើង​ជាង​១​ពាន់​ហិ​កតា ដែល​សុទ្ធសឹងតែ​ជា​ស្រូវ​ធម្មជាតិ​សុទ្ធសាធ មាន​ដូច​ជា ស្រូវ​ស ស្រូវ​ផ្ការំដួល ស្រូវ​នាង​អុក​-​នាង​អំ ជាដើម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ