ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​​កុន​ទំនើប​មួយ​ គ្រោង​ពង្រីក​បន្ថែម​ទីតាំង​ថ្មី​នា​ឆ្នាំ២០១៩ ដោយសារ​កំណើន​អ្នក​ទស្សនា​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ វិនិយោគិន​ខ្មែរ​មួយ​រូប​ដែល​វិនិយោគ​លើ​ការ​ផ្តល់​សេវា​រោងកុន​ទំនើប​នៅ​កម្ពុជា បាន​អះ អាង​ថា​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​អ្នក​ចូល​ទស្សនា​នៅ​ក្នុង​រោង​ភាពយន្ត​ទំនើប​ហាក់​មាន​​​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដូច្នេះ​ហើយ​វា​ទាមទារ​ឲ្យ​មានការ​បើក​ទីតាំង​រូបភាព​យន្ត​ទំនើប​បន្ថែម​ទៀត​ ​ដើម្បី​​បំពេញតម្រូវការ​របស់​អតិថិជន ។​ ​យោង​ទៅ​តាម​ប្រសាសន៍​របស់​លោក តែ…

​រាជធានី​ភ្នំពេញ​៖ វិនិយោគិន​ខ្មែរ​មួយ​រូប​ដែល​វិនិយោគ​លើ​ការ​ផ្តល់​សេវា​រោងកុន​ទំនើប​នៅ​កម្ពុជា បាន​អះ អាង​ថា​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​អ្នក​ចូល​ទស្សនា​នៅ​ក្នុង​រោង​ភាពយន្ត​ទំនើប​ហាក់​មាន​​​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដូច្នេះ​ហើយ​វា​ទាមទារ​ឲ្យ​មានការ​បើក​ទីតាំង​រូបភាព​យន្ត​ទំនើប​បន្ថែម​ទៀត​ ​ដើម្បី​​បំពេញតម្រូវការ​របស់​អតិថិជន ។​

​យោង​ទៅ​តាម​ប្រសាសន៍​របស់​លោក តែ សុង នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Legend (លេ​ជេន) ដែល
​ជា​ការ​វិនិយោគ​របស់​វិនិយោគិន​ខ្មែរ​សុទ្ធសាធ បាន​ប្រកាស​ថា នៅ​ឆ្នាំ ២០១៩​ខាង​មុខ​នេះ​គ្រោង​នឹង​បើក​ដំណើរ​ការ​៣​ទីតាំង​បន្ថែម​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្មើនឹង​២០​រោង ហើយ​គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ​ពី​៤​ទៅ​៨​លាន​ដុល្លារ​អា​មេ​រិ​ក ។​

​លោក តែ សុង មាន​ប្រសាសន៍​ថា ដោយសារ​តែ​កំណើន​នៃ អ្នក​ចូល​ទស្សនា​នៅ​ក្នុង​រោង​ភាពយន្ត​លេ​ជេន មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បាន​ធ្វើ​អោយ​រោង​ភាពយន្ត​នេះ ពង្រីក​ទីតាំង​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​​ដែរ ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​រោង​ភាពយន្ត​លេ​ជេន​មាន​២៨​រោង នៅ​ទីតាំង​ចំនួន ៦​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ភាគច្រើន​នៅ​តាម​ផ្សារ​ទំនើប​ធំ​ៗ​នៅ​ក្នុង​ប្រទេស និង​នៅ​តាម​មជ្ឈមណ្ឌល​កម្សាន្ត​នានា ក្នុង​ប្រទេស​​​កម្ពុជា ។​

​លោក​បន្ត​ថា ចាប់តាំងពី​ពេល​បើក​ដំណើរការ​ដំបូង នៅ​ក្នុង​ឆ្នាំ ២០១១ រោង​ភាពយន្ត​លេ​ជេន បាន​រីក​ចម្រើន​​ជា​បន្តបន្ទាប់ ជាមួយនឹង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ក្នុង​វិស័យ​ភាពយន្ត ហើយ​រោង​ភាពយន្ត​នេះ​ដែរ ក៏​ត្រូវ​បាន​ចាត់ទុកជា​រោង​ភាពយន្ត​ដែល​បាន​គិតគូរ លើក​ស្ទួយ​ពី​ភាពយន្ត​ខ្មែរ​ផង​ដែរ ជាក់ស្ដែង​លេ​ជេន​តែង​តែ​ផ្ដល់​ការ​សហការ​ជាមួយ​បណ្ដា​ផលិតកម្ម​នានា ក្នុង​ការ​ថត​ភាពយន្ត​ខ្មែរ និង​រៀបចំ​ពិធី​សម្ពោធ​ភាព​នានា នៅ​តាម​បណ្ដា​រោង​ភាពយន្ត​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា ។​

​លោក​បន្ថែម​ថា ក្នុង មួយ​ឆ្នាំ​ៗ​រោង​ភាពយន្ត​លេ​ជេន​ទាំង​៦​ទីតាំង និង ២៨​រោង ទទួល​បាន​អ្នក​ទស្សនា​សរុប​ប្រមាណ​៤​លាន​នាក់ ក្នុង​នោះ​ក៏​មាន​ជនបរទេស​ប្រមាណ​៣០​ភាគរយ​ផង​ដែរ ចូល​ទស្សនា ដើម្បី​ទទួល​បទ​ពិសោធន៍​រោង​ភាពយន្ត​ខ្មែរ ហើយ​បើ​គិត​ជា​ចំណូល​វិញ ក្នុង​មួយ​ឆ្នាំ​ៗ​អាច​រក​ចំណូល​បាន​ប្រមាណ​​១០​លាន​ដុល្លារ​អា​មេ​រិ​ក ។​លោក​ថា ៖« សម្រាប់​រោងកុន​ទាំង​៦​ទីតាំង​នេះ​ដែរ បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក​ប្រមាណ​ជាង​២០០​នាក់ ក្នុង​នោះ​មួយ​រោង​ត្រូវការ​បុគ្គលិក​ជា​មធ្យម​ពី​៤០​ទៅ​៤៥​នាក់ ដើម្បី​មើល​ការ​ខុស​ត្រូវ និង​ដើម្បី​បម្រើសេវា​កម្ម​ជូន​អ្នក​ទស្សនិកជន​របស់​ខ្លួន​» ។​

​នាយក​ប្រតិបត្តិ​រូប​នេះ បាន​បន្ថែម​ទៀត​ថា សម្រាប់​រោង​ភាពយន្ត​ដែល​នឹង​ត្រូវ​វិនិយោគ​បន្ថែម នៅ​ក្នុង​ប្រទេស កម្ពុជា​ក្នុង​មួយ​រោង​ៗ ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ពី​២០​ម៉ឺន​ដុល្លារ​ទៅ ៤០​ម៉ឺន​ដុល្លារ ទៅ​តាម​ទំហំ​និង​ការ​បំពាក់​បច្ចេកទេស​នៅ​តាម​រោង​ភាពយន្ត​ទាំងនោះ ។​

​លោក​តែ សុង បញ្ជាក់​ថា ទីតាំង​ទាំង​បី​ដែល​គ្រោង​នឹង​បើក​នៅ​ឆ្នាំ ២០១៩​នេះ រួម​មាន នៅ​ខេត្ត​ព្រះ​សីហ​នុ ១​ទីតាំង នៅ​រាជធានី​ភ្នំពេញ​ពីរ​ទីតាំង គឺ​នៅ​ផ្សារ​ទំនើប អូ​ឡាំ​ព្យា​ស៊ី​ធី និង​នៅ​ផ្សារ​ទំនើប Midtown តាម​បណ្ដោយ​ផ្លូវ ២០០៤ មួយ​ទីតាំង​។ ដោយឡែក​សម្រាប់​ផ្សារ​ទំនើប​ដែល​គ្រោង​នឹង​បើក​នៅ​កម្ពុជា នៅ​ថ្ងៃ​អនាគត​ក៏​ជា​សក្ដានុពល​សម្រាប់​ការ​ពង្រីក​វិសាលភាព​រោង​ភាពយន្ត​របស់​ខ្លួន​អោយ​កាន់តែ​ច្រើន​ផង​ដែរ ។​

​លោក​ព្រំ បញ្ញាវ័ន្ត ប្រធាន​ផ្នែក​ទីផ្សារ​នៃ​រោង​ភាពយន្ត លេ​ជេន ក៏​បានអោយ​ដឹងផង​ដែរ​ថា រោង​ភាពយន្ត​លេ​ជេន​តែងតែ ជំរុញ​លើកទឹកចិត្ត​ដល់​ផលិតករ​ខ្មែរ ដែល​មាន​បំណង​ផលិតភាព​យន្ត​ខ្មែរ ដោយ​រោងកុន​តែងតែ​សហការ​ផ្ដល់​នូវ​ទីតាំង​សម្រាប់​ថត និង​ផ្ដល់​ទីតាំង​សម្រាប់​ពិធី​ប្រកាស​ចាក់​បញ្ចាំង​រឿង​ជាដើម ។​

លោក​ថា ៖« ជា​ការ​កត់សម្គាល់ បច្ចុប្បន្ន​នេះ កំនើន​នៃ​អ្នកគាំទ្រ​ភាពយន្ត​ខ្មែរ និង​បរទេស​មាន​ប្រហាក់​ប្រហែល​គ្នា ពេល​ខ្លះ​រឿង​ខ្មែរ​ទទួល​បានការ​គាំទ្រ​ច្រើន​ជាង​រឿង​បរទេស ក្នុង​ករណី​រឿង​ខ្មែរ​មាន​បច្ចេក​ទេស ថត​ល្អ និង​ឈុត​ឆាក​គួរ​អោយ​ចង់​មើល ដូច​ជា​រឿង ការពារ​ឧ​ក្រិ​ដ​ជន រឺ​Jailbreak ជាដើម​» ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ