ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ផែ​ ស៊ូ ជីង សៀមរាប បង្ខំយកលុយភ្ញៀវ​ទេសចរ​ក្រៅសេវា កើតរឿងប្រកែកគ្នាបែកផ្សែង

13 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើននាក់ដែល​ធ្វើ​ដំណើរពីខេត្ត​សៀមរាប ទៅ​កាន់ខេត្ត​​បាត់ដំបង ​ឆ្លងកាត់​បឹង​ទន្លេសាប បាន​សំដែង​នូវការ​មិន​សប្បាយ​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​បុគ្គ​លិក​ក្រុមហ៊ុន​ វិនិយោគ​កំពង់ផែ​ ស៊ូជីង ដែលបាន​រារាំង​បង្ខំ​ឱ្យ​ពួកគេបង់​លុយ​ក្រៅ​សេវា។ នេះជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​សំរាប់​វិស័យ​ទេសចរណ៍​ដែល​កំពុង​​មាន​សក្តានុពល​ នា​ពេល​បច្ចុប្បន្ន​នៅកម្ពុជា។ ​កាលពី​ព្រឹកថ្ងៃទី​២១ តុលា ​ភាព​ប្រទាញ​ប្រទង់​​​គ្នា​មួយ​បានកើត​ឡើង

ខេត្ត​សៀមរាប ៖ ​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើននាក់ដែល​ធ្វើ​ដំណើរពីខេត្ត​សៀមរាប ទៅ​កាន់ខេត្ត​​បាត់ដំបង ​ឆ្លងកាត់​បឹង​ទន្លេសាប បាន​សំដែង​នូវការ​មិន​សប្បាយ​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​បុគ្គ​លិក​ក្រុមហ៊ុន​វិនិយោគ​កំពង់ផែ​ ស៊ូជីង ដែលបាន​រារាំង​បង្ខំ​ឱ្យ​ពួកគេបង់​លុយ​ក្រៅ​សេវា។ នេះជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​សំរាប់​វិស័យ​ទេសចរណ៍​ដែល​កំពុង​​មាន​សក្តានុពល​នា​ពេល​បច្ចុប្បន្ន​នៅកម្ពុជា។ ​កាលពី​ព្រឹកថ្ងៃទី​២១ តុលា ​ភាព​ប្រទាញ​ប្រទង់​​​គ្នា​មួយ​បានកើត​ឡើង​រវាង​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ស៊ូជីង ជាមួយ​ភ្ញៀវ​​ទេសចរ​ ខណៈ​ពេល​បុគ្គលិក​ក្រុមហ៊ុន​បានព្យា​យាម​​រារាំង​យ៉ាង​ដាច់​អហង្ការ ដើម្បី​បង្ខំ​ឱ្យភ្ញៀវ​បង់​លុយ​ចំនួន​២​ដុល្លារ បន្ថែម​ពីលើ​ថ្លៃ​សំបុត្រ​កា​ណូត​នោះ។​​ ក្រុម​មន្ត្រី​អាជ្ញាធរ រួម​នឹ​ង​មន្ត្រី​ក្រសួងទេស​ចរណ៍​​ បានធ្វើ​ការ​ស្តីបន្ទោស​ទៅលើ​ក្រុម​ហ៊ុន ​ស៊ូ​ជីង ​​ថា ធ្វើ​អ្វីៗ​​ស្រេចតែ​អំពើ​ចិត្ត ដោយពុំ​មាន​គោល​ការណ៍​តាមច្បាប់ នាំ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​ការ​ប្រឹ​ងប្រែង​ផ្សព្វ​ផ្សាយ​គោលនយោ​បាយ​ទេស​ចរ​ណ៍ជាតិ។

សេចក្តីរាយ​ការណ៍​​ពី​កំពង់ផែ​ក្រុមហ៊ុន​វិនិ​យោគ​​ស៊ូជីង ដ៏ចំរូង​ចំរាស​នេះ​បាន​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង​៧ព្រឹកថ្ងៃទី​២១ តុលា គេ​​ឃើញ​​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​មាន​​គ្នា​ចំនួន​២៤​នាក់ បានជិះ​រថយន្ត​មក​កាន់​​កំពង់​​ផែ​នោះ ដើម្បី​បន្ត​ដំណើរ​ឆ្លង​កាត់បឹង​ទន្លេសាប​ឆ្ពោះ​​ទៅខេត្ត​បាត់​ដំបង​ តាម​​ជើង​កាណូត​ក្រុ​មហ៊ុន «អង្គរ​អ៊ិច​ប្រេស»។ ​ប៉ុន្តែ​ខណៈ​ពេល​ពួកគេ​បំរុងចុះ​កា​ណូត​ ស្រាប់តែ​​មាន​បុគ្គលិក​ និងសន្តិសុខរបស់​ក្រុម​ហ៊ុន​ស៊ូជីង​ប្រមាណ​១០​នាក់ បានធ្វើ​សកម្ម​ភាព​​រារាំង​​​ផ្លូវ​ រួច​បង្ខំ​ឱ្យពួក​គេបង់​លុយ​ក្នុង​ម្នាក់ៗ​​ចំនួន​ពីរ​ដុល្លារ​ថែមទៀត​ ទើបអនុញ្ញាត​ឱ្យ​ចុះ​​​កាណូត​បាន។​ សេចក្តី​រាយ​ការណ៍​ដ​ដែលបានបន្តទៀត​ថា ក្រោយពីមានការ​ស្ទាក់​ឃាត់ដំណើរ​នោះ មាន​ភ្ញៀវ​ចំនួន​១២​នាក់ បានបង្ខំចិត្ត​​បង់លុយ​តាម​ការ​តំរូវ​ ក្រៅពីនោះ​បាន​ប្រកែក​មិន​យល់ព្រម ដោយប្រាប់ថា គេបាន​​ទិញសំបុត្រ​កាណូត​ក្នុង​​ម្នាក់​២០ដុល្លារ​រួច​ហើយ រឿង​អី​ឱ្យគេ​បង់​លុយ​ថែម​យ៉ាង​ដូច្នេះ​។ ការ​ឃាត់ស្ទាក់​បាន​អូស​បន្លាយ​​អស់​រយៈ​ពេល​ជិត​មួយ​ម៉ោង ហើយ​​នៅ​ពេល​ម៉ោង​កំណត់​នៃការចេញ​កាណូត​បាន​ខិត​ជិត ​មក​ដល់​ភ្ញៀវ​ទាំង​អស់​បាន​ប្រឹង​ប្រែង​សំរុកទៅ​មុខ ហើយក្រុម​អ្នក​បំរើ​ការ​ក្រុមហ៊ុន​ស៊ូជីង​ក៏​ព្យា​យាម​រាំង​ខ្ទប់ឱ្យ​ខាង​តែ​បាន។​ ខណៈ​សម្លេង​​ស៊ី​ប្លេ​​កាណូត​​ដែល​នៅ​ជាប់​ស្ពាន​​កំពង់​​ផែ​ប​ន្លឺ​ឡើង ​បាន​ជំរុញ​ភ្ញៀវ​​ ឱ្យ​សំរុក​​មក​បុក​បា​រ៉ា​ស់​របស់​ក្រុម​អ្នក​ស្ម័​គ្រ​ស្មោះ​ជាមួយ​ក្រុមហ៊ុន​ស៊ូ​ជី​ង​ធ្វើ​ឱ្យ​​មាន​ការ​រុញ​​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់​ព័ត៌​មាន​​ដ៏​អា​ក្រក់​​នេះ លេចឮ​ដល់​អា​ជា្ញ​ធរ​ខេត្ដ​ទើប​មាន​ភាព​​ធូរ​ស្រាល​​ឡើង​​វិញ​។

ភ្ញៀវ​ទេសចរ​ម្នាក់​ឈ្មោះ បែ​ដ ធែ​ន ផែន ជា​​ជនជាតិ​អង់គ្លេស ដែល​បាន​ប្រវាយប្រតប់ នៅ​​ក្នុង​ហេតុ​ការណ៍​​នោះ​បាន​និយាយ​ទាំង​ខឹង​សម្បា​ថា នេះ​ជា​ព្រឹត្ដិការ​ណ៍​ដ៏​អាក្រក់​​ ​ដែល​​គេ​​​ពុំ​​ធ្លាប់​ដែល​បាន​ជួប​ប្រទះ​ ក្នុង​មួយ​ឆាក​ជីវិត​នេះ​។​ ចំណែក​​​ស្ដ្រី​​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​​ទៀត ​ឈ្មោះ​លី​ន​ដឺ ស្ទេ​វេន ក្នុង​វ័យ​ប្រហែល​ជាង​៥០​ឆ្នាំ ស្ថិត​​ក្នុង​​សភាព​​ខឹង​​ឡើង​​ញ័រ​​មាត់ បាន​​និយាយ​​ថា ​​កម្ពុជា​ជា​ប្រទេស​មួយ​មានទេស​ភាព​ស្រស់ត្រ​កាល រួម​ទាំង​ប្រជាពលរដ្ឋ​មាន​​ភាព​ស្លូតបូត​រាក់ទាក់ មិន​គួរ​ណា​បុគ្គលិក​ទាំង​​អស់​នេះ​ធ្វើអំពើ​​បែបនេះ​សោះ​។ ​ទាក់ទិន​ជាមួយ​ហេតុ​ការ​ណ៍​នេះ​ លោកមាស ចាន់​ណា​រិ​ទ្ធ តំណាង​ក្រុមហ៊ុន «អង្គរ​អ៊ិច​ប្រេ​ស» ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​៤ ​ដែល​បំរើ​សេវា​កម្ម​ដឹក​ភ្ញៀ​វ​ទេសចរ​ចេញចូល​ខេត្ដ​សៀម​រាប​-​បាត់ដំបង» បាន​ថ្លែងប្រាប់​ថា ​ភាព​ចំ​រូង​ចំរាស​ទាំងនោះ​វា​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ថ្ងៃ​ទី​១៩ ខែតុលា​​ ក្រោយ​ពេល​​ក្រុមហ៊ុន​វិនិ​យោគ​​កំពង់​​​ផែ​ស៊ូ​ជី​ង ​​មាន​មូលដ្ឋាន​នៅ​សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប អនុវត្ដ​បង្ខំ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ឆ្លងកាត់​បង់លុយ​ចំនួន​ពីរ​ដុ​ល្លារ ​ដូច​ភ្ញៀវ​ទេស​ចរ​​ចូល​លំ​ហែ​​​នៅ​បឹង​​ទន្លេសាប​ដែរ ដែល​ពី​មុន​​មក​​មិន​ធ្លាប់​មាន​ទេ។

លោក​បាន​បន្ដ​ថា ​ការ​បង្ខំ​ឱ្យ​ភ្ញៀវ​បង់លុយ​នោះ​ខាង​ក្រុមហ៊ុន​កំពង់​​ផែ​ពុំ​​មាន​ឯកសារ​ផ្លូវ​ច្បាប់​​ពី​អា​ជា្ញ​ធរ​ខេត្ដ​​​ទេ​គឺ​គេ​កំណត់​អនុ​វត្ដ​​ដោយ​ខ្លួនឯង​ទើប​បង្ក​ការ​ច្របូកច្របល់​ដល់​ថ្នាក់​ហ្នឹង។ ស​ព្វ​​ថ្ងៃ​កាណូត​ដឹក​ភ្ញៀវ​​ពី​សៀមរាប ទៅ​បាត់​ដំបង​ ឬ​ទៅ​ភ្នំពេញ ម្នាក់​ៗ​ស្ទើ​រ​​តែដួល​ក្ស័យធន​អស់​ទៅ​ហើយ ចាប់តាំងពី​ផ្លូវជាតិ​លេខ៦ និង​លេខ​៥ ធ្វើ​ស្អាត​រួច​មក ព្រោះ​មាន​រថយន្ដក្រុង​រត់​ច្រើន​ជា​ពិសេស​តំលៃ​ថោ​ក​ជាង និង​​ប្រើ​ពេល​តិច​ជាង​ផង បើ​ក្រុម​ហ៊ុ​ន​មក​​កំណត់​ឱ្យ​ភ្ញៀវ​បង់លុយ​ទៀត​ច្បាស់​ជា​ដាច់​បាយ​មិន​ខាន​។ លោក​​បន្តទៀត​ថា ​កន្លង​មក​ខាង​ក្រុមហ៊ុន​កា​ណូត​​​ដឹក​ភ្ញៀវ​របស់​ពួក​គាត់​បាន​បង់លុយ​ថ្លៃ​ចំណតកំពង់​​ផែ​រាល់​ជើង​ រឿង​អី​មក​កំណត់​យក​លុយ​ពី​ភ្ញៀវ​ទៀត​។
អភិបាលរង​ខេត្ដសៀមរាប លោក​ប៊ុ​ន​ ថាឫ​​ទ្ធិ បាន​ថ្លែង​ថា ​កន្លង​មក​ក្នុង​ដីកា​​ព្រម​ព្រៀ​ងរ​​វាង​​អាជ្ញា​ធរ​ខេត្ដ ជាមួយ​ក្រុមហ៊ុន​វិនិយោគ​កំពង់​​ផែ​ស៊ូ​ជី​ង​នោះ​ បាន​កំណត់​ឱ្យ​ក្រុមហ៊ុន​យក​ថ្លៃ​ពីរ​ដុល្លារ​ ពី​ភ្ញៀវ​ទេសចរ​​បរ​ទេស​ដែល​ចូល​ទស្សនា​មាត់បឹង​ទន្លេសាប តែ​មិន​​​មាន​គោល​ការ​ណ៍​ឱ្យ​យក​លុយ​ពី​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​នោះ​ទេ​។ លោក​បាន​បន្ដ​ដោយ​របៀប​​ស្ដីបន្ទោស​ទៅ​លើ​ក្រុមហ៊ុន​កំពង់​ផែ​នោះ​ថា ​ពេល​នេះ​បើ​ក្រុមហ៊ុន​ទៅ​យក​លុយ​បែប​ហ្នឹង​វា​ខុសច្បាប់​ហើយ ហើយ​លោក​នឹង​ឱ្យ​មន្ដ្រី​ជំនាញ​និង​សមត្ថ​កិច្ច​ចុះ​ទៅ​​ពិ​និត្យ​មើល មិន​អាច​អនុញ្ញាត​ឱ្យ​​ធ្វើ​ដូច្នេះ​ទេ។

រដ្ឋមន្ដ្រីក្រសួង​ទេសចរ​ណ៍​លោក​ថោ​ង ខុន នៅ​​ព្រឹក​​ថ្ងៃ​​ទី​២១​ តុលា​​ បាន​មាន​ប្រសា​ស​ន៍​ប្រាប់​​តាម​ទូរ​សព្ទ័​ថា ​ចំពោះ​គោល​ការណ៍​​ដែល​ក្រុម​ហ៊ុន​ស៊ូ​ជី​ង ទៅ​យក​លុយ​ពី​ភ្ញៀវ​ទេស​ចរ​ឆ្លង​កាត់​បន្ថែម​ពីលើ​តំលៃ​សំបុត្រ​កាណូត​នោះ ​ខាង​លោក​មិន​បានដឹង​ទេ ព្រោះ​វា​ជា​ដែន​សមត្ថកិច្ច​គ្រប់​គ្រង​របស់​អា​ជា្ញ​ធរ​ខេត្ដ។ ​លោក​រដ្ឋ​មន្ត្រី​​​បាន​បន្ត​ថា បច្ចុប្បន្ន​ក្រសួង​កំពុង​ប្រឹងប្រែង​បង្កើន​​​ការ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​ទេស​ចរណ៍​​​ជាតិ ដើម្បី​​កំណើន​ភ្ញៀវ​គេ​មក​លេង​ស្រុក​យើង​ឱ្យ​បាន​ច្រើន ហើយ​បើ​ក្រុម​ហ៊ុន​វិនិយោគ​ស៊ូ​ជី​ង​ធ្វើ​សកម្មភាព​បែប​ហ្នឹង​វា​ប៉ះពាល់​​ធ្ងន់ធ្ងរ​ណាស់​ដល់​គោលនយោបាយ​ទេ​ស​ចរ​ណ៍​ជាតិ​​របស់​យើង​។ លោក​បន្ថែម​ថា លោក​នឹង​តំរូវ​ឱ្យ​អ្នក​ណា​ដែល​ទៅ​ឈ្លោះ​ជាមួយ​ភ្ញៀវ​នោះ​ធ្វើ​កំណ​ត់​​ហេតុ​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​មក​ក្រសួង​ដើម្បី​ពិនិត្យ ព្រោះ​​អ្នក​ណា​ក៏​យើង​មិន​អនុញាត​ឱ្យទៅ​ឈ្លោះ​ជាមួយ​ភ្ញៀវ​ទាំង​ទទឹង​ទិស​ដូច្នេះ​​ដែរ។ រឿងរ៉ាវ​ទាំង​ប៉ុន្មាន​អាច​ដោះស្រាយ​គ្នា​តាម​ក្រោយ​​ រង់​​ចាំ​ឱ្យ​ភ្ញៀវ​គេ​ទៅ​​​ផុត​សិន​។

អគ្គនាយក​ក្រុមហ៊ុន​វិនិយោគ​កំពង់​ផែ​ស៊ូ​ជី​ង ដែល​មានរឿង​ចំ​រូង​​ចំរាស​មិន​ឈប់​ឈរ លោក វ៉ា ឈូ​ដា កាលពី​រសៀល​ថ្ងៃ​ដដែលនោះ​​បាន​ថ្លែង​ថា ​ការ​កំណត់​យក​តំលៃ​ពីរ​ដុល្លារ​ពី​ភ្ញៀវ​ទេស​ចរ​ឆ្លងកាត់​នោះ​គឺ​​ធ្វើ​ឡើង​តាម​ច្បាប់​ បើ​មិនជឿ​ទៅ​​មើល​កិច្ចសន្យា​ជាមួយ​សាលាខេត្ដ​ទៅ​។ លោក​​​បាន​ទំលាក់​កំហុស​ទៅ​លើ​ក្រុមហ៊ុន​កាណូត​ដឹក​ភ្ញៀវ​ទាំងនោះថា ​ជា​មេ​បញ្ហា ដែល​រឿង​ហ្នឹង វា​កើត​ឡើងជា​យូ​រយារ​ណាស់​មក​ហើយ។ ​ភាព​ចំ​រូង​ចំរាស​រវាង​ក្រុមហ៊ុន​វិនិយោគ​កំពង់​ផែ​ស៊ូ​ជី​ង​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ប្រកប​របរ​រត់​កាណូត ​តែងតែ​ឃើញ​ផ្ទុះ​ឡើងជា​ហូរហែ មិន​ចេះ​​ដាច់ ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ឆ្នាំ​២០១០ ​ក្រុម​កម្មករ​សំណង់​រួម​ទាំ​ង​សន្ដិសុខ​ឯកជន​របស់​ក្រុមហ៊ុន​​នេះ​ក៏​មានការ​ប៉ះ​​ទង្គិច​គ្នា​មួយ​​ប្រាវ​រហូត​ដល់​ផ្ទុះអាវុធ​រវាង​បុគ្គ​លិក​​នាយក​ដ្ឋាន​សណ្ដាប់ធ្នាប់​និង​សហប្រតិ​បត្ដិ​ការ​​នៃ​​អគ្គ​នាយកដ្ឋាន​អា​ជា្ញ​អប្សរា ខណៈ​ដែល​ក្រុម​អា​ជា្ញ​ធរ​បាន​ចុះ​ទៅ​ផ្អាក​ការ​សាងសង់​នៅ​ក្នុង​បរិ​វេ​ណ​ក្រុមហ៊ុនអគ្គិសនី​ស៊ូ​ជី​ង ស្ថិត​នៅ​ភូមិ​ថ្នល់​ សង្កាត់​ស្រ​ងែ​ ក្រុង​សៀមរាប ផង​ដែរ​៕