ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​អាច​ឆ្លង​ទៅ​លេង​ថៃ​បាន​ក្នុង​អំឡុង​ពិធីបុណ្យសមុទ្រ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្នុង​ឱកាស​ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​របស់​ខ្លួន​ដែល​នឹង​រៀបចំ​យ៉ាង​ឱឡារិក​នៅ​ខេត្តកោះកុង​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ខាង​មុខ​នេះ អាជ្ញាធរ​កម្ពុជា និង​ភាគី​ថៃ បាន​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ បាន​ចេញចូល​ឆ្លងកាត់​ព្រំដែន​ដោយ​មិន​ចាំបាច់​មាន​លិខិតឆ្លងដែន និង​គ្រាន់តែ​មាន​អត្តសញ្ញាណប័ណ្ណ​ប៉ុណ្ណោះ…

ខេត្តកោះកុង ៖ ក្នុង​ឱកាស​ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​របស់​ខ្លួន​ដែល​នឹង​រៀបចំ​យ៉ាង​ឱឡារិក​នៅ​ខេត្តកោះកុង​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ខាង​មុខ​នេះ អាជ្ញាធរ​កម្ពុជា និង​ភាគី​ថៃ បាន​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ បាន​ចេញចូល​ឆ្លងកាត់​ព្រំដែន​ដោយ​មិន​ចាំបាច់​មាន​លិខិតឆ្លងដែន និង​គ្រាន់តែ​មាន​អត្តសញ្ញាណប័ណ្ណ​ប៉ុណ្ណោះ ហើយ​បើ​មាន​បំណង​ចង់​បើករថយន្ដ​ចូល ត្រូវ​មាន​ប័ណ្ណបើកបរ​ដែល​មាន​សុពលភាព និង​ប័ណ្ណ​សម្គាល់​យានយន្ដ​ដាក់​ជាប់​តាម​ខ្លួន​ជា​ការ​ស្រេច​។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍ ។

ក្រសួង​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​លេង​បុណ្យ​សមុទ្រ​ក្នុង​រយៈពេល​៣​ថ្ងៃ ក៏​អាច​ឆ្លង​ទៅ​លេង​ដល់​ខេត្ត​ត្រា​ត នៃ​ប្រទេស​ថៃ​បាន ដោយ​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ជាមួយ ហើយ​បើ​ចង់​បើករថយន្ត​ចូល​ខ្លួនឯង ត្រូវ​មាន​ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ​។ ក្នុង​ករណី មាន​ក្មេង​តូច​ៗ​ទៅ​ជាមួយ​ត្រូវ​យក​រូបថត​ទៅ​ផង ពោល​គឺ​មិន​ចាំបាច់​មាន​លិខិតឆ្លងដែន​ក៏​បាន (​តែបើ​មាន​លិខិតឆ្លងដែន Passport ក៏​គួរ​យក​តាម​ផង​កាន់តែ​ងាយស្រួល​)​។

ក្រសួងទេសចរណ៍​បន្ដ​ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ (​ជុំ​ទី​២) នៅ​ខេត្តកោះកុង​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៤-១៥-១៦ ខែធ្នូ​ខាង​មុខ ក្រោម​ប្រធានបទ « ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​នឹង​អញ្ជើញ​បើក​ពិធី​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ធ្នូ ២០១៨ ។ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ចុង​ក្រោយ ស្ដី​ពី ការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​សាលាខេត្ត​កោះកុង នា​ថ្ងៃ​ទី​១០ ខែធ្នូ កន្លង​មក លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អះអាង​ថា ភាគី​កម្ពុជា និង​ភាគី​ថៃ​បាន​សម្រប​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទាំង​សងខាង ក្នុង​ការ​ទៅ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តកោះកុង និង​ខេត្ត​ត្រា​ត​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​ខាង​មុខ​នេះ ។

លោក​រដ្ឋមន្ត្រី បញ្ជាក់​ថា ៖« ពេល​នេះ ផ្លូវជាតិ​លេខ​៤៨ បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ហើយ​។ ពលរដ្ឋ​ដែល​ទៅ​ទស្សនា​ពិធីបុណ្យ​សមុទ្រ​ហើយ​មាន​បំណង​ចង់ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ត្រា​ត ប្រទេស​ថៃ ត្រូវ​យក​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ ហើយ​ប្រសិនបើ​មាន​កូនចៅ​ក្មេង​ៗ​ទៅ​ជាមួយ ត្រូវ​ដាក់​រូបថត​របស់​ពួក​គេ​ទៅ​ជាមួយ​ផង ដើម្បី​បញ្ជាក់​ជូន​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រកព្រំដែន​ចាំ​យាម »​។

លោក​ជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ចង់​បើករថយន្ត​របស់​ខ្លួន​ទៅ​ផ្ទាល់​ទេ ក៏​អាច​ផ្ញើ​រថយន្ត​នៅ​វត្ត​ចាំ​យាម ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​បាន ហើយ​គេ​នឹង​មាន​រថយន្ត​ពី​ខាង​ថៃ​មក​ទទួល​ទៀត​ផង ។ លោក​ជំទាវ​បញ្ជាក់​បន្ថែម​ថា ៖« បើ​បងប្អូន​ចង់ទៅ​ស្នាក់​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​នៅ​ខ្ល​ង​យ៉ៃ ឬ​ទីរួមខេត្ត​ត្រា​ត​ក៏​បាន​ដែរ ដែល​មាន​តម្លៃ​សមរម្យ ក្នុង​នោះ​ខេត្ត​បាន​រៀបចំ​បញ្ជរ​ព័ត៌មាន​ចំនួន​៣​ទីតាំង​គឺ​នៅ រង្វង់​គល់​ស្ពាន​កោះកុង , នៅ​វត្ត​ចាំ​យាម និង​នៅ​ច្រក​ទ្វា​អន្តរជាតិ​ចាំ​យាម »​។

ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តកោះកុង​ក៏​បាន​សហការ​គ្នា​រៀបចំ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​ទៀត សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​ដូច​ជា រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ​, តំបន់​អេកូ​ទេសចរណ៍​ឆាយ​អា​រ៉ែ​ង​, តា​តៃ​, ព្រៃកោងកាង​, ឆ្នេរ​ខ្សាច់​ប៉ាក់​ខ្ល​ង​, រមណីយដ្ឋាន​ចេតិយ​ឃុន​ឆាង​, តំបន់​ជុំវិញ​ក្រុង​ខេមរភូមិន្ទ ព្រមទាំង​កម្មវិធី​កីឡា និង​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ