ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​…​អាជ្ញាធរ​ស្រុក​បដិសេធ ឯ​ប្រធាន​មន្ទីរ​កសិកម្ម​ថា​មាន​មែន​…!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​ប្រភព​​​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បណ្តាញ​សង្គមហ្វេ​សបុ​៊​ក បានឱ្យ​ដឹង​ថា ជា​ច្រើន​ខែ​ណាស់​មក​ហើយ ​ដី​ស្ថិត​ក្នុង​គម្រប​ព្រៃឈើ​របស់​រដ្ឋនៅ​ចំណុច​ភ្នំ​ពាម​លោក និង​ភ្នំ​សុរិយា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំក្រាំង​ស្គា ស្រុក​ទឹកផុស…

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​ប្រភព​​​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បណ្តាញ​សង្គមហ្វេ​សបុ​៊​ក បានឱ្យ​ដឹង​ថា ជា​ច្រើន​ខែ​ណាស់​មក​ហើយ ​ដី​ស្ថិត​ក្នុង​គម្រប​ព្រៃឈើ​របស់​រដ្ឋនៅ​ចំណុច​ភ្នំ​ពាម​លោក និង​ភ្នំ​សុរិយា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំក្រាំង​ស្គា ស្រុក​ទឹកផុស ត្រូវ​បាន​ក្រុម​ជនល្មើស ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​រាប់​ពាន់​ហិ​កតា ដើម្បី​រៀបចំ​លក់​ទៅ​ឱ្យ​​ចិន ។

ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ រដ្ឋបាល​ស្រុក​ទឹកផុស​ បាន​ធ្វើការ​បដិសេធ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មិន​មានការ​រំលោភ​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​ឡើយ ។ ទោះជា​យ៉ាងនេះ​ក្តី ប្រធាន​មន្ទីរ​ក​សិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ប្រាប់​ភ្នា​ក់ងារ​ព័ត៌មាន ​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ​ថា ពិតជា​មានការ​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​នៅ​ចំណុច​ភ្នំ​សុរិយា​មែន ហើយ​លោក​ថែម​ទាំង​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​ឃាត់​គ្រឿងចក្រ​បាន​ចំនួន​៣​គ្រឿង​ទៀត​ផង កាលពី​ពេល​ថ្មី​ៗ​នេះ ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទខេត្ត លោក ងិ​ន ហ៊ុន បាន​បញ្ជាក់​ថា កាលពី​ចុងខែ​វិច្ឆិកា​កន្លង​ទៅ លោក​ពិតជា​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​គ្រឿងចក្រ ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​នៅ​ចំណុច​ភ្នំ​សុរិយា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ប្រាកដ​មែន ដោយ​ចាប់​បាន​គ្រឿងចក្រ​ប្រភេទ​ប៊ុល​ដូ​ហ្សែ​៊​រ​ចំនួន​៣​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​នៅ​ចំណុច​ភ្នំ​ខាងលើ ។

ប៉ុន្តែ​ពេល​ប្រតិបត្តិការ​បង្ក្រាប ប៊ុល​ដូ​ហ្សែ​៊​រ​២​គ្រឿង​ បាន​ព្យាយាម​បើក​រត់គេច​ ក៏​បណ្តាល​ឱ្យ​ខូច​មិន​អាច​បើកបរ​បាន ទើប​មន្ត្រី​ជំនាញ​យក​បាន​តែ​មួយ​គ្រឿង​មក​ដាក់​នៅ​មន្ទីរ​កសិកម្ម​ខេត្ត ចំណែក​២​គ្រឿង​ទៀត កំពុង​ឱ្យ​ជាង​ជួសជុល ពេល​រួច​ហើយនឹង​នាំ​យក​មក​រក្សា​ទុក​នៅ​មន្ទីរ​ទាំងអស់ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ចំពោះ​ការ​ខូចខាត​ជាក់ស្តែង​នៅ​ចំណុច​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជាមួយ​លោក គឺ​ឃើញ​អស់​ប្រមាណ​ជាង២​ហិ​កតា ។ ដោយឡែក ការ​ខូចខាត​នៅ​ចំណុ​ច​ផ្សេង​ទៀត​លោក​មិន​ច្បាស់​ទេ ។ ជា​ការងារ​បន្ត គឺ​លោក​​ឲ្យ​ម្ចាស់​គ្រឿងចក្រ​ចូល​មកដោះស្រាយ​តាម​ផ្លូវច្បាប់​គឺ​ផាក​ពី​ន័យ​តាម​ច្បាប់ស្តី​ពី​ព្រៃឈើ ។ ប៉ុន្តែ​បើ​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​មិន​ចូល​មក​ដោះស្រាយ​ទេ លោក​នឹង​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា ដី​ព្រៃរបស់​រដ្ឋ​ចំណុច​ភ្នំ​ពាម​លោក និង​ភ្នំ​សុរិយា ក្នុង​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស កំពុង​រង​ការ​ឈូស​ឆាយ​រំលោភ​យក​អស់​ជា​ច្រើន​ពាន់​ហិ​កតា ដោយ​ជ្រក​ក្រោម​លេស​ផ្សេង​ៗ​ដើម្បី​បន្លំ​ភ្នែក​ថ្នាក់លើ យក​ដី​ទៅ​លក់​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ​២​ពាន់​ដុល្លារ​ក្នុង​១​ហិ​កតា ដោយ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​ស្ថាប័ន​មួយ​ចំនួន​ជួយ​ជ្រោមជ្រែង ។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ជិត​ស្និទ្ធ​នឹងអ្នក​រៀបចំ​រំលោភ​យក​ដី​រដ្ឋ​ខាង​លើ​នេះ បាន​ឲ្យ​ដឹង​ថា មេការ​ក្នុង​ការ​បំពាន​យក​ដី​រដ្ឋ​ខាងលើ​នេះ ឈ្មោះ ចាន់ កៀន ដោយ​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​មួយ​ចំនួន​រៀបចំ​ដី​ព្រៃរបស់​រដ្ឋ​រាប់​ពាន់​ហិ​កតា​លក់​ឲ្យ​ក្រុមហ៊ុន​ចិន ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំពោះ​ការ​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​ខាងលើ​នេះ កើត​មាន​យូរឆ្នាំ​ណាស់​មក​ហើយ ដោយ​មានការ​រៀបចំ​ជា​ប្រព័ន្ធ ហើយ​ក្នុង​មួយ​ឆ្នាំ​អស់​បន្តិច​ៗ រហូត​ដល់​មានព័ត៌មាន​លេចឮ​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន​ចុះ​ផ្សាយ ទើប​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បាន​គ្រឿងចក្រ​ចំនួន​៣​គ្រឿង ។ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រីរាជការ​ដែល​មានភាព​ស្មោះត្រង់ បាន​សំណូមពរ​ដល់​អង្គភាព​ប្រ
ឆាំង​អំពើ​ពុក​រលួយ សូម​មេត្តា​ចុះ​ស្រាវជ្រាវ​ក្នុង​ករណី​នេះ​ផង ដើម្បី​ឱ្យ​ព្រៃ​ធម្មជាតិ​របស់​រដ្ឋ​បានគង់វង្ស​យូរអង្វែង ។

ចំពោះ​ករណី​ខាងលើ​នេះ ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ចាន់ កៀន បាន​ទេ ប៉ុន្តែបើសិន​មានការ​បំភ្លឺ​ណាមួយ​ជំ​ុ​វិញ​ករណី​នេះ យើងនឹង​បន្ត​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ ៕​​

អត្ថបទសរសេរ ដោយ