ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ត្បាញសំពត់​ស៊ឹង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ប្រើប្រាស់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ត្បាញសំពត់​ស៊ឹង​នៅ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ប្រើប្រាស់​សំពត់​ស៊ឹង ដើម្បី​លើកតម្កើង​តម្លៃ​នៃ​ស្នាដៃ​កូន​ខ្មែរ ។  អ្នកស្រី ចាន់…

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ត្បាញសំពត់​ស៊ឹង​នៅ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ប្រើប្រាស់​សំពត់​ស៊ឹង ដើម្បី​លើកតម្កើង​តម្លៃ​នៃ​ស្នាដៃ​កូន​ខ្មែរ ។

 អ្នកស្រី ចាន់ ណា​រិ​ន ជា​ជន​ពិការ​ជើង​ម្ខាង​បាន​រៀបរាប់​ថា អ្នកស្រី​បាន​នាំ​បងប្អូន​៤​នាក់​ទៅ​រៀន​ត្បាញសំពត់​ស៊ឹង​នៅ​ឃុំ​កោះដាច់ ស្រុក​មុខកំពូល ខេត្តកណ្តាល តាំងពី​នៅ​តូច​ៗ​ម្ល៉េះ​។ ក្រោយ​ចេះ​ត្បាញ​ស្ទាត់​ហើយ ក៏​បាន​ប្រកប​មុខរបរ​នេះ​ទាំងអស់​គ្នា​នៅ​ឃុំ​កោះដាច់​នោះ​អស់​រយៈពេល​៦-៧​ឆ្នាំ ។ ប៉ុន្តែ​ក្រោយមក ទីផ្សារ​សំពត់​ស៊ឹង​ក៏​ចាប់ផ្ដើម​ចុះថោក តែ​វត្ថុធាតុដើម​នៅ​តែ​ថ្លៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​អ្នកស្រី​មិន​អាច​ផលិត​បាន​ទៀត ក៏​វិល​ត្រឡប់​មក​កាន់​ស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ឆ្នាំង​វិញ ដោយ​ប្រកប​របរ​ធ្វើស្រែ​ចម្ការ ។ ប៉ុន្ដែ​ថ្មី​ៗ​នេះ ដោយសារ​តែ​សំពត់​ស៊ឹង​ចាប់ផ្ដើម​មាន​ហាងឆេង អ្នកស្រី​ក៏​ទិញ​កី​តម្បាញ ចាប់ផ្ដើម​ត្បាញ​ឡើង​វិញ ។

អ្នកស្រី​បញ្ជាក់​ថា ៖« ថ្មី​ៗ​នេះ មាន​បងប្អូន​នៅ​កោះដាច់​ប្រាប់​មក​ថា សំពត់​ស៊ឹង​មាន​ហាងឆេង​ឡើង​វិញ ទើប​ខ្ញុំ​ចងការ​ប្រាក់​គេ​ទិញ​បាន​កី​តម្បាញ​មួយ និង​យក​វត្ថុធាតុដើម​ពី​ខេត្តកណ្ដាល​មក​ត្បាញ ហើយ​ឃើញ​ថា​មាន​ទីផ្សារ​ល្អ​មែន »​។ អ្នកស្រី​ថា ៖« គ្រាន់តែ​ជាង​៣​ខែ​សោះ ខ្ញុំ​បាន​បន្ថែម​កី​តម្បាញ​ចំនួន​៥ ដែល​សុទ្ធសឹងតែ​ជា​បងប្អូន​បង្កើត និង​ចែក​គ្នា​ចាប់​យក​អាជីព​មួយ​នេះ​ឡើង​វិញ ។ ទោះជា​យ៉ាងនេះ​ក្ដី ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សូម​ចូលរួម​ប្រើប្រាស់ ដើម្បី​លើកកម្ពស់​ស្នាដៃ​កូន​ខ្មែរ​យើង »​។
បច្ចុប្បន្ន សំពត់​ស៊ឹង​ត្រូវ​បាន​អតិថិជន​កុម្ម​ង់ ទិញ​ច្រើន ជា​ពិសេស​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​នា​ពេល​កន្លង​ទៅ ។

អ្នកស្រី ចាន់ ណា​រិ​ន បាន​បន្ដ​ថា ផលិតផល​ដែល​បាន​ធ្វើ​រួច អ្នកស្រី​បាន​យក​ទៅ​បោះ​ដុំ​នៅ​កោះដាច់ ស្រុក​មុខកំពូល ខេត្តកណ្តាល ដោយ​មិន​មាន​លក់​នៅ​ទីផ្សារ​ខេត្តកំពង់ឆ្នាំង​ទេ ។ អ្នកស្រី​ថា ៖« នៅ​ថ្ងៃ​អនាគត ខ្ញុំ​ចង់​ព​ង្រី​តម្បាញ​សំពត់​ស៊ឹង​នេះ​ឲ្យ​ទៅ​ជា​សិប្បកម្ម​ធំ​មួយ ប៉ុន្តែ​មិនដឹង​ថា អាច​ទៅ​រួច ឬ​យ៉ាងណា​ឡើយ ខណៈ​សព្វថ្ងៃ​ចំណូល​ពី​តម្បាញ​នៅ​មាន​កម្រិត ។ ដូច្នេះ​ហើយ ពួក​យើង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​ជួយ​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ គឺ​តម្បាញ​សំពត់​ស៊ឹង​នេះ »​។

អ្នកស្រី​បញ្ជាក់​ថា ៖« ការងារ​តម្បាញ​សំពត់​ស៊ឹង​នេះ ជា​មធ្យម​ក្នុង​កី​តម្បាញ​មួយ អាច​រក​ចំណូល​បាន​ពី​៣​ទៅ​៤០០​ដុល្លារ​ក្នុង​១​ខែ ប៉ុន្ដែ​ការ​ចំណាយ​ទិញ​វត្ថុធាតុដើម​ក៏​ថ្លៃ​បន្ដិច​ដែរ »​។ នេះ​ជា​គ្រួសារ​ទី​មួយ​ហើយ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​ចាប់​យកមុខ​របរ​ត្បាញសំពត់​ស៊ឹង​ធ្វើ​ជា​អាជីវកម្ម ខណៈ​ដែល​កន្លង​មក មុខរបរ​មួយ​នេះ​ពុំដែល​លឺឈ្មោះ​បោះ​សំឡេង​ក្នុង​ខេត្ត​ដែល​ល្បីល្បាញ​ខាង​ធ្វើ​ក្អមឆ្នាំង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ