ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គាំទ្រ​ផលិតផល ក្នុងស្រុក​មាន​និន្នាការកើនឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ដែល​ជា​សេនាធិការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត តែងតែ​ជំរុញ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ពីសារ​សំខាន់ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដើម្បី​ចូលរួម​លើកកម្ពស់​ផលិតផល​ជាតិ បង្កើត​ការងារ…

រាជធានី​ភ្នំពេញ ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ដែល​ជា​សេនាធិការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត តែងតែ​ជំរុញ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ពីសារ​សំខាន់ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដើម្បី​ចូលរួម​លើកកម្ពស់​ផលិតផល​ជាតិ បង្កើត​ការងារ និង​ផ្ដល់​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ជា​លទ្ធផល​ឃើញ​ថា និន្នាការ​គាំទ្រ​ផលិតផល​ក្នុងស្រុក​មានការ​កើន​ឡើងជា​បន្ដបន្ទាប់ ដែល​បាន​ចូលរួម​លើក​ស្ទួយ​ជីវភាព​របស់​សហគមន៍​អ្នក​ផលិត និង​កែ​ច្នៃ ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

លោក ចៅ ប៉េង​ណាំ តំណាង​សហគមន៍​អ្នក​ផលិត​បន្ថែ និង​ផ្លែ​ឈើ​ខេត្តកំពង់ចាម បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​ចាប់ផ្ដើម​គាំទ្រ​ផលិតផល​ក្នុងស្រុក​កាន់តែ​ច្រើន​ឡើង​ៗ ពិសេស​ផលិតផល​ធម្មជាតិ ឬ​គ្មាន​ជាតិ​គីមី គឺ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​។ នេះ​ក៏​ដោយសារ​តែ​អ្នក​ប្រើប្រាស់​មានការ​យល់​ដឹង​ច្រើន​ពី​សុវត្ថិភាព​លើ​ចំណីអាហារ ។ ជាក់ស្ដែង​អ្នក​ដើរ​ផ្សារ ពិសេស​ស្ដ្រី​មេផ្ទះ​នៅ​ពេល​ចង់​ទិញ​បន្លែ​ផ្លែ​ឈើ ត្រី​សាច់​ផ្សេង​ៗ តែង​សួរ​ពី​ប្រភព​ផលិតផល ។ លោក​បន្ដ​ថា ៖« នេះ​ក៏​ដោយសារ​តែ ក្រសួងពាណិជ្ជកម្ម​បាន​ជួយ​សម្រួល​ច្រើន​ដល់​សហគមន៍​យើង ពិសេស​ដល់​អ្នក​ផលិត​ក្នុងស្រុក​ដែល​ធ្វើ​ឲ្យ​គ្រប់​ផលិតផល​បន្លែ​ផ្លែ​ឈើ​មានការ​គាំទ្រ​ច្រើន​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​ចូលរួម​ក្នុង​ពិព័រណ៍​នានា »​។

ទោះបី​យ៉ាងនេះ​ក្ដី លោក​បន្ថែម​ថា ទីផ្សារ​ផលិតផល​ខ្មែរ​នៅ​តែ​មាន​ឧ​ប​ស័គ្គ​ច្រើន ពិសេស​គឺ​ការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល ។ លោក ចៅ ប៉េង​ណាំ បញ្ជាក់​ថា ៖« សម្រាប់​ផលិតផល​របស់​យើង មាន​ទីផ្សារ​នៅ​តូច​ចង្អៀត​នៅឡើយ ហើយ​សព្វ​ថ្ងៃនេះ កម្លាំង​ពលកម្ម​នៅ​តាម​សហគមន៍​ក៏​មិន​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​ដែរ ។ ម្យ៉ាងទៀត យើង​ក៏​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​ផង​ដែរ »​។
អ្នកស្រី គឹ​ម ពុទ្ធា​រី អ្នកលក់​គ្រឿង​ឧបភោគបរិភោគ បានឱ្យ​ដឹង​ដែរ​ថា តាម​បទ​ពិសោធន៍​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នកស្រី​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​ទិញ​ផ​លិ​ផល​ក្នុងស្រុក​មាន​ច្រើន​គួរសម ។ អ្នកស្រី​បន្ដ​ថា ៖« ផលិតផល​ខ្មែរ​ឥឡូវ​មានការ​គាំទ្រ​ច្រើន ទាំង​នៅ​ក្នុង​ដាក់​តាំងពិព័រណ៍ និង​លក់ដូរ​នៅ​តាម​ទី​សាធារណៈ ដោយសារ​អ្នក​ប្រើប្រាស់​តែង​ព្រួយបារម្ភ​អំពី​សុខភាព »​។

បើ​តាម​អ្នកស្រី ចេ​ន សុ​គា អ្នកគ្រប់គ្រង​សមាគម​កី​តម្បាញ​ខ្មែរ បានឱ្យ​ដឹងផង​ដែរ​ថា កន្លង​មក ផលិតផល​របស់​សមាគម​មិនសូវ​មាន​ទីផ្សារ និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទេ ប៉ុន្តែ​ក្រោយ​ពី​សមាគម​បាន​យក​ផលិតផល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ជា​ហូរហែ​មក ឃើញ​ថា មានការ​គាំទ្រ​ច្រើន មិន​ថា​លក់​នៅ​ក្នុង​ពិធី ឬ​លក់​នៅ​តាមហាង ។

អ្នកស្រី​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​សមាគម​មាន​សមាជិក​ជាង​២០០​គ្រួសារ ដែល​កំពុង​ត្បាញ​សូត្រ និង​ស៊ឹង ហើយ​ផលិតផល​នីមួយ​ៗ​ត្រូវ​ចំណាយពេល​ពី​៣​ថ្ងៃ​ទៅ​១​សបា្ត​ហ៍ និង​មាន​តម្លៃ​ចាប់ពី​១៨​ទៅ​៣២​ដុល្លារ​សម្រាប់​ស៊ឹង និង​ផាមួង​ថ្លៃ​ពី​៤៥​ដល់​២០០​ដុល្លារ »​។ អ្នកស្រី​ថា ៖« ការ​ចូលរួម​គាំទ្រ​ផលិតផល​ក្នុងស្រុក មាន​ន័យ​ថា អ្នក​ប្រើប្រាស់​បាន​ចូលរួម​លើក​ស្ទួយ​ផលិតផល​ជាតិ និង​លើកកម្ពស់​ជីវភាព​របស់​សមាគម​យើង »​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍ ផលិតផល​ខ្មែរ និង​ផលិតផល​នាំ​ចេញ នាំ​ចូល​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ កន្លង​មក លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម បង្កើត​ឱកាស​ទីផ្សារ និង​សក្តានុពល​វិនិយោគ ក្រសួងពាណិជ្ជកម្ម​តែងតែ​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ក្នុងស្រុក​ជា​បន្ដបន្ទាប់ ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា ៖« បណ្តា​ឆ្នាំ​មុន​ៗ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំ​ចេញ ចូល​កម្ពុជា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ពិព័រណ៍​នាំ​ចេញ នាំ​ចូល និង​ខេត្ត​១​ផលិតផល​១ កម្ពុជា ដែល​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​សំខាន់​របស់​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ បាន​ប្តូរ​ឈ្មោះ​ជា​« ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំ​ចេញ​នាំ​ចូល​កម្ពុជា »​វិញ ដើម្បី​ចូលរួម​ជំរុញ​សាកល​ភា​វូ​ពាណិជ្ជកម្ម សំដៅ​ទាក់ទាញ​ការ​ចូលរួម​កាន់តែ​ច្រើន​ពិ​ស័​យ​ឯកជន នៃ​ប្រទេស​ផ្សេង​ៗ​ទាំង​ក្នុង​តំបន់ និង​ព​ភព​លោក » ។

គួរ​កត់​សម្គាល់ថា សម្រាប់​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំ​ចេញ​នាំ​ចូល ក​ម្ព​ជា​លើក​ទី​១៣​នេះ មានការ​ចូលរួម​ពី​ប្រទេស​ថៃ ចិន កូរ៉េ​ខាងត្បូង ជប៉ុន វៀតណាម ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី សិង្ហ​បុរី អា​មេ​រិ​ក ឡាវ និង​មី​យ៉ា​ន់​មា ព្រមទាំង​មន្ទីរ​ពាណិជ្ជកម្ម ទាំង​២៥​ខេត្ត​ក្រុង អង្គការ សមាគម ក្រុមហ៊ុន ក្នុង​និង​ក្រៅប្រទេស​ចំនួន​២៧២​ស្តង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ