ខេត្តកណ្តាល ៖ បុរសអ្នករត់តុតាមរោងការម្នាក់ បានត្រូវអាល់កុលឆាបឆេះរលាកតាំងពីត្រឹម.ករហូតដល់ចុងជើង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ មីនា នៅភូមិក្រសាំង ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ។ បុរសរងគ្រោះឈ្មោះជា ចន អាយុ២៧ឆ្នាំមានទីលំនៅក្នុងភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង បានរៀបរាប់ថា ខ្លួនស៊ីឈ្នួលរត់តុឱ្យថៅកែយីហោហេង សម្បត្ដិ ក្នុងមួយរោងបាន៤ម៉ឺនរៀល ។ នៅថ្ងៃទី១២ មីនា បានទៅរត់តុការឱ្យគេនៅភូមិក្រសាំង ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង លុះរត់តុចប់នៅវេលាម៉ោងប្រមាណ១០យប់ អ្នករត់តុទាំងអស់ចំនួន១០នាក់បាននាំគ្នាអង្គុយហូបបាយ ។
ខណៈពេលហូបបាយនោះមានម្ហូបច្រើនមុខ និងត្រីបឹងកញ្ឆែតរាងត្រជាក់បន្ដិច ព្រោះភ្លើងដែលដុតដោយអាល់កុលពីក្រោមនៅឆេះតិចៗទើបឈ្មោះរ័ត្ន ដែលអង្គុយហូបក្បែរគ្នានិយាយថាត្រជាក់អ៊ីចឹងមិនឆ្ងាញ់ទេ ទាល់តែក្ដៅទើបឆ្ងាញ់ តែអ្នកហូបខ្លះនិយាយថាមិនបាច់ដាក់ទេ ត្រជាក់ហូបឆាប់ហើយប្រញាប់ទៅផ្ទះ ។ និយាយមិនទាន់ចប់ផង ឈ្មោះរ័ត្ន កាន់ធុងដាក់អាល់កុលចំណុះ៥លីត្រយកមកចាក់ចូលក្នុងចង្ក្រានដែលមានភ្លើងឆេះតិចៗនោះ ស្រាប់តែភ្លើងឆាបឆេះ ហើយឈ្មោះរ័ត្ន ស្លន់ក៏គ្រវាត់ធុងដាក់អាល់កុលនោះមកស្រោចលើខ្លួន បណ្ដាលឱ្យឆាបឆេះសន្ធោសន្ធៅពេញខ្លួនប្រាណ ។ ពេលនោះខ្លួនរត់ទៅលោតចូលក្នុងធុងដាក់ទឹកកកអនាម័យតែធុងគ្មានទឹកក៏ស្ទុះចេញមកវិញននៀលដី ហើយបានអ្នកអង្គុយហូបបាយជាមួយយកកំណាត់កម្រាលតុគ្របពីលើ ទើបភ្លើងនោះរលត់អស់ ។
បុរសរងគ្រោះបានបន្ដទៀតថា ទម្រាំតែរលត់ខ្លួនត្រូវរលាកពេញខ្លួនអស់ទៅហើយ គឺរលាកត្រឹម.កចុះក្រោមរហូតដល់ចុងជើង បន្ទាប់មកថៅកែបានយករថយន្ដដឹកមកមន្ទីរពេទ្យពហុបញ្ញានៅតាខ្មៅ ប៉ុន្ដែដោយសារស្ថានភាពរលាកខ្លាំងពេក មន្ទីរពេទ្យបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈវិញ ។ ចំណែកថៅកែចុងភៅធ្វើម្ហូបយីហោហេង សម្បត្ដិ បានឱ្យដឹងថា គាត់ប្រើអាល់កុលរយៈពេល៨ឆ្នាំហើយ មិនដែលមានបញ្ហាទេ ទើបតែលើកនេះគាត់ក៏មិនដឹងដែរ ព្រោះពិធីមង្គលការគេចប់អស់ហើយ ។ គាត់បានជួយចេញថ្លៃព្យាបាលអស់៤០៥ដុល្លារអាមេរិកហើយ ដោយចេញថ្លៃព្យាបាលនៅមន្ទីរពហុបញ្ញាអស់១០៥ដុល្លារអាមេរិក និងប្រគល់ប្រាក់ឱ្យ៣០០ដុល្លារអាមេរិកទៀត ។ ប្រពន្ធបុរសរងគ្រោះឈ្មោះ យ៉ាន ស៊ីណាត អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរបានសំណូមពរឱ្យថៅកែជួយចេញថ្លៃព្យាបាលបន្ដទៀត ព្រោះនាងធ្វើការនៅរោងចក្របានប្រាក់ខែ៧០ដុល្លារទ្រទ្រង់មិនគ្រប់ទេ ម្យ៉ាងទៀតនាងមកមើលថែប្ដីមិនបានទៅធ្វើការទៀត ៕
ចែករំលែកព័តមាននេះ