ខេត្តកំពត ៖ ប្រជាពលរដ្ឋនៅស្រុកបន្ទាយមាសខាតបង់ថវិកាច្រើនដោយសារតែពន្លៃងាប់ហើយប្រជាពលរដ្ឋនៅឃុំបន្ទាយមាសខាងលិចស្រុកបន្ទាយមាសបានត្អូញត្អែរពីការដាំពន្លៃឆ្នាំនេះ មិនទទួលបានផលដូចឆ្នាំមុនៗទេ ។
ដោយសារតែពន្លៃងាប់ដើម និងរលួយដល់មើមរបស់វាដែលប្រជាកសិកគ្រោង និងប្រមូលផលនៅរដូវប្រាំងខាងមុខនេះ ។ បងប្រុស អិត កូវ អាយុ៥១ឆ្នាំ នៅភូមិកណ្ដាញ់ ឃុំបន្ទាយមាស ខាងលិចបាននិយាយប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៧តុលាថា ប្រជាពលរដ្ឋចាប់មានរបរដាំពន្លៃនេះរយៈពេលយូឆ្នាំហើយ អ្នកខ្លះបានចំណាយលុយចាក់ដីលប់ស្រែធ្លាប់ស្ទូងស្រូវមកដាំពន្លៃយកមើមលក់វិញ ប៉ុន្តែឆ្នាំនេះមើលឃើញជាក់ស្ដែងទាំងអស់គ្នា អ្នកដាំពន្លៃម្នាក់ៗសុទ្ធតែទទួលខាតបង់ថវិកាដោយសារតែពន្លៃដាំនៅទួលនីមួយបានងាប់ ដោយមិនបានដឹងពីមូលហេតុ ។ បងប្រុស អិតកូវ បានសំណូមពរឲ្យខាងកសិកម្មជួយបង្ហាញហេតុផលពួកអ្នកស្រុកដាំពន្លៃ ហើយទទួលរងការខូចខាត ។
បងស្រី ជ័យ ចន្នី អាយុ៥២ឆ្នាំ នៅភូមិអង្គមល្លី នៅក្នុងឃុំបន្ទាយមាសបាននិយាយច្រដៀងគ្នានិងបងប្រុសអិត កូវថា ប្រជាពលរដ្ឋម្នាក់ៗសុទ្ធតែត្រូវបានខាតបង់ដូចគ្នា ដោយសារតែអ្នកដាំពន្លៃឆ្នាំនេះមិនទទួលបានផលល្អដូចឆ្នាំមុនៗ ។
លោកលី ងុន សន្ទប់១ ឃុំបន្ទាយមាសបានប្រាប់អ្នកយកព័ត៌មានថា ក្នុងឃុំបន្ទាយមាសពិតជា មានពលរដ្ឋដាំពន្លៃ ប៉ុន្តែឆ្នាំនេះពន្លៃមិនទទួលបានជោគជ័យទេ ដោយសារតែពន្លៃបានងាប់ ។ លោកលី ងុន បាននិយាយប្រាប់បន្តថា ការងាប់ដើមពន្លៃរបស់អ្នកភូមិនេះ មិនទាន់ដឹងពីមូលហេតុនៅឡើយទេ តែបើពិនិត្យជាក់ស្ដែងប្រហែលមកពីភ្លៀងធ្លាក់ជោគជាំពេកក៏មិនដឹង ៕
ចែករំលែកព័តមាននេះ