ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តព្រះវិហារ​ជម្រុញ​កសិករ​ដាំ​ដុះ​បន្ថែម​ទៀត ខណៈ​តម្លៃ​ស្រូវ​ឡើងថ្លៃ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ​បាន​ជម្រុញ​ឲ្យ​ប្រជា​កសិករ​ទាំងអស់​នៅ​ខេត្តព្រះវិហារ​ត្រូវ​បង្កើន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​បន្ថែម​ទៀត​ស្រប​ពេល​បច្ចុប្បន្ន​នេះ​ទីផ្សារ​ស្រូវ​អង្ករ​នៅ​ខេត្ត​កំពុង​មានការ​ឡើងថ្លៃ រីឯ​ទិន្នផល និង​គុណភាព​ក៏​ទទួល​បាន​ល្អ​ប្រសើរ​ជាង​មុន​ដែរ ។ ថ្លែង​ក្នុង​ឱកាស​ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្យួរ​ជ្រូក…

ខេត្តព្រះវិហារ ៖ លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ​បាន​ជម្រុញ​ឲ្យ​ប្រជា​កសិករ​ទាំងអស់​នៅ​ខេត្តព្រះវិហារ​ត្រូវ​បង្កើន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​បន្ថែម​ទៀត​ស្រប​ពេល​បច្ចុប្បន្ន​នេះ​ទីផ្សារ​ស្រូវ​អង្ករ​នៅ​ខេត្ត​កំពុង​មានការ​ឡើងថ្លៃ រីឯ​ទិន្នផល និង​គុណភាព​ក៏​ទទួល​បាន​ល្អ​ប្រសើរ​ជាង​មុន​ដែរ ។

ថ្លែង​ក្នុង​ឱកាស​ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ លោក អ៊ុ​ន ចាន់​ដា មាន​ប្រសាសន៍​ថា នៅ​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​ចុងឆ្នាំ​២០១៨​នេះ​ឃើញ​ថា តម្លៃ​ស្រូវ​របស់​កសិករ​មានការ​ឡើងថ្លៃ​ជាង​ឆ្នាំ​មុន​នឹង​អាច​ឲ្យ​កសិករ​មាន​ជីវភាព ធូរធារ​បាន​មួយ​កម្រិត ។ លោក​បន្ត​ថា កសិផល​ស្រូវ​ឆ្នាំ​នេះ​ទាំង​បរិមាណ​ផល និង​គុណភាព មានការ​កើនឡើង​ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ឆ្នាំ​នេះ​ឡើង​ខ្ពស់​លើស​ពី​នេះ​ទៅ​ទៀត ខេត្តព្រះវិហារ បច្ចុប្បន្ន​នេះ​មាន​អ្នកបញ្ជា​ទិញ​ត្រឹមត្រូវ ដោយ​ក្រុមហ៊ុន​ចំនួន​៤​ផង​ដែរ ដែល​ផ្តល់​នូវ​តម្លៃ​ស្រូវ​ខ្ពស់​ជាង​ឈ្មួញកណ្តាល ។

ដូច្នេះ​ហើយ លោក​ក៏​បាន​ជម្រុញ​ឲ្យ​កសិករ​ទាំងអស់​នៅ​រដូវវស្សា​ឆ្នាំ​ក្រោយ​នេះ​ធ្វើ​យ៉ាងណា​ពង្រីក​នូវ​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​បន្ថែម​ទៀត​សម្រាប់​ផលិត​លក់​នៅ​លើ​ទីផ្សារ​ឲ្យ​កាន់តែ​ច្រើន ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​មក​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង ។ ទន្ទឹម​នឹង​នោះ​ដែរ ដើម្បី​ទប់ស្កាត់​បង្ការ និង​ការពារ​នូវ​ហានិភ័យ​គ្រោះ​រាំង​ស្ងួត​នៅ​ពេល​ខាង​មុខ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជា​កសិករ​ទូ​ទាំង​ខេត្តព្រះវិហារ​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និង​រក្សា​ឲ្យ​បាន​នូវ​ប្រភព​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ទឹក​ប្រើប្រាស់​សម្រាប់​ចិញ្ចឹមសត្វ​ស្រោចស្រព​ដំណាំ​ជាដើម តែ​ប្រសិនបើ​នៅ​មូលដ្ឋាន​ណា​ជួប​កង្វះខាត​ទឹក​ត្រូវ​រាយការណ៍​ជា​បន្ទាន់​មក​កាន់​អាជ្ញាធរ ដើម្បី​មាន​លទ្ធភាព​ធ្វើការ​អន្តរាគមន៍​ឲ្យ​ទាន់​ពេលវេលា​ដល់​ប្រជាពលរដ្ឋ ។ ព្រោះ​កន្លង​ទៅ​នេះ​កសិករ​ដែល​បង្កបង្កើន​ផល​ស្រូវធ្ងន់​បាន​ជួប​គ្រោះ​រាំង​ស្ងួត​តាំងពី​ខែតុលា​មក​ប្រមាណ​ជា​៣០% នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​នឹង​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​មានការ​ធ្លាក់​ចុះ ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ខែធ្នូ ឆ្នាំ​២០១៨​នេះ​ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា​របស់​ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​សម្រេច​បាន​ប្រមាណ​៨០% ហើយ និង​បន្ត​ឲ្យ​រួចរាល់​១០០% នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​លើ​ផ្ទៃដី​ប្រមាណ​ជិត​៩​ហិ​កតា ។ លោក​ថា ឆ្នាំ​នេះ​ស្រូវធ្ងន់​ប្រមាណ​ជាង​៣​ពាន់​ហិ​កតា​ដែល​ទទួល​រង​នូវ​គ្រោះ​រាំង​ស្ងួត ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​ពេល​ប្រមូល​មានការ​ធ្លាក់​ចុះ​ច្រើន បើ​ធៀប​នឹង​ស្រូវស្រាល​ស្រូវកណ្តាល ។ ដែល​ក្នុង​មួយ​ហិ​កតា​ស្រូវស្រាល និង​ស្រូវកណ្តាល​អាច ប្រមូល​ផល​បាន​រហូត​ដល់​ចន្លោះ​២.៩ ទៅ​៣​តោន បើ​ធៀប​នឹង​ស្រូវធ្ងន់​ក្នុង​១​ហិ​កតា​ទទួលផល​បាន​តែ​ជាង​១​តោន​ប៉ុន​នោះ​តែ​តម្លៃ និង​គុណភាព​ស្រូវ​ប្រហាក់ប្រហែល​ទៅ​នឹង​ស្រូវស្រាល​ស្រូវកណ្តាល​ដែរ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បង្ហាញ​ថា គិត​មក​ដល់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ការ​ប្រមូល​ផល​ស្រូវ​បាន​ចំនួន​៦៨.០៦១​ហិ​កតា ស្មើនឹង​៧៥,៨៥% ទទួល​បាន​បរិមាណ​ផល​១៩៧.៩៧៣​តោន ក្នុង​នោះ​ទិន្នផល​គិត​ជា​មធ្យម ទទួល​បាន ២.៩០៩​តោន ក្នុង​០១​ហិ​កតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ