ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​ចម្លាក់​បុរាណ មួយ​កំពុង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជាង​1​ពាន់​នាក់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សិប្បកម្ម​ផលិត​វត្ថុ​សិល្បៈ​បុរាណ​មួយ​នៅ​ខេត្តសៀមរាប ក្រោម​ការ​វិនិយោគ​របស់​អឺរ៉ុប បាន​ផ្ដល់​ការងារ​ជា​រៀងរាល់ថ្ងៃ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប្រមាណ​ជាង​១.២០០​នាក់ និង​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ផ្សេង​ទៀត​ជាង​៥.០០០​នាក់ ។ សិប្បកម្ម​ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន Artisan…

ខេត្តសៀមរាប ៖ សិប្បកម្ម​ផលិត​វត្ថុ​សិល្បៈ​បុរាណ​មួយ​នៅ​ខេត្តសៀមរាប ក្រោម​ការ​វិនិយោគ​របស់​អឺរ៉ុប បាន​ផ្ដល់​ការងារ​ជា​រៀងរាល់ថ្ងៃ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប្រមាណ​ជាង​១.២០០​នាក់ និង​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ផ្សេង​ទៀត​ជាង​៥.០០០​នាក់ ។

សិប្បកម្ម​ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន Artisan Angkor បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩២ ក្នុង​គោលបំណង​ស្ដារ​ឡើង​វិញ​នូវ​សិល្បៈ​បុរាណ​របស់​កម្ពុជា ព្រមទាំង​លើក​ស្ទួយ​នូវ​វប្បធម៌​ខ្មែរ​ផង​ដែរ ។ សិប្បកម្ម​នេះ ក៏​បានការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថានទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​ក្នុង​បេសកកម្ម​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក Pierre-Andre Romano នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Artisan Angkor បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Artisan Angkor ជា​ក្រុមហ៊ុន​ធំ​ជាងគេ​និង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ច្រើន​ជាងគេ​ប្រចាំ​ខេត្តសៀមរាប​នេះ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ ក្រុមហ៊ុន​បាន​ផ្ដល់​ប្រាក់បៀវត្សរ៍​សរុប​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ដូចនេះ​វា​ជា​ការ​ផ្ដល់​ប្រយោជន៍​ដ៏​ធំ​មួយ​ដល់​ពលរដ្ឋ​កម្ពុជា ។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​សិប្បកម្ម​Artisan Angkor មិន​ត្រឹមតែ​ផលិត​នូវ​សិល្បៈ​បុរាណ​នោះ​ទេ ក៏​ប៉ុន្តែ​សិប្បកម្ម​មួយ​នេះ ក៏​បាន​បើក​ឲ្យ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​នូវ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ផង​ដែរ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​អាច​ទទួល​បាន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រមាណ​៥០​ម៉ឺន​នាក់ ដែល​អាច​ធ្វើ​ឲ្យ​កិត្តិសព្ទ​របស់​ប្រទេស​កម្ពុជា កាន់តែ​ល្បី​ទៅ​កាន់​ប្រទេស​ក្រៅ ។ លោក​ថា ៖« ភ្ញៀវ​ដែល​មក​ទស្សនា​នៅ​ក្នុង​សិប្បកម្ម​ផ្ទាល់ ក៏​បាន​ទិញ​ផលិតផល​របស់​យើង ដើម្បី​យក​ទៅ​ប្រទេស​គេ​ដែរ អីចឹង​វា​ក៏​ជា​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​មួយ​ផ្នែក​ផង​ដែរ » ។

លោក ម៉ៃ ហ៊​ត សិប្បករ​មួយ​រូប​ដែល​បម្រើ​ការ​នៅ​ក្នុង​សិប្បកម្ម​នេះ​អស់​រយៈពេល​១៦​ឆ្នាំ​មក​ហើយ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការងារ​នៅ​ក្នុង​សិប្បកម្ម​មួយ​នេះ បាន​ផ្ដល់​ប្រយោជន៍​ដល់​លោក​និង​គ្រួសារ​លោក​មាន​ជីវភាព​សមរម្យ ហើយ​អាច​ឲ្យ​លោក​និង​គ្រួសារ​រស់នៅ​ជុំ​គ្នា​ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ឬ​ទៅ​ធ្វើការ​នៅ​ខេត្ត​ឆ្ងាយ​ឡើយ ។ លោក​បន្ត​ថា ៖« ការងារ​នៅ​ក្នុង​សិប្បកម្ម​នេះ បើ​ថា​ពិបាក ក៏​មិន​ពិបាក ស្រួល​ក៏​មិន​ស្រួល ព្រោះថា​រាល់​ការងារ​ទាំងអស់ គ្មាន​ការងារ​ណា​ស្រួល​ៗ ហើយ​ចាំតែ​ទទួល​លុយ​នោះ​ទេ អីចឹង​គឺ​ត្រូវ​តែ​មាន​ពិបាក​ខ្លះ​ហើយ តែ​វា​មិន​ពិបាក​រហូត​ដល់​ថ្នាក់​ធ្វើ​មិន​បាន​នោះ​ទេ ។ ជាក់ស្ដែង រូប​លោក​ផ្ទាល់​បាន​ធ្វើការ​នៅ​ក្នុង​សិប្បកម្ម​នេះ អស់​រយៈពេល​១៦​ឆ្នាំ បើសិនជា​វា​ពិបាក នោះ​ប្រហែលជា​មិន​អាច​នៅ​ទ្រាំ​បាន​យូរ​បែប​នេះ​ទេ​។ ម្យ៉ាងទៀត ចាប់តាំងពី​លោក​បម្រើ​ការ​នៅ​ក្នុង​សិប្បកម្ម​នេះ បញ្ហា​ប្រាក់បៀវត្សរ៍​របស់​កម្មករ មិន​ដែល​មាន​បញ្ហា​នោះ​ទេ ពោល​គឺ​ថៅកែ​បាន​ផ្ដល់​ជូន​ទៅ​តាម​កាលកំណត់ និង​ពេលវេលា ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​រៀងខ្លួន ។

សិប្បករ​ម្នាក់​ទៀត​ដែល​បម្រើ​ការ​អស់​រយៈពេល​ប្រហាក់ប្រហែល​នឹង​លោក ម៉ៃ ហ៊​ត ដែរ​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែ​លោក​អាច​ទទួល​បាន​ចំណូល​ប្រមាណ​ជាង​២០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ។ លោក​ថា ៖« ការងារ​នៅ​ក្នុង​រោង​សិប្បកម្ម​នេះ ក្នុង​មួយ​ថ្ងៃ​៨​ម៉ោង​ដូច​ការងារ​ទូទៅ​ដែរ ក៏​ប៉ុន្តែ​ការងារ​នេះ​មិន​ប្រើ​កម្លាំង​ខ្លាំង​ៗ​នោះ​ទេ ព្រោះ​ដូច​ដឹង​ស្រាប់​ហើយ ផលិតផល​សិល្បៈ​បុរាណ ត្រូវការ​ថ្នាក់ថ្នម និង​ផ្ចិតផ្ចង់​បន្តិច ទើប​ទទួល​បាន​លទ្ធផល​ស្អាត​ល្អ ។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក៏​បាន​មាន​ប្រសាសន៍​ថា វិនិយោគិន​អឺរ៉ុប​ដែល​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​តែ​ធានា​ថា​បាន​ផ្ដល់​នូវ​សុខុមាលភាព​ដល់​ពលរដ្ឋ​កម្ពុជា ទាំង​បរិយាកាស​នៅ​កន្លែង​ការងារ និង​ប្រាក់​ចំណូល​របស់​ពលរដ្ឋ ។ លោក​ថា ៖« អឺរ៉ុប​ដែល​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​កំពុង​នាំមុខ​គេ ក្នុង​ការ​គិតគូរ​ពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន ដូច​ជា​គិតគូរ​ពី​សុវត្ថិភាព​ពេល​កំពុង​បំពេញការងារ និង​ការ​គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ និយោជិត​របស់​ខ្លួន​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ