រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ក្នុងនោះនារីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យម្នាក់លួចយកទូរស័ព្ទពីស្ត្រីម្នាក់ ហើយទៅឱ្យជនសង្ស័យផ្សេងម្នាក់ទៀតដើម្បីរត់គេចខ្លួនបាត់ ប៉ុន្តែត្រូវជនរងគ្រោះ និងពលរដ្ឋឃាត់ទាន់រួចប្រគល់ឱ្យសមត្ថកិច្ចបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង២០ទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចកន្លែងតាំងពិព័រណ៍ប្រគំតន្ត្រី ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី១- ឈ្មោះ នួន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក ទី២-ឈ្មោះ នី ស្រីពុំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ កង វត្តី ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ហើយទូរស័ព្ទដែលជនសង្ស័យលួចម៉ាក អាយហ្វូនសេវែនភ្លឺស តំលៃជាង៥០០ដុល្លារ។
តាមប្រភពពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ រូបគាត់ព្រមទាំងក្រុមគ្រួសាររបស់គាត់បាននាំគ្នាទៅមើលតាំងពិព័រណ៍ប្រគំតន្ត្រី បន្ទាប់មកជនសង្ស័យជាបុរសខាងលើបានលូកយកទូរស័ព្ទរបស់ជនរងគ្រោះ និងឱ្យជនសង្ស័យផ្សេងទៀត ។ ពេលជនរងគ្រោះដឹងខ្លួនពេលដឹងថាបាត់ ក៏បានដើររកជនសង្ស័យស្រាប់តែប្រទះឃើញជនសង្ស័យខាងលើកំពុងលូកលួចយកទូរស័ព្ទម្នាក់ទៀត ហើយនៅពេលនោះដែរត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋ ឃាត់បាន២នាក់ ហើយប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ បន្ទាប់ពីឃាត់បានជនសង្ស័យលួចទូរស័ព្ទដៃបាន២នាក់ហើយ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយស៊ើបអង្កេតរកមុខសញ្ញាលួចបន្ថែមទៀត និងចាត់ការតាមនិតិវិធី ។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលលួចមិនទាន់បានមិនបានទៅដាក់ពាក្យបណ្ដឹងឡើយ ៕
ចែករំលែកព័តមាននេះ