ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្ហាញ​កាលានុវត្តភាព និង​សក្ដានុពល​វិនិយោគ ដល់​វិនិយោគិន​វៀតណាម

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​វៀង​ច័ន្ទ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​រួច​មក នា​រសៀល​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

ទីក្រុង​ហាណូយ ៖ បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​វៀង​ច័ន្ទ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​រួច​មក នា​រសៀល​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ដ​ធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​វៀង​ច័ន្ទ ឆ្ពោះទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​៣​ថ្ងៃ​បន្ត​ទៀត ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ និង​ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា ។

នៅ​ក្នុង​ឱកាស​បើក​វេទិកា​ដ៏​មាន​សារសំខាន់​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​គន្លឹះ​សំខាន់​ៗ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​វិនិយោគ​វៀតណាម​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ៖« សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ត្រូវ​បាន​ប៉ាន់​ស្មានថា​នឹង​មាន​កំណើន​ក្នុង​អត្រា​៧,៣% ហើយ​សម្រាប់​ពេល​មធ្យម​ខាង​មុខ កម្ពុជា​អាច​រក្សា​បាន​អត្រាកំណើន​ប្រមាណ​៧% ក្នុង​១​ឆ្នាំ »​។​ សម្ដេច​តេ​ជោ​បន្ដ​ថា ៖« កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥ និង​ស្ថិត​នៅ​លើ​គន្លង​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ »​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ដ​ទៀត​ថា ដើម្បី​សម្រេច​នូវ​គោលបំណង​ខាងលើ និង​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ និង​អនុវត្ត​នូវ «​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥» សំដៅ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅ​ជា​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​នៅ​រង្វង់​ឆ្នាំ​២០២៥ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មុខស្រួច​ប្រកបដោយ​ភាព​ជាក់ស្តែង និង​ប្រាកដនិយម​មួយ​ចំនួន​ដូច​ជា ៖ ១- រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ជំរុញ​ការ​សម្របសម្រួល​ពាណិជ្ជកម្ម ដោយ​ត្រៀម​ដាក់​ឲ្យ​អនុវត្ត​នូវ​បញ្ជរ​ចេញចូល​តែ​មួយ​, ធ្វើ​សាមញ្ញ​កម្ម និង​ស្វ័យប្រវត្តិកម្ម​នីតិវិធី​គយ​ទាំង​លើ​ការ​កំណត់​ថ្លៃ និង​ការ​បញ្ចេញ​ទំនិញ​, កាត់​បន្ថយ​នូវ​ថ្លៃ​សេវា​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​នានា និង​កែសម្រួល​នូវ​ស្ថាប័ន​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ និង​កំពង់​ផែ​អន្តរជាតិ ដើម្បី​សម្រួល និង​ព​ន្លឿ​ន​ដល់​ការ​នាំ​ចេញ​និង​នាំ​ចូល ។ ២- នៅ​លើ​កា​រត​ភ្ជាប់​ផ្នែក​ទន់ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការមេ​ស្តី​ពី​វិស័យ​ឡូ​ជី​ស្ទីក​និង​បាន​បង្កើត​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ដោយ​ពង្រីក​ផ្លូវជាតិ​ទាំងអស់​ឲ្យ​ទៅ​ជា​៤​គន្លង ជា​ពិសេស​ផ្លូវជាតិ​ដែល​ភ្ជាប់​ទៅ​ប្រទេស​ជិតខាង​, កសាង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​រហូត​ដល់​ជម្រៅ​ទឹក​១៤​ម៉ែត្រ និង​កសាង​ផ្លូវ​ល្បឿន​លឿន (Expressway)​ពី​ភ្នំពេញ​ទៅ​កំពង់​ផែ​អន្តរជាតិ ដែល​ការ​កសាង​ទាំងនេះ នឹង​សម្រេច​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។

៣- ពាក់ព័ន្ធ​នឹង​ថ្លៃ​អ​គិ្គ​ស​នី រាជរដ្ឋាភិបាល​បាន​សម្រេច​ថា ថ្លៃ​អគ្គិសនី​នឹង​ត្រូវ​បញ្ចុះ​បន្ថែម​ទៀត​ជា​បណ្តើរ​ៗ​ចាប់តាំងពី​ឆ្នាំ​២០១៩​នេះ​តទៅ ក៏​ដូច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​ដើម្បី​លើកកម្ពស់​ភាព​ទាក់ទាញ​ការ​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​ផលិតកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​, ឧស្សាហកម្ម​ប្រើប្រាស់​ម៉ាស៊ីន​ទំនើប និង​ការ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ខ្យែ​សង្វា​ក់​តម្លៃ​ក្នុង​តំបន់ ។
៤- រាជរដ្ឋាភិបាល​កំពុង​រៀបចំ​បង្កើត​ធនាគារ​SME និង​អនុវត្ត​គោលនយោបាយ​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​លើកកម្ពស់​វិស័យ​SMEs ជា​ក្បាលម៉ាស៊ីន​សម្រាប់​កំណើនសេដ្ឋកិច្ច និង​គាំទ្រ​ដល់​ខ្សែ​សង្វា​ក់​ផលិតកម្ម និង​សេវាកម្ម រួម​ទាំង​បាន​រៀបចំ​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា ។

ទន្ទឹម​នេះ​ដែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ថ្មី​ៗ​របស់​វិនិយោគិន ស្រប​តាម​ការ​ប្រែប្រួល​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​កំពុង​បញ្ចប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិនិយោគ​, អនុម័ត​ច្បាប់​ស្តី​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ពន្ធដារ ដោយ​គិតគូរ​បន្ថែម​ផ្តល់​ការ​លើក​ទឹក​ចឹ​ត្ត​ឆ្លាត​វៃ​, ការ​បណ្តុះបណ្តាល​, ការ​ប្រើប្រាស់​ម៉ាស៊ីន និង​បច្ចេកវិទ្យាទំនើប ។​បន្ថែម​ពីលើ​វិធានការ​មុត​ស្រួច និង​ជាក់ស្តែង សម្តេច​តេ​ជោ​ក៏​បាន​រំលេច​ផង​ដែរ​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ និង​សូម​ជំរាប​ជូន​ធុរជន និង​អ្នក​វិនិយោគ​ទាំងអស់​អំពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់​ៗ​របស់​កម្ពុជា​ដូច​ជា ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ​និង​ម៉ាក្រូសេដ្ឋកិច្ច ។ កម្ពុជា​ស្ថិត​នៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ដែល​តំបន់​នេះ​បាន​នឹង​កំពុង​ក្លាយជា «​រោងចក្រ​អាស៊ី​» ហើយ​ម្យ៉ាងទៀត កម្ពុជា​ក៏​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​តំបន់​មេគង្គ​ដែល​ជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច​និង​កា​រត​ភ្ជាប់​ខ្ពស់​ជាងគេ ។ កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប និង​វ័យក្មេង​ដែល​ក្នុង​នោះ​ប្រជាជន​ដែល​មាន​អាយុ​ត្រឹម​៣៥​ឆ្នាំ​ចុះ​មាន​ចំនួន​ដល់​ទៅ​៧២%​នៃ​ប្រជាជន​សរុប គួប​ផ្សំ​នឹង​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម និង​ជា​វណ្ណៈ​កណ្តាល និង​បង្កើត​កាលានុវត្តភាព​សម្រាប់​កម្ពុជា ។

កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការ​រើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា​និង​អ្នក​វិនិយោគ​បរទេស​នោះ​ទេ ។ ទំនិញ​ផលិត​នៅ​កម្ពុជា​មិនមែន​ផ្គត់ផ្គង់​សម្រាប់​តែ​ទីផ្សារ​នៅ​កម្ពុជា​ដែល​មាន​ប្រជាជន​ប្រមាណ​តែ​ជាង​១៥​លាន​នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅ​ក្នុង​ទីផ្សារ​អនុ​តំបន់​មេគង្គ​ដែល​មាន​អតិថិជន​ប្រមាណ​២៥០​លាន​នាក់​, ទីផ្សារ​អាស៊ាន​ដែល​មាន​អតិថិជន​ប្រមាណ​៦៣០​លាន​នាក់​, និង​ទីផ្សារ​នៅ​ក្នុង​តំបន់​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ ( RCEP) ដែល​មាន​អតិថិជន​ប្រមាណ​៣​ប៊ី​លាន​នាក់ ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃ​ទៀត​ក្នុង​ពិភពលោក ។ កម្ពុជា និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​នៅ​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ង្វៀ​ន សួន​ហ្វ៊ុ​ក នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម មាន​ប្រសាសន៍​ថា អ្វី​ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សន្យា​រួម​គ្នា​នឹង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កើន​ដល់​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​នោះ គឺ​អ្វី​ៗ​នឹង​សម្រេច​បាន​ដោយសារ​ពេល​នេះ យើង​បាន​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​ជិត​៤​ពាន់​លាន​ដុល្លារ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។
លោក​រដ្ឋមន្ត្រី​បន្ដ​ថា ៖« បច្ចុប្បន្ន​នេះ វៀតណាម​មាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន​២០៦​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ និង​មាន​គម្រោង​ជា​ច្រើន​ទៀត​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា »​។

ប្រទេស​ទាំង​ពីរ វៀតណាម​-​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​យូរលង់​ណាស់​មក​ហើយ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ គឺជា​ខួប​លើក​ទី​៥១​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។
កាលពី​ឆ្នាំ​២០១៧ ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ សម្រេច​បាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២,១៣​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ទោះបី​យ៉ា​នេះ​ក្ដី ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​មាន​ទំហំ​តូច​នៅឡើយ​។ ជាក់ស្តែង ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​វៀតណាម​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​៣៤២​លាន​ដុល្លារ បើ​ធៀប​នឹង​ការ​នាំ​ចូល​របស់​កម្ពុជា​ពី​វៀតណាម ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ប្រមាណ​១,៨​ពាន់​លាន​ដុល្លារ ។

នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​វៀតណាម រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​៧៥ គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៤​ពាន់​លាន​ដុល្លារ ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ