ខេត្តបន្ទាយមានជ័យ ៖ គ្រួសារប្តីប្រពន្ធស្វិតជើងដូចគ្នារុញរទេះរើសអេតចាយដោះស្រាយរស់នៅប្រចាំថ្ងៃ និងបណ្តើរកូនស្រីវ័យ៤ឆ្នាំពីក្រោយដែលមើលទៅគួរឱ្យសង្វេគជាខ្លាំងថ្ងៃទី៨ ធ្នូ ២០១៨ បានទទួលអំណោយសប្បុរសជនឯនាយសមុទ្រ លោកស្រី ខាំរ៉ែន អេងលី (Karen Engly) និងកូនឈ្មោះ ពេជ្រ ឆារី អេងលី (Pichary Engly) នៅសហរដ្ឋអាមេរិកចំនួន២០០ដុល្លារ តាមរយៈភ្នាក់ងារ«កោះសន្តិភាព»ប្រចាំខេត្តបន្ទាយមានជ័យ ។
នៅក្នុងឱកាសនោះក៏មានទាំងអំណោយរបស់លោកវរសេនីយ៍ទោ សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅតាមរយៈលោកអនុសេនីយ៍ឯក ចន ម៉ាប់ មេប៉ុស្តិ៍រដ្ឋបាលនគរបាលអូរបីជាន់ និងលោក ប៉ែន សុផល សមាជិកក្រុមប្រឹក្សាឃុំអូរបីជាន់ចំនួន៥ម៉ឺនរៀលផងដែរ ។
គួរបញ្ជាក់ថា គ្រួសារខាងលើបុរសជាប្តីស្វិតជើងម្ខាងឈ្មោះ សួន ទិត្យ អាយុ៣០ឆ្នាំ នាងជាប្រពន្ធស្វិតជើងទាំង២ឈ្មោះ ពៅ ធីតា អាយុ២៩ឆ្នាំ និងមានកូនស្រីម្នាក់អាយុ៤ឆ្នាំ ឈ្មោះ ចាន់ សំណាង ។ គ្រួសារមួយនេះរស់អាស្រ័យរើសអេតចាយលក់ចិញ្ចឹមជីវិតប្រចាំថ្ងៃដោយនាងជាប្រពន្ធអង្គុយលើរទេះដាក់ការ៉ុងអេតចាយពីមុខ បុរសជាប្តីរុញរទេះរុញប្រពន្ធពីក្រោយផង រើសអេតចាយផង ថែមទាំងមើលថែកូនស្រីដែលរត់ត្រឹកៗតាមពីក្រោយទៀត ។
គ្រួសារនេះសុំដីគេរស់នៅក្នុងភូមិបន្ទាយថ្មី ឃុំអូរបីជាន់ស្រុកអូរជ្រៅហើយពួកគេទាំង២នាក់ អតីតជាក្មេងកំព្រា រស់នៅក្នុងមណ្ឌលអង្គការនៅឯភ្នំពេញចាប់ដៃគ្នាជាប្តីប្រពន្ធបង្កើតបានកូនស្រីម្នាក់ ។
ក្នុងឱកាសប្រគល់អំណោយនោះមានរដ្ឋអំណាចមូលដ្ឋានបានចូលរួមផងដែរ ដែលម្នាក់ៗសម្តែងនូវការអាណិតអាសូរក្រៃលែង ។
ជាមួយការទទួលអំណោយនេះទាំង២នាក់ ប្តីប្រពន្ធត្រកអរ រហូតដល់ហូរទឹកភ្នែក សម្តីអួលអាក់ដោយនិយាយថា ពួកគាត់មិនដែលបានទទួលអំណោយអីច្រើនយ៉ាងនេះទេ ច្រើនណាស់ប្រាក់អំណោយ២០០ដុល្លារសម្រាប់ពួកគាត់៣នាក់ ។ ព្រមទាំងបួងសួងដល់ទេវតាតាមជួយថែរក្សាដល់ម្ចាស់អំណោយឱ្យជួបតែសេចក្តីសុខ ចម្រុងចម្រើន អាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ ៕
ចែករំលែកព័តមាននេះ