ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ក្រោយទាញដាវកាប់យ៉ាងព្រៃផ្សៃលើជនរងគ្រោះម្នាក់គេចខ្លួន មិនបានប៉ុន្មានថ្ងៃផង ត្រូវនគរបាលជំនាញផ្នែកយុត្តិធម៌នៃអធិការនគរបាលក្រុងប៉ោយប៉ែត សហការណ៍ជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតស្រាវជ្រាវចាប់ខ្លួនបាននៅរសៀលថ្ងៃទី៦ ធ្នូ ២០១៨។ ជនសង្ស័យ ខាងលើឈ្មោះ និ គឹមស ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ និងក្រុងប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់ថា មុនឃាត់ខ្លួនជនសង្ស័យបានយកដាវសាំម៉ូរ៉ៃកាប់ជនរងគ្រោះ ឈ្មោះ សុន ជំនោរ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ និងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត បណ្តាលឱ្យរបួសទ្រូងធ្ងន់ធ្ងរដេរ២៤ថ្នេរ កាលពីយប់ថ្ងៃទី៤ ធ្នូ កន្លងទៅថ្មីៗរួចគេចខ្លួនបាត់។ លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែតប្រាប់ថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះនៅព្រឹកថ្ងៃទី៥ លោកបញ្ជាកម្លាំងជំនាញ ចុះស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើកំពុងដើរលេងយ៉ាងរំភើយក្នុងភូមិកើតហេតុកាលពីរសៀលថ្ងៃទី៦ ធ្នូ យកទៅសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះមែន ដោយថាខឹងនឹងជនរងគ្រោះផឹកស៊ីឡូឡារំខាន។ លោកអធិការបន្តថា ជនសង្ស័យ និងវត្ថុតាងបានកសាង សំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ