ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អនុលោម​តាម​ច្បាប់​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ប្រសើរ​ឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (Better Factories Cambodia) បាន​បង្ហាញ​ថា ការ​អនុលោម​តាម​ច្បាប់​លើ​បទដ្ឋាន​ការងារ​នៅ​ក្នុង​ការ​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា មាន​ភាពល្អ​ប្រសើរ​គួរ​ឱ្យ​កត់សម្គាល់ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (Better Factories Cambodia) បាន​បង្ហាញ​ថា ការ​អនុលោម​តាម​ច្បាប់​លើ​បទដ្ឋាន​ការងារ​នៅ​ក្នុង​ការ​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា មាន​ភាពល្អ​ប្រសើរ​គួរ​ឱ្យ​កត់សម្គាល់ ។

របាយការណ៍​បាន​លើក​ឡើង​ថា ការ​អនុលោម​តាម​ច្បាប់​ទៅ​លើ​បញ្ហា​ចម្បង​ទាំង​២១ មានការ​ថយ​ចុះ​ពី​ចំនួន​៨១១​នៅ​ឆ្នាំ​២០១៤ មក​នៅ​ត្រឹម​៦៣១​ចំណុច នេះ​បើ​គិត​មក​ដល់​ពេល​របាយការណ៍​បច្ចុប្បន្ន ។ គិត​នៅ​ក្នុង​រយៈពេល​ដូច​គ្នា ចំនួន​រោងចក្រ​ដែល​បាន​អនុលោម​តាម​ច្បាប់​ស្តី​ពី​បញ្ហា​ចម្បង​មាន​ចំនួន​កើនឡើង​ពី​៣២%​ដល់​៤១% ។ ទោះជា​យ៉ាងណា​ក្ដី របាយការណ៍​បាន​កត់​សម្គាល់ថា ការ​កែ​លម្អ​មិន​បាន​គ្រប់​ចំណុច​ទាំងអស់​ឡើយ ដែល​បញ្ហា​ចម្បង​ទាក់ទង​ទៅ​នឹង​ចំណុច​ដូច​ជា ការ​ត្រៀម​ពេល​មាន​អាសន្ន​, ការ​រើសអើង​, ពលកម្ម​កុមារ​, ការ​បើ​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់​បាន​បង្ហាញ​នូវ​ការ​កែ​លម្អ ខណៈ​ដែល​ចំណុច​ដទៃ​ទៀត​មាននៅ​ដដែល និង​ចំណុច​ដទៃ​ទៀត​មានការ​ថយ​ចុះ ។

ចំពោះ​ឫសគល់​នៃ​បញ្ហា​នានា​ដែល​រារាំង​មិន​ឱ្យ​រោងចក្រ​បង្កើន​ការ​កែ​លម្អ​ដោយ​ចីរភាព ស្តី​ពី​សុខភាព និង​សុវត្ថិភាព​ដល់​កម្មករនិយោជិត ចំពោះ​ភាព​មិន​អនុលោម​ច្បាប់​ពាក់ព័ន្ធ​ទៅ​នឹង​សុខភាព និង​សុវត្ថិភាព មាន​កម្រិត​ខ្ពស់​ដល់​៣៤,៧% ហើយ​គ្មាន​រោងចក្រ​ណា​បាន​អនុវត្ត​រាល់​គ្រប់​ចំណុច​នៃ​សុខភាព និង​សុវត្ថិភាព​ឡើយ ហើយ​នេះ​មិនមែន​តែ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ពោល​គឺ​មាន​ទូ​ទាំង​សកលលោក ។ នេះ​បើ​តាម​របាយការណ៍​បាន​បញ្ជាក់ ។

អ្នកស្រី អិ​ស្តើ​រ ហើ​មិន​ស៍ ប្រធាន​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ មាន​ប្រសាសន៍​ថា ៖« ដើម្បី​ដឹកនាំ​ភាព​ផ្លាស់​ប្តូរ​នៅ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​ដៃគូ​ពាក់ព័ន្ធ ។ បច្ចុប្បន្ន​នេះ ការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​ដើរតួរ​យ៉ាង​សំខាន់​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​កាត់ដេរ ដែល​ជួយ​ឱ្យ​កម្ពុជា​កេរ្តិ៍ឈ្មោះ​ល្បី និង​ជាទី​ផលិត​ទំនិញ​ដែល​មាន​ក្រមសីលធម៌​ល្អ »​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា នៅ​តែ​ជា​បេះដូង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​នាំ​មក​នូវ​ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​៧៣% នៃ​ការ​នាំ​ចេញ​ទំនិញ ព្រមទាំង​បង្កើត​ការងារ​ចំនួន​៦៥​ម៉ឺន​នាក់​ដល់​ប្រជាជន​កម្ពុជា​ដែល​ភាគច្រើន​ជា​ស្ត្រី​។ កម្មករ​កាត់ដេរ​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​របស់​ខ្លួន និង​ផ្គត់ផ្គង់​ដល់​គ្រួសារ និង​ជួយ​គាំទ្រ​ដល់​ការ​កែ​លម្អ​ជីវភាព​រស់នៅ​សម្រាប់​សុខភាព និង​ការ​អប់រំ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ ។ កម្មករ​ម្នាក់​ជួយ​ផ្គត់ផ្គង់​សមាជិកគ្រួសារ​ដទៃ​ទៀ​ពី​៣​ទៅ​៤​នាក់ ដែល​ជា​ហេតុ​បង្ហាញ​ថា មាន​ប្រជាជន​កម្ពុជា​២​លាន​នាក់​ពឹង​អាស្រ័យ​លើ​ឧស្សាហកម្ម​កាត់ដេរ ដើម្បី​ជីវភាព​រស់នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ