ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​អឺរ៉ុប​នាំមុខ​គេ​ក្នុង​ការ​វិនិយោគ​ថាមពលបៃតង​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន​កម្ពុជា តាម​បណ្ដា​ក្រុមហ៊ុន​ដែល​ជា​ការ​វិនិយោគ​របស់​អឺរ៉ុប​ក្នុង​ខេត្តសៀមរាប​ថា លោក​ពិតជា​រីករាយ ដែល​បានឃើញ​ក្រុមហ៊ុន​របស់​សហភាព​អឺរ៉ុប នាំមុខ​គេ​ក្នុង​ការ​វិនិយោគ​ថាមពលបៃតង​នៅ​កម្ពុជា និង​បាន​គិតគូរ​យ៉ាង​ខ្លាំង​ពី​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា…

ខេត្តសៀមរាប ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន​កម្ពុជា តាម​បណ្ដា​ក្រុមហ៊ុន​ដែល​ជា​ការ​វិនិយោគ​របស់​អឺរ៉ុប​ក្នុង​ខេត្តសៀមរាប​ថា លោក​ពិតជា​រីករាយ ដែល​បានឃើញ​ក្រុមហ៊ុន​របស់​សហភាព​អឺរ៉ុប នាំមុខ​គេ​ក្នុង​ការ​វិនិយោគ​ថាមពលបៃតង​នៅ​កម្ពុជា និង​បាន​គិតគូរ​យ៉ាង​ខ្លាំង​ពី​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក George Edgar បាន​បន្ត​ថា ក្រុមហ៊ុន​របស់​សហភាព​អឺរ៉ុប ដែល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ទៅ​លើ​សង្គម ទាំង​មនុស្ស និង​បរិស្ថាន ។ លោក​ថ្លែង​ថា ៖« ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់ កាំ​បូ​ដ (Total Cambodge ) ដំបូង​ឡើង​គ្រាន់តែ​លក់​ប្រេងឥន្ធនៈ​សម្រាប់​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​កម្ពុជា​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ក៏​បាន​បន្ថែម​ការ​វិនិយោគ​របស់​ខ្លួន​លើ​ប្រព័ន្ធ​ថាមពល​ប្រើ​ពន្លឺព្រះអាទិត្យ​ថែម​ទៀត​ផង ដែល​អាច​កាត់​បន្ថយ​នូវ​ការ​បំ​ភាយ​ឧស្ម័ន​អាក្រក់​ៗ និង​អាច​ទាញ​យក​ពន្លឺព្រះអាទិត្យ​មក​ប្រើ​ជា​ថាមពល ដែល​ជា​ថាមពល​កកើត​ឡើង​វិញ យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ »​។ លោក​ឯកអគ្គរដ្ឋទូត​បន្ថែម​ថា ៖« ការ​បន្ថែម​វិនិយោគ​លើ​ប្រព័ន្ធ​សូ​ឡា​របស់​តូ​តា​ល់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ការ​យកចិត្តទុកដាក់ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន ខណៈ​សាកលលោក​ទាំងមូល​ក៏​កំពុង​មានការ​ព្រួយបារម្ភ​ពី​បរិស្ថាន​នេះ​ដែរ » ។ លោក​ទូត​បន្ថែម​ថា លោក​នឹង​ជំរុញ​ឲ្យ​វិនិយោគិន​សហភាព​អឺរ៉ុប ដែល​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​តែ​បន្ត​ទទួលខុសត្រូវ​នូវ​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។

នាយករង​ប្រតិបត្តិ​ក្រុមហ៊ុន​តូ​តា​ល់ កាំ​បូ​ដ លោក ម៉​ម សំអាត បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បន្ថែម​វិនិយោគ​របស់​តូ​តា​ល់​លើ​ប្រព័ន្ធ​សូ​ឡា នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​បាន​មើលឃើញ​ថា នៅ​លើ​ពិភពលោក​នេះ​កំពុង​មានការ​ព្រួយបារម្ភ​ពី​ការ​បម្រែបម្រួល​អាកាសធាតុ ហើយ​តូ​តា​ល់​ក៏​បាន​កំណត់​ចក្ខុវិស័យ​របស់​ខ្លួន ជា​ក្រុមហ៊ុន​នាំមុខ​ខាង​ថាមពលបៃតង (Green Energy ) ទើប​ក្រុមហ៊ុន​បាន​មើលឃើញ​ពី​ឱកាស និង​ការ​ចូលរួម​ឲ្យ​សហគ្រាស​ធំ​ៗ​ងាក​មក​ប្រើ​ថាមពលបៃតង​ជំនួស​វិញ ។ លោក​បន្ត​ថា តូ​តា​ល់​សូ​ឡា គឺជា​គម្រោង​ធំ​របស់​តូ​តា​ល់ កាំ​បូ​ដ ហើយ​ជំហាន​ដំបូង​ក្រុមហ៊ុន​នឹង​ធ្វើការ​តែ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​សហគ្រាស​ធំ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កែប្រែ​ឲ្យ​ពួក​ងាក​មក​ប្រើ​ថាមពលបៃតង​ជំនួស​វិញ ។ លោក​ថា ៖« បច្ចុប្បន្ន​នេះ យើង​បាន​និង​កំពុង​ទាក់ទង​ទៅ​ដៃគូ​របស់​យើង និង​កំពុង​រៀបចំ​បែបបទ និង​សិក្សា​ពី​ការ​ដំឡើង​ថាមពល​សូ​ឡា​ជូន​ពួក​គាត់​ប្រើប្រាស់ ហើយ​ក៏​មាន​ក្រុមហ៊ុន​សហគ្រាស​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ជាមួយ​យើង​ក្នុង​ការ​ដំឡើង​ប្រ​ព​ន្ធ័​ថាមពល​ពន្លឺព្រះអាទិត្យ​ដែរ » ។ លោក​បន្ថែម​ថា ការ​ប្រើប្រាស់​ថាមពល​ពន្លឺ​អាទិត្យ​សូ​ឡា នេះ​បាន​ជួយ​ច្រើន​ដល់​អ្នក​ប្រើប្រាស់ ហើយ​វា​អាច​សន្សំ​សំចៃ​ថាមពល​រហូត​ដល់​ជាង​២៥%​ឯណោះ ជា​ពិសេស​នោះ​វា​មិន​បំ​ភាយ​ឧស្ម័ន​និង​កំ​ដៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ ។

សូម​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​វិនិយោគិន​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​បន្ថែម ដើម្បី​រក្សា​បរិស្ថាន​ល្អ ក្នុង​នោះ មាន​ក្រុមហ៊ុន​ក្រៅ​ស្រុក​មួយ​ចំនួន​បាន​មក​សិក្សា ពី​លទ្ធភាព នៃ​ការ​វិនិយោគ​ថាមពល​កកើត​ឡើង​វិញ​នេះ ជា​ពិសេស​ថាមពល​ពន្លឺព្រះអាទិត្យ ក៏​ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ចាប់ផ្ដើម​អនុវត្ត​នូវ​គម្រោង​ថាមពលបៃតង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ