ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​កង់​បី​ឥណ្ឌា​កំពុង​ប្រកួតប្រជែង​ខ្លាំង ខណៈ​របរ​នេះ​ចង់​ចង្អៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ការ​ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​តាម​មធ្យោបាយ​ថ្មី​ដែល​គេ​ហៅ​ថា «​កង់​បី​ឥណ្ឌា​» កំពុង​មាន​កំណើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពិសេស​ក្រោយ​ពី​លេចឡើង​នូវ​បច្ចេកវិទ្យា​ទំនើប​(App)​ដែល​ផ្ដល់​ភាព​ងាយស្រួល និង​ទំនុកចិត្ត​ដល់​អ្នកដំណើរ ធ្វើ​ឲ្យ​របរ​ផ្ដល់​សេវា​មួយ​នេះ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត រហូត​ដល់ទី​ផ្សារ​ការងារ​នេះ​ចង់​ចង្អៀត​ទៅ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ការ​ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​តាម​មធ្យោបាយ​ថ្មី​ដែល​គេ​ហៅ​ថា «​កង់​បី​ឥណ្ឌា​» កំពុង​មាន​កំណើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពិសេស​ក្រោយ​ពី​លេចឡើង​នូវ​បច្ចេកវិទ្យា​ទំនើប​(App)​ដែល​ផ្ដល់​ភាព​ងាយស្រួល និង​ទំនុកចិត្ត​ដល់​អ្នកដំណើរ ធ្វើ​ឲ្យ​របរ​ផ្ដល់​សេវា​មួយ​នេះ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត រហូត​ដល់ទី​ផ្សារ​ការងារ​នេះ​ចង់​ចង្អៀត​ទៅ​ហើយ ។

បើ​តាម​នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ANGKOR MOTORCYCLE ជា​ក្រុមហ៊ុន​ដំឡើង​កង់​បី​ក្នុងស្រុក​ម៉ាក​«​អង្គរ​» បាន​ប្រាប់​កោះសន្ដិភាព​ថា បច្ចុប្បន្ន​ទីផ្សារ​កង់​បី​កំពុង​មាន​តម្រូវការ​ខ្ពស់​ដោយសារ​មុខរបរ​ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​មួយ​នេះ​មានការ​គាំទ្រ​ខ្លាំង​ពី​មហាជន​ទូទៅ ។

លោក Tang Jiang នាយក​គ្រប់គ្រង​រូប​នេះ​បន្ដ​ថា ៖« បន្ទាប់​ពី​ចាប់ផ្តើម​តម្លើង រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​យើង​លក់​បាន​ជាង​៥០០​គ្រឿង ហើយ​នៅ​ពេល​កន្លង​មកនេះ​មាន​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តា​ខេត្ត​សក្តានុពល​មួយ​ចំនួន​បាន​ទាក់ទង​យក​ទៅ​ចែកចាយ​បន្ត​ផង​ដែរ ដោយសារ​វា​មាន​ទំហំ​ធំ​ជាងកង់​បី​ដែល​នាំ​ចូល ងាយស្រួល​ជាង រឹង​មាំ​ជាង រង្វង់​កង់​ធំ​ជាង និង​ស៊ីប្រេង​តិច តែ​កម្លាំង​ម៉ាស៊ីន​ធំ​ជាង​។ ដូច្នេះ​បងប្អូន​ដែល​ចង់​ចាប់​យក​របរ​នេះ គួរ​ជ្រើសរើស​ផលិតផល​ដែល​ដំឡើង​ក្នុងស្រុក​ដើម្បី​ចូលរួម​ផ្ដល់​ការងារ​ដល់​កូន​ខ្មែរ »​។ លោក​បាន​លើក​ឡើង​ថា កង់​បី​ម៉ាក​អង្គរ​នេះ បាន​ផលិត​នៅ​ខេត្ត​ជាង​ស៊ូ ប្រទេស​ចិន នៅ​ឆ្នាំ​២០១៧ ហើយ​នាំ​ចូល​មក​ដំឡើង​នៅ​កម្ពុជា​លើ​ដំបូង​ចំនួន​៦០​គ្រឿង ខណៈ​ដែល​គ្រានោះ​ក្រុមហ៊ុន​ពិបាក​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ខ្មែរ​ដែល​មាន​ជំនាញ​ខាង​ដំឡើង​នេះ ប៉ុន្ដែ​ក្រោយ​ពី​បាន​អញ្ជើញ​អ្នកជំនាញ​ចិន​មក​បណ្ដុះបណ្ដាល​រួច​មក រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​មាន​បុគ្គលិក​ខ្មែរ​ចំនួន​៣០​នាក់ ដែល​មាន​ប្រាក់ខែ​ចាប់ពី​២៥០​ដុល្លារ​ដល់​៥០០​ដុល្លារ​ក្នុង​១​ខែ​ទៅ​តាម​ជំនាញ​របស់​ពួក​គេ ។ លោក​បញ្ជាក់​ថា ៖« កង់​បី​ម៉ាក​អង្គរ មាន​តម្លៃ​សមរម្យ គឺ​ក្នុង​១​គ្រឿង​តម្លៃ​៣.៣០០​ដុល្លារ ដែល​ក្រុមហ៊ុន​បាន​បំពាក់ និង​តុបតែង​គ្រប់​ផ្នែក​រួច​ជា​ស្រេច ហើយ​បើ​ភ្ញៀវ​ពុំ​សូវ​មាន​លទ្ធភាព ក៏​អាច​បង់​រំលស់​បានជា​មួយ​ក្រុមហ៊ុន​ដៃគូ ឬ​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​ក៏​បានដែរ »​។

ប្រធាន​សមាគម​រួបរួម​គ្នា​អភិវឌ្ឍន៍​កម្ពុជា​លោក ឯ សុភា​ស់ បាន​ឲ្យ​ដឹង​ថា មក​ដល់​សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​កម្ពុជា​ប្រកប​របរ​រត់​កង់​បី ឬ​រ៉ឺ​ម៉ក​កង់​បី​នៅ​ទូ​ទាំង​ប្រទេស​មាម​ប្រមាណ​៥​ម៉ឺន​គ្រឿង ក្នុង​នោះ​នៅ​ក្រុងភ្នំពេញ​មាន​៤​ម៉ឺន​គ្រឿង ហើយ​នៅ​ក្នុង​១​ថ្ងៃ​ៗ ពួក​គាត់​អាច​រក​ចំណូល​បាន​ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល តែ​សម្រាប់​អ្នក​រត់​រ៉ឺ​ម៉ក​ខ្មែរ​មានការ​ធ្លាប់​ចុះ បើ​ធៀប​ពេល​មុន​ៗ ។ លោក​លើក​ឡើង​ថា ៖« ទីផ្សារ​មុខរបរ​រត់​កង់​បី​នេះ​មាន​លក្ខណៈ​ចង្អៀត​បន្តិច​ហើយ​សព្វ​ថ្ងៃនេះ តែ​ជា​រួម មុខរបរ​នេះ​នៅ​តែ​អាច​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​បាន ដោយ​ផ្អែក​លើ​ភ្ញៀវ និង​ការ​ទំនាក់ទំនង​របស់​ខ្លួន » ។

អ្នក​រត់​កង់​បី​ឥណ្ឌា​នៅ​រាជធានី​ភ្នំពេញ លោក គី​ម ហុង បាន​ឲ្យ​ដឹង​ថា ក្នុង​១​ថ្ងៃ លោក​អាច​រក​ចំណូល​បាន​ប្រមាណ​៥​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល ក្រោយ​ពេល​ទូទាត់​ថ្លៃ​ចំណាយ​នានា​រួចរាល់ ដូចនេះ​ឃើញ​ថា វា​គ្រាន់បើ​ដែរ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ លោក​ថា ៖« កាលពីមុន ខ្ញុំ​ធ្លាប់​ប្រើ​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ តែ​វា​មិនសូវ​កាក់កប ទើប​ខ្ញុំ​សម្រេច​ផ្លាស់​ប្តូរ​មក​ប្រើ​កង់​បី​ឥណ្ឌា ដែល​ចំណាយ​តិច និង​រក​ចំណូល​បាន​ច្រើន​គួរសម បើ​ទោះបីជា​វា​ថ្លៃ​ខ្ពស់​បន្ដិច​ក៏​ដោយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ