ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រឿង​មេឃុំ​លួច​លក់​ដី​ស្រះ​សាធារណ​:.. មែនឬ​អត់​លោក​មេឃុំ​..​? (មាន​វីដេអូ)

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អាជ្ញាធរ​ឃុំ​ន​រា ស្រុក​សង្កែ រួម​នឹង​មន្ត្រី​ខិលខូច​មួយ​ចំនួន​ទៀត បាន​រង​ការ​ចោទប្រកាន់​ពី​មហា​​ជន ​និង​មន្ត្រី​មួយ​ចំនួន​ថា បាន​ឃុំ​ឃិ​ត​គ្នា​លក់​ដី​ស្រះ​ដែល​មាន​ទំហំ​ជិត​២,០០០​ម៉ែត្រការ៉េ ដែល​ជា​ស្រះ​​ទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​រួម​គ្នា ស្ថិត​នៅ​ក្នុងភូមិ​តា​កុក…

ខេត្តបាត់ដំបង ​៖ អាជ្ញាធរ​ឃុំ​ន​រា ស្រុក​សង្កែ រួម​នឹង​មន្ត្រី​ខិលខូច​មួយ​ចំនួន​ទៀត បាន​រង​ការ​ចោទប្រកាន់​ពី​មហា​​ជន ​និង​មន្ត្រី​មួយ​ចំនួន​ថា បាន​ឃុំ​ឃិ​ត​គ្នា​លក់​ដី​ស្រះ​ដែល​មាន​ទំហំ​ជិត​២,០០០​ម៉ែត្រការ៉េ ដែល​ជា​ស្រះ​​ទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​រួម​គ្នា ស្ថិត​នៅ​ក្នុងភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ តែ​មន្ត្រី​ជើង​១០​ទាំង​នោះ​​បាន​ឆ្លើយ​ភូត​កុហក​មហាជន​ថា ជា​ការ​ដោះ​ដូរ​ទៅ​នឹង​ការ​អភិវឌ្ឍន៍​ភូមិ​-​ឃុំ​។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្រះ​ទឹក​នោះ​ជា​របស់​រដ្ឋ មាន​ទំ​ហុំ​៥៩​ម៉ែត្រ​x៣៣​ម៉ែត្រ ដែល​មាន​ផ្ទៃ​ក្រ​ឡា​ជិត​២,០០០​ម៉ែត្រការ៉េ នៅ​ជាប់​នឹង​ផ្លូវ​កៅស៊ូ​ពី​ឃុំ​ន​រា ឆ្ពោះទៅ​ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។ អ្នក​ភូមិ​បាន​ហៅ​ស្រះ​នោះ​ថា​​ល​រាប់​ទសវត្សរ៍​ហើយ​។

មន្ត្រី​ដដែល​បាន​ប្រាប់​ទៀត​ថា កន្លង​មក ​ពលរដ្ឋ​តែង​ប្រើប្រាស់​ទឹកស្រះ​នេះ​ សម្រាប់​ស្រោច​ស្រប​ដំណាំ​ ឬ​ប្រើប្រាស់​​ជា​ប្រ​យោ​ជន៍​ផ្សែង​ទៀត​។ ប៉ុន្តែ​ពេល​នេះ​ បែរជា​ត្រូវ​បាន​អ្នកមាន​លុយ​ម្នាក់​ឈ្មោះ​ លាង ដឹក​ដី​ចាក់​​លុប​អស់​ជិត​ពាក់កណ្ដាល​ទៅ​ហើយ​។ មន្ត្រី​ដដែល​និយាយ​ថា មិនតែប៉ុណ្ណោះ​ថែម​ទាំង​លេចឮ​ថា ឈ្មោះ ​លាង ទិញ​ស្រះ​ទឹក​សាធារណ​:​នេះ​ពី​លោក​ជុំ គឹ​ម​សេង មេឃុំ​ន​រា ទៀត​ផង ដើម្បី​ចាក់​ដី​ធ្វើ​ឃ្លាំង​លក់​​គ្រឿងសំណង់ និង​ធ្វើ​ផ្លូវ​ចាក់​បេតុង​ចូល​ទៅ​កាន់​គម្រោង​ពុះ​ដី​ឡូត៍​របស់​ខ្លួន​នៅ​ផ្នែក​ខា​ក្រោយ​។

ប៉ុន្តែ​លោក​ជុំ គឹ​ម​សេង មេឃុំ​ន​រា បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ពី​មហាជន ​និង​មន្ត្រី​នានា​ដែល​ថា លោក​បាន​លក់​ដី​ស្រះ​ទឹក​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​នេះ​។ លោក​មេឃុំ​រូប​នេះ​បាន​ពន្យល់​ថា ដី​ស្រះ​នោះ​លោក​មិន​បាន​លក់​ទេ តែ​បាន​ដោះ​ដូរ​ជាមួយនឹង​ការ​អភិវឌ្ឍ​ន៍​ក្នុងភូមិ​-​ឃុំ​។ ដោយឡែក​ឈ្មោះ​លាង ដែល​គេ​អះអាង​ថា ជា​អ្នកទិញ​ដី​ស្រះ​នោះ ក៏​បាន​បំភ្លឺ​ស្រ​ដៀង​គ្នា​ដូច​ណាត់គ្នា​មុន​ជាមួយ​លោក​មេឃុំ​ដែរ​ថា លោក​បាន​ដោះ​ដូរ​ដី​ស្រះ​នោះ​ជា​ថ្នូរ​នឹង​ការ​ធ្វើ​ផ្លូវ​ចូល​ទៅ​ក្នុងភូមិ​សម្រាប់​ឲ្យ​ពលរដ្ឋ​១០​គ្រួសារ​នៅ​ខាង​ក្រោយ​ដើម្បី​ប្រើប្រាស់ មិនមែន​លោក​ទិញ​ទេ​។

ផ្ទុយ​គ្នា​ស្រឡះ​ទាំងស្រុង​ពី​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​មេឃុំ​ និង​ឈ្មោះ​លាង បុរស​ម្នាក់​ដែល​កំពុង​ឈរ​នៅ​ទីនោះ បាន​និយាយ​ដោយ​សំដៅ​ទៅ​លើ​ដី​ស្រះ​ដែល​កំពុង​ចាក់​ដី​លុប​នោះ​ថា ដី​នេះ​ (​ដី​ស្រះ​)​ គឺ​ម្ចាស់​ឃ្លាំង​បាន​ទិញ​ពី​គេ តែ​គាត់​មិន​បាន​ប្រាប់​ឈ្មោះ​ម្ចាស់​ឃ្លាំង​ទេ ហើយ​ក៏​មិនដឹង​អំពី​តំលៃ​ដី​ដែរ​។ បុរស​នេះ​គ្រាន់តែ​បាន​បញ្ជាក់​ថា គាត់​ជា​អ្នក​ធ្វើ​ឃ្លាំង​នោះ ​គឺ​ធ្វើ​សម្រាប់​លក់​គ្រឿងសំណង់​។

ដោយឡែក​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ក៏​បាន​និយាយ​ស​ង្ខេប​​អំពី​ប្រវត្តិ​ខ្លះ​ៗ​នៃ​ទីតាំង​ស្រះ​ទឹក​នោះ​ថា កាល​ពី​ដើម​ម្ចាស់​ស្រះ​នោះ​ឈ្មោះ​លី​។ កាលនោះ​គាត់​បាន​ជីក​ស្រះ​ទឹក​ចំនួន​៣ នៅ​ក្នុងភូមិ​តា​កុក ដែល​បាន​បន្សល់​​ទុក​ដល់​សព្វ​ថ្ងៃនេះ​។ អ្នក​ភូមិ​បាន​បញ្ជាក់​ថា ស្រះ​នោះ​មាន​ប្រវត្តិ​យូរហើយ ហើយ​គេ​បាន​ហៅ​ស្រះ​នោះ​ថា «ស្រះ​តា​លី​ៗ»​។ អ្នក​ភូមិ​តែង​ប្រើប្រាស់​ទឹកស្រះ​តា​លី​នេះ ​ដើម្បី​ស្រោច​ស្រប​ដំណាំ​ផ្សេង​ៗ​ ឬ​ស្រូវ​ប្រាំង​បន្តិច​ប​ន្ទូ​ច​នៅ​ក្បែរ​នោះ​ ប៉ុន្តែ​ស្រាប់តែ​ថ្មី​ៗ​នេះ បែរជា​មាន​គេ​ដឹក​ដី​ចាក់​លុប​ស្រះ​នេះ ដោយ​មិនដឹង​ថា អាជ្ញាធរ​លក់​ស្រះ​នោះ ​ឬ​យ៉ាងណា​នោះ​ទេ តែ​មានការ​លេចឮ​ថា ឈ្មោះ​លាង បាន​ទិញ​យក​ស្រះ​នោះ​ហើយ​។

បើ​ទោះជា​លោក​ជុំ គឹ​ម​សេង មេឃុំ​ន​រា និង​ឈ្មោះ​លាង បាន​បដិសេធ​ដូច​ណាត់គ្នា​ក្ដី ប៉ុន្តែ​ប្រភព​ពី​មន្ត្រី​មូល​ដ្ឋាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដី​ស្រះ​នោះ​អាច​ត្រូវ​បាន​គេ​លក់​មែនហើយ តែ​លោក​មេឃុំ​ភូត​កុហក​ថា ជា​ការ​​ដោះ​ដូរ​។

ប្រភព​បាន​បញ្ជាក់​ថា មន្ត្រី​នានា​ក៏​ដូច​ប្រជាពលរដ្ឋ បាន​ភ្ញាក់ផ្អើល​អំពី​រឿង​នេះ ពេល​ឃើញ​គេ​ដឹក​ដី​ទាំង​ឡាន​ៗ​ចាក់​លុប​ស្រះ​។ ប្រភព​ដដែល​ថា អ្នកទិញ​ដី​នោះ​មាន​គម្រោង​ធ្វើ​ផ្លូវ​ចាក់​បេតុង​ចូល​ទៅ​កាន់​គម្រោង​​ពុះ​ដី​ឡូត៍​នៅ​ខាងក្រោយ គឺ​មិនមែន​ដើម្បី​អភិវឌ្ឍន៍​ភូមិ​-ឃុំ ដូច​ការ​លើក​ឡើង​របស់​លោក​មេឃុំ​នោះ​​ទេ​ ព្រោះ​ដី​នៅ​តំបន់​នោះ​បច្ចុប្បន្ន​កំពុង​ឡើងថ្លៃ ហើយ​គម្រោង​ពុះ​ដី​ឡូ​ត៏​លក់​ជា​ច្រើន​កំពុង​មាន​សកម្ម​ភាព​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ទីនោះ​។ ដូច្នេះ​ការ​បំភ្លឺ​របស់​លោក​មេឃុំ​ន​រា គ្រាន់តែ​ជា​ការ​បោកប្រាស់​មហា​ជន​ និង​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ