ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមទៅស្រុកអស់លោកវិញទៅ…កុំចង់​មក​បំពុល​ស្រុក​ខ្ញុំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ម៉ាហ្វីយ៉ា​ជនជាតិ​ចិន​ចំនួន​២៣២​នាក់ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​ ពាក់ព័ន្ធ​របស់​ក្រសួងមហាផ្ទៃ និងក្រសួង​សន្តិសុខ​សាធា​រណៈ​របស់​ប្រទេស​ចិន​ ធ្វើការបណ្តេញចេញ​ទៅ​ស្រុក​វិញតាម​ជើង​យន្តហោះ​ពិសេស​ចំនួន​៣​គ្រឿង ។ ជនជាតិ​ចិន​ជាង​២០០​នាក់​ដែល​ត្រូវ​បណ្តេញចេញ​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រុម​ម៉ាហ្វីយ៉ា​ជនជាតិ​ចិន​ចំនួន​២៣២​នាក់ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​ ពាក់ព័ន្ធ​របស់​ក្រសួងមហាផ្ទៃ និងក្រសួង​សន្តិសុខ​សាធា​រណៈ​របស់​ប្រទេស​ចិន​ ធ្វើការបណ្តេញចេញ​ទៅ​ស្រុក​វិញតាម​ជើង​យន្តហោះ​ពិសេស​ចំនួន​៣​គ្រឿង ។

ជនជាតិ​ចិន​ជាង​២០០​នាក់​ដែល​ត្រូវ​បណ្តេញចេញ​នេះ គឺ​បន្ទាប់​ពី​កម្លាំង​របស់​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ និង​កម្លាំង​ក្រសួង​សន្តិសុខ​របស់ចិន សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​កន្លង​ទៅ ពី​បទ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ដែល​ហៅ​កាត់​ថា «VOIP» ។ ការ​បណ្តេញ​ជនជាតិ​ចិន​ទាំង​២៣២​នាក់​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នួ តាម​ជើង​យន្តហោះពិសេស​របស់​រដ្ឋាភិបាល​ចិន​ចំនួន​៣​គ្រឿង តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី មានប្រសាសន៍​ថា ក្នុងថ្ងៃនេះ​ទី​៦ ធ្នូ ជួសមុខ​ឱ្យ​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ក៏​ដូច​ជាថ្នាក់ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បាន​ធ្វើការ​បណ្តេញចេញ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់ ក្នុង​នោះ​ស្រីចំនួន​៣៨​នាក់ ដោយ​សហការ​ជាមួយ​ក្រសួង​សន្តិ
សុខ​ចិន ដែល​បាន​បញ្ជូន​យន្តហោះ​ពិសេស​ចំនួន៣​គ្រឿង​របស់​ក្រុមហ៊ុន China Airline មក​ដឹក​ដោយ​មាន​កម្លាំង​នគរបាល​របស់​ចិន​រហូត​ដល់ ៤៩៧​នាក់ មក​អមដំណើរ​យក​ជនជាតិ​ចិន​ជា​អ្នកលេង​ទាំង​អស់នេះ​ទៅ​វិញ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ មាន​ប្រសាសន៍​ទៀតថា ការ​បណ្តេញ​ជនជាតិ​ចិន​ទាំង​២៣២​នាក់​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ខាង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​របស់​អគ្គស្នងការដ្ឋាននគរបាល​ជាតិ ចាប់​ឃាត់ខ្លួន​នៅ​ស្រុក​ត្រាំកក់និង​ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​កន្លង​មក និង​បញ្ជូន​មក​កាន់​អគ្គនាយក​ដ្ឋាន​​អន្តោប្រវេសន៍​នា​យប់​ថ្ងៃ​ដដែល​នោះ ។ លុះ​មក​ដល់​ថ្ងៃ​ទី​៦ ខែធ្នូ ក៏​មាន​វត្តមាន​កម្លាំងខាង​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​ចូលរួម​សហការ​បណ្តេញចេញ​ទៅ​វិញ ដែល​ពួក​គេ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស VOIP មាន​ន័យថា ធ្វើការ​គំរាម​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត តាម​ទូ​រស​ស័ព្ទ​ទៅ​កាន់​ប្រទេស​ចិន ។ ជន​រង​គ្រោះ​ភាគច្រើន​គឺ​នៅ​ខេត្ត​ក្វា​ង​ទុង ក្រុង​ក្វា​ង​ចូ​វ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ យើង​មិន​ទាន់​ឃើញ​មាន​ជន​រង​គ្រោះជា​ជនជាតិ​កម្ពុជា​ទេ​គឺ​មាន​តែ​ជន​រង​គ្រោះ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ ដែល​ត្រូវ​ជំរិត​ទារប្រាក់ ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា បញ្ជាក់ថា បើ​គិត​មក​ដល់​ចុងឆ្នាំ​២០១៨​នេះ កម្លាំង​របស់​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្តេញជនបរទេស​សរុប​រហូត​ដល់​ចំនួន​១៥.៣៦៦​នាក់ ក្នុង​នោះ​ស្រី​ចំនួន​២.៦៣០​​នាក់ និង​មាន​ចំនួន​៩៥សញ្ជាតិ​ផ្សេង​ៗ​គ្នា គិត​ចាប់តាំងពី​ឆ្នាំ ២០១៤​មក ។ ប៉ុន្តែ​បើ​សម្រាប់​តែ​ក្នុង​ឆ្នាំ​២០១៨​នេះ​វិញកម្លាំង​នាយកដ្ឋាន​របស់​លោក​បាន​ធ្វើការ​បណ្តេញចេញ​នូវ​ជនបរទេស​សរុប​បាន​ចំនួន​១.៣៤៨​នាក់ ក្នុង​នោះ​ស្រី​ចំនួន​២៤៤​នាក់ និង​មាន​៥២សញ្ជាតិ​។ បើ​សម្រាប់​ជនជាតិ​ចិន​ក្នុង​ឆ្នាំ​២០១៨​នេះ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ប្រភេទ VOIP កម្លាំង​នាយកដ្ឋាន​របស់​លោក​បាន​ធ្វើការ​បណ្តេញចេញ​ទៅ​វិញ​ចំនួន​៥​លើក ហើយ​ពេលនេះ​ជា​លើក​ទី​៥ សរុប​ទាំង​៥​លើក​មាន​ចំនួន​៧៥៥នាក់ ក្នុង​នោះ​ស្រី​១៥០​នាក់ ។

ការ​ចាប់ខ្លួន​ជនជាតិ​ចិន​លើក​នេះ គឺ​ធ្វើ​ឡើងក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​សន្តិសុខ​របស់​ចិន ជាមួយ​កងកម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ឯក អុ​ី សុខ​ឃី និង​មានការ​ចូលរួម​ពីនគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តតាកែវ ។ នេះ​គឺជា​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ ដោយ​បាន​ប្រើប្រាស់​កងកម្លាំង​នគរបាល​រាប់​សិប​នាក់ និង​មានការ​ចូលរួម​សម្របសម្រួល​នីតិវិធី​ដោយ​លោកទេព មុនិ​ន ព្រះរាជអាជ្ញា​រង និង​លោក ឃុន ភឿន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាល​ខេត្តតាកែវ បានឱ្យ​ដឹង​ពេល​នោះ​ថាការ​ឡោម​ព័ទ្ធ​ចាប់​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​តាមប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ក្នុង​ពេល​នេះ គឺជា​ប្រតិបត្តិការ​ធំ​មួយ​មិន​ធ្លាប់​មាន​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវដោយ​ធ្វើ​លើ​គោលដៅ​ចំនួន​៤ ក្នុងស្រុក​ចំនួន​២​នៅពេល​តែ​មួយ និង​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​សរុបចំនួន​២៣៥​នាក់ ក្នុង​នោះ​ស្រី​ជាង​៣០​នាក់ ។ ការ​ពិត​ចំនួន​តួលេខ​ចាប់​ដំបូង​ខុស​គ្នា​៣​នាក់ ដែល​សមត្ថកិច្ច​ប្រាប់​ថា​៣​នាក់​ទៀត​នោះ​មិន​ពាក់ព័ន្ធ ។

ទីកន្លែង​ទាំង​៤​ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​មាន ៖ទី​១-​នៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​គ្រញូងស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៦៣​នាក់​(​ស្រី​៧​នាក់​) ។ទី​២-​នៅ​ភូមិ​បុស្ស​តា​ផង់​ដែរ​តែ​ផ្ទះ​ខុស​គ្នា ឃុំត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១២​នាក់​(​ប្រុស​ទាំងអស់​) ។ ទី​៣-​នៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៧០​នាក់​(​ស្រី​២៤​នាក់​) ។ទី​៤-​នៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី
ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៩០​នាក់​(​ស្រី​៥​នាក់​) ។ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បានដកហូត​សម្ភារ​សម្រាប់​ធ្វើ​សកម្មភាព​មួយ​ចំនួន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ