ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា…ជនជាតិចិនកើននៅបាវិត ដីទីប្រជុំជន​ថ្លៃកប់​ពពក​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កំណើន​គួរ​ឱ្យ​កត់សម្គាល់នៃ​ជនជាតិ​ចិន​នៅ​ក្រុង​បា​វិត ហាក់ដូចជា​កំពុង​ប្រជែង​នឹង​កំណើន​​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុនិង​ក្រុង​ប៉ោយ​ប៉ែ​ត ។ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ដី​និង​សំណង់​អគារ​នានា​កំពុង​មាន​តម្លៃ​ហក់​ឡើង​យ៉ាង​ខ្ពស់ ជា​ពិសេស​ទីប្រជុំជន​សង្កាត់​បា​វិត​ដែល​មាន​ជនបរទេស​ស្នាក់​នៅ​ច្រើន ដោយជនជាតិ​ចិន​បាន​មក​ទិញ​ដី​សាងសង់​អគារ​ខ្ពស់​ៗជា​ផ្ទះសំណាក់ សណ្ឋាគារ…

ខេត្តស្វាយរៀង ៖ កំណើន​គួរ​ឱ្យ​កត់សម្គាល់នៃ​ជនជាតិ​ចិន​នៅ​ក្រុង​បា​វិត ហាក់ដូចជា​កំពុង​ប្រជែង​នឹង​កំណើន​​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុនិង​ក្រុង​ប៉ោយ​ប៉ែ​ត ។ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ដី​និង​សំណង់​អគារ​នានា​កំពុង​មាន​តម្លៃ​ហក់​ឡើង​យ៉ាង​ខ្ពស់ ជា​ពិសេស​ទីប្រជុំជន​សង្កាត់​បា​វិត​ដែល​មាន​ជនបរទេស​ស្នាក់​នៅ​ច្រើន ដោយជនជាតិ​ចិន​បាន​មក​ទិញ​ដី​សាងសង់​អគារ​ខ្ពស់​ៗជា​ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ក្លិប​កម្សាន្ត ផ្សារទំនើប និង​តូប​លក់ដូរ​។​ល​។

ពួក​គេ​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ព្រោងព្រាត នៅ​តាម​ដងផ្លូវ​តូចធំ ដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​មហាជន ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​១​ទៅ​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​បា​វិត សង្កាត់​បា​វិត ក្រុង​បា​វិត ។

អ្វី​ដែល​មហាជន​ចាប់អារម្មណ៍​និង​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ ស្លាក​យីហោ និង​ការ​លើក​ប៉ាណូ​កាត់​ផ្លូវ​ជា​អក្សរ​ខ្មែរ​ថា «​ទីក្រុង​ហេង​ហេង​» និង​មាន​ជា​អក្សរ​ចិន​ធំ​ៗ​ប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បា​វិត​ថ្មី និង​ស្លាក​យីហោ​បច្ចេកវិទ្យា​ពី​ហ្វួ​ជៀន​ប្រទេស​ចិន ។ កាន់តែ​ពិសេស​ទៀត​នោះ គឺ​ផ្សារ​ចិន​គេ​លក់ដូរ​ដោយ​ចាយ​វាយ​ប្រាក់​យន់​ចិន ។

មន្ត្រី​ម្នាក់​អស់សំណើច​និង​និយាយ​ចាក់បណ្តោយថា និយាយ​អី​ផ្សារ​ចិន​គេ​ចាយ​លុយ​ចិន តាម​ពិតក្រុង​បា​វិត​គឺ​គេ​ចាយ​លុយ​ដុ​ង​វៀតណាម ចាយ​លុយ​ដុល្លារ រីឯ​លុយ​ខ្មែរ​គេ​ចាយ​តិចតួច​ទេ ព្រោះទំនិញ​ភាគច្រើន​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម ហើយ​វៀតណាម​ចូល​មក​លេង​នៅ​កាស៊ីណូ​ច្រើន គឺ​គេ​ចាយ​លុយ​ដុ​ង ។ ផ្សារ​ចិន​គេ​ចាយ​លុយ​ចិនហើយ ពីព្រោះ​ផ្សារ​ចិន​គឺ​មាន​តែ​ជនជាតិ​ចិន​ទេចូល​ទិញ​ទំនិញ របស់របរ​ផ្សេង​ៗ បន្លែ​ត្រី​សាច់​ផ្លែ​ឈើ និង​អាហារ​ដ្ឋា​ន ។​ល​។

ទាក់ទិន​នឹង​ករណី​ចិន​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ព្រោងព្រាត​នេះ​ដែរ លោក សេង សិលា អភិបាលក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​កា​អភិវឌ្ឍ​ក្រុង​បា​វិត ដែល​ផ្នែក​រដ្ឋបាល​ក្រុង​នឹងធ្វើការ​អភិវឌ្ឍ​ជា​ជំហាន​ៗ​តាម​រយៈ​ប្រាក់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អា​សុ​ី​(ADB) ពង្រីក​ផ្លូវ​ប្រវែង​១.៥០០​ម៉ែត្រ ចាប់ពី​បង្គោលគីឡូម៉ែត្រ​លេខ​១៥៩​ដល់​បង្គោល​លេខ​១៦៥ ដាក់​ប្រព័ន្ធ​លូ​តាម​បណ្តោយ​ផ្លូវ និង​ដាក់​បង្គោល​ភ្លើង​កណ្តាល​ទ្រូងផ្លូវ​លម្អ​ក្រុង ។

លោក សេង សិលា បន្ត​ថា ចំពោះ​ស្លាក​យីហោ​គេ​លើក​ថា គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បា​វិត​ថ្មី គឺជា​គម្រោង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ឯកជន​វិនិយោគ​អចលនទ្រព្យ ។ រីឯ​ទីក្រុង​ហេងហេង គឺជា​គម្រោង​របស់​លោក​ឧកញ៉ា លឹ​ម ហួ វិនិយោគ​លើ​ផ្ទៃដី​ជិត​១០​ហិ​កតា សាងសង់​អគារ សណ្ឋាគារ កាស៊ីណូ ផ្សារ​ទំនើប ហើយ​ភាគច្រើន​សាងសង់​ជួល​ឲ្យ​ចិន​គឺ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ចិន បើ​គ្មាន​ចិន​ចូល​មក​វិនិយោគ​ឬ​ជួលនិង​ទិញ​​ទេ ក៏​មិន​អាច​ដំណើរការ​បាន​ឡើយ ។

ដី​និង​អចលនទ្រព្យ​មាន​តម្លៃ​ហក់​ឡើង​ខ្ពស់​គឺ​ដោយសារ​មាន​ចិន​មក​ប្រមូល​ទិញ ហើយ​ចិន​ទិញ​តែ​ក្នុង​ទី​ប្រជុំជន​ក្នុង​សង្កាត់​បា​វិត​ប៉ុណ្ណោះ ជា​ពិសេស​តំបន់​ជិត​កាស៊ីណូ​ក្បែរ​ព្រំដែន ។ នៅ​បរិវេណ​កាស៊ីណូ​ម៉ុ​ក​ប៉ាយ តម្លៃ​ចាប់ពី​១​លាន​ដុល្លារ​ទៅ​៣​លាន​ដុល្លារ​ក្នុង​មួយ​ហិ​កតា ដី​ជាប់​កាស៊ីណូ​ឡឺ​ម៉ា​កាវ​៤​លាន​ដុល្លារ​ក្នុង​មួយ​ហិ​កតា ។បើ​ដី​ប៉ែក​ខាងក្រោយ ដី​មិន​ទាន់​ចាក់​ដី​បំពេញ​ក្នុង​១​ម៉ែត្រការ៉េ​តម្លៃ​១០​ដុល្លារ​ទៅ​២០​ដុល្លារ ដី​ក្រវាត់ក្រុង​តាម​ដងផ្លូវ​វាង ផ្លូវ​កុងតឺន័រ ១​ម៉ែត្រការ៉េ​៣០​ដុល្លារ ។ ដី​ជាប់​ផ្លូវ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​១​ម៉ែត្រការ៉េ​៨០​ដុល្លារ ដី​ជាប់​ថ្នល់ជាតិ​លេខ​១ ក្នុង​សង្កាត់​បាទី សង្កាត់​ច្រក​ម្ទេស ១​ម៉ែត្រការ៉េ​២០​ដុល្លារ ។

ជា​ការ​កត់សម្គាល់ តម្លៃ​ដី​បាន​ហក់​ឡើងថ្លៃ​ខ្ពស់ ក្រោយ​ពី​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី​៦​នេះ ដោយ​មាន​ជនជាតិ​ចិន​ចូល​មក​វិនិយោគ និង​ស្នាក់​នៅ​រកស៊ី​លក់ដូរ​និង​ធ្វើ​ការងារ​ច្រើន ។ លោក​អភិបាល​ក្រុង​​ថ្លែង​ទៀត​ថា ជនជាតិ​ចិន​ចូល​មក​រស់នៅ​ស្រុក​ខ្មែរ​ច្រើន ដោយ​រដ្ឋាភិបាលចិន​បើកចំហ​ឲ្យ​ប្រជាជន​ចិន​មក​រកស៊ី ។ ពេល​ចង់​មក​ស្រុក​ខ្មែរ​គឺ​រដ្ឋាភិបាល​ចិន​សួរ​ថា មក​រកស៊ីអី ហើយ​បើ​រកស៊ី​ខាត​រដ្ឋាភិបាល​ចិន​ចេញថ្លៃ​ខាត​ឲ្យ គឺ​រដ្ឋាភិបាល​ចិន​មាន​ប្រាក់​កម្ចីអនុគ្រោះ​ឲ្យ​ខ្ចី​លើក​ទី​១ បើ​បរាជ័យ​មិន​យក​សំណង និង​អាច​ឲ្យ​ប្រាក់​កម្ចី​ជា​លើក​ទី​២​តាម​មុខរបរ ។

ពាក់ព័ន្ធ​នឹង​ការ​ជំរឿន​ជនបរទេស​ឬ​ជនជាតិ​ចិន​មាន​ប៉ុន្មាន​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ក្រុង​បា​វិត លោក​អភិ​បាលក្រុង​មាន​ប្រសាសន៍​ថា ពិបាក​គ្រប់គ្រង​ណាស់ បើ​ជនជាតិ​វៀតណាម​ភាគច្រើន​គេ​ចូល​មក​លេង​នៅ​កាស៊ីណូ មក​ព្រឹក​លុះ​ល្ងាច​ត្រឡប់​ទៅ​វិញ ។ រីឯ​ជនជាតិ​ចិន​មាន​ទាំង​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​តាម​កាស៊ីណូ មាននៅ​ធ្វើការ​តាម​រោងចក្រ សហគ្រាស និង​ស្នាក់​នៅ​ប្រកប​មុខរបរ​លក់ដូរ ។ ដូច្នេះ​ពិបាក​ក្នុង​ការ​ធ្វើ​រដ្ឋបាល តែបើ​តាម​របាយការណ៍​របស់​នគរបាលមាន​ជនជាតិ​ចិន​ស្នាក់​នៅ​ជិត​២​ម៉ឺន​នាក់ ។

បច្ចុប្បន្ន​នេះ អាជ្ញាធរ​ក្រុង​បា​វិត​មាន​គម្រោងធ្វើ​រដ្ឋបាល​ជំរឿន​ជន​បររទេស​មក​ស្នាក់​នៅ​ក្នុង​ក្រុង​បា​វិត​ក្នុង​១​ស​ប្តា​ហ៍ម្ត​ង​ឬ​២​ស​ប្តា​ហ៍ម្ត​ង បើ​រកឃើញ​ថា​ស្នាក់​នៅ​ប្រកប​មុខរបរ​ធ្វើ​ការងារ​គ្មាន​ប័ណ្ណ​ឬ​សៀវភៅ​ការងារ គឺ​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​ស្តី​ពី​ការងារ ។ ឯ​ចំពោះ​ការ​ដាក់​ស្លាក​យីហោ​ជា​អក្សរ​ចិន លោក​មិន​អាច​បកស្រាយ​បាន​ទេ គឺ​មាន​សរសេរ​អក្សរ​ខ្មែរ​ពីលើ​ខ្លះ តែ​ខ្លះក៏​អត់​មាន​សរសេរ​អក្សរ​ខ្មែរ ហើយ​ភាគ
ច្រើន​គឺ​នៅ​តាម​ផ្លូវ​ក្នុង​សរសេរ​ស្លាក​យីហោ​ជា​អក្សរ​ចិន សូម​សួរ​ទៅ​ខេត្ត ជា​ពិសេស​មន្ទីរ​ពាក់ព័ន្ធ ៕ ​

អត្ថបទសរសេរ ដោយ