ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​បច្ចេកទេស​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន មុខ​ជំនាញ​បច្ចេកទេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា​ជាដើម កំពុង​​មាន​តម្រូវការ​ខ្ពស់ ប៉ុន្តែ​ជា​ការ​កត់សម្គាល់​ក្នុង​មួយ​ឆ្នាំ​ៗ សិស្ស​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ និង​ចូល​មហាវិទ្យាល័យ បែរជា​មិនសូវ​ចាប់អារម្មណ៍​ជំនាញ​ទាំងនោះ​ប៉ុន្មាន​ទេ ហើយ​នាំ​គ្នា​ដាក់​ពាក្យ​សិក្សា​ជំនាញ​ណា​ដែល​ចេញ​មក​ធ្វើការ​នៅ​ការិយាល័យ​ទៅ​វិញ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន មុខ​ជំនាញ​បច្ចេកទេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា​ជាដើម កំពុង​​មាន​តម្រូវការ​ខ្ពស់ ប៉ុន្តែ​ជា​ការ​កត់សម្គាល់​ក្នុង​មួយ​ឆ្នាំ​ៗ សិស្ស​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ និង​ចូល​មហាវិទ្យាល័យ បែរជា​មិនសូវ​ចាប់អារម្មណ៍​ជំនាញ​ទាំងនោះ​ប៉ុន្មាន​ទេ ហើយ​នាំ​គ្នា​ដាក់​ពាក្យ​សិក្សា​ជំនាញ​ណា​ដែល​ចេញ​មក​ធ្វើការ​នៅ​ការិយាល័យ​ទៅ​វិញ ។

បើ​តាម​លោក អ៊ូច សំបូរ នាយក​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្នុង​មួយ​ឆ្នាំ​ៗ ការ​ផ្គត់ផ្គង់​បុគ្គលិក​ទៅ​កាន់​បណ្ដា​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​មិន​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​សាលា​បាន​កំណត់​យក​សិស្ស​ចូល​រៀន​ជំនាញ​បច្ចេកទេស ក្នុង​មួយ​ឆ្នាំ តែ​ជាង​២០០​នាក់​ប៉ុណ្ណោះ ដូចនេះ បើ​ក្រុមហ៊ុន​ណា​ដែល​មក​មុន នឹង​បាន​បុគ្គលិក​ទៅ​បម្រើ​ការងារ​មុន ហើយ​ក្រុមហ៊ុន​តែងតែ​មក​សម្ភាសន៍​សិស្ស​ដល់​សាលា​តែ​ម្ដង ខុស​ពី​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​ដែល​ត្រូវការ​រក​ការងារ​ដោយ​ខ្លួន​គេ​ផ្ទាល់ ។

លោក​បន្ត​ថា វា​ជា​ការ​ពិត​ណាស់ ដែល​តម្រូវការ​ជំនាញ​បច្ចេកទេស​មាន​ច្រើន តាម​រយៈ​ការ​ផ្គត់ផ្គង់​សិស្ស​ទៅ​បម្រើ​ការ​នៅ​សង្គម​ខាងក្រៅ ។ លោក​ថា ៖« មាន​ក្រុមហ៊ុន​ខ្លះ​ដែល​ខ្វះ​បុគ្គលិក​ជំនាញ​បច្ចេកទេស​រហូត​ដល់​ថ្នាក់​មក​សុំ​ឲ្យ​សិស្ស​ទៅ​ហ្វឹកហាត់​មុន​ពេល​សិស្ស​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ទៀត​ផង ហើយ​សិស្ស​ដែល​ចេញពី​សាលា​អាច​និយាយ​បាន​គ្មាន​អ្នក​ណា​ម្នាក់​គ្មាន​ការងារ​ធ្វើ​ឡើយ ព្រោះ​សាលា​បណ្ដុះ​បណ្ដាល​ជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ ដូច​ជា ជំនាញ​អគ្គិសនី ជំនាញ​យានយន្ត និង​មេកា​និក ដែល​សុទ្ធតែ​ជា​ជំនាញ​ដែល​កំពុង​ត្រូវការ​ខ្លាំង ដើម្បី​អភិវឌ្ឍន៍​ប្រទេស »​។

លោក​បន្ត​ថា តាម​ពិត​ទៅ​សាលា​ក៏​ចង់​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​ច្រើន​ដែរ តែ​ដោយសារ​សាលា​ដុន​បូ​ស្កូ ជា​សាលា​ដែល ទទួល​មូលនិធិ​ពី​សប្បុរសជន​ក្នុង​និង​ក្រៅ ប្រទេស អីចឹង​សាលា​មិន​អាច​យក​ឲ្យ​លើស​ពី​កំណត់​បាន​ទេ​។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន​នេះ មូលនិធិ​ដែល​ទទួល​ពី​សប្បុរសជន​ក្រៅ ប្រទេស​ក៏​កំពុង​ធ្លាក់​ផង​ដែរ ព្រោះ​សប្បុរសជន​មួយ​ចំនួន​បាន​បង្វែរ​ពី​ការ​ជួយ​របស់​គេ​មក​កម្ពុជា ទៅ​ប្រទេស​កំពុង​មាន​វិបត្តិ​ដោយសារ​សង្គ្រាម និង​ជន​ចំណាកស្រុក​ដោយសារ​សង្គ្រាម​ជាដើម ។

លោក ទ្រី សីហា នាយក​សាលា​ដុន​បូ​ស្កូ​សាលាខេត្ត​កែប ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​សាលា​ដុន​បូ​ស្កូ​ខេត្ត​កែប​វិញ ក៏​មិន​ខុស​ពី​ខេត្ត​ព្រះ​សីហ​នុ​ដែរ ពោល​គឺ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រជែង​គ្នា មក​ដណ្ដើម​សិស្ស​ពីសា​លា​ទៅ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន ដូច​ជា​ក្រុមហ៊ុន ខេ​ស៊ី​មិន ក្រុមហ៊ុន Minibea និង​សណ្ឋា​គារ​លំដាប់​ៗ​ជា​ច្រើន​ទៀត​នៅ​កម្ពុជា ។

លោក មួ​ង ផា​ស៊ី អគ្គនាយករង​ផ្នែក​សិក្សា​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា ( NIPC )​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​នេះ តម្រូវការ​បុគ្គលិក​ជំនាញ​ផ្នែក​បច្ចេកទេស​មាន​ច្រើន​លើសលប់ តែ​ការ​ផ្គត់ផ្គង់​មិន​គ្រប់​ទៅ​តាម​តម្រូវការ​នោះ​ទេ ។ លោក​ថា ៖« សព្វ​ថ្ងៃនេះ មាន​ទាំង​តម្រូវការ​ពី​ខាងក្រៅ​និង​ក្នុង​ប្រទេស​ដើម្បី​យក​សិស្ស​និស្សិត​ពី​យើង​ទៅ​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន​របស់​គេ ក៏​ប៉ុន្តែ​មិន​មាន​សិស្ស​គ្រប់​ឲ្យ​ទៅ​គេ​ទេ បើ​ទោះបីជា​កំណើន​សិស្ស​ចូល​រៀន​នៅ​ក្នុង​សាលា​បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក៏​ដោយ »​។

លោក​បន្ត​ថា យើង​សង្កេត​ឃើញ​ថា សិស្ស​ដែល​ចប់​ថ្នាក់​វិទ្យាល័យ ភាគច្រើន​មិនសូវ​រៀន​ជំនាញ​បច្ចេក​ទេស​ប៉ុន្មាន​ទេ គឺ​គេ​រៀន​នៅ​សាកលវិទ្យាល័យ​តាម​ជំនាញ​ផ្សេង​ៗ​ដែល​ចេញ​មក​ធ្វើការ​នៅ​ការិយាល័យ ក៏​ប៉ុន្តែ មែនទែន​ទៅ សិស្ស​ដែល​ចប់​ពី​សាលា​បច្ចេកទេស​NPIC និង​សាលា​បច្ចេកទេស​ផ្សេង​ទៀត តែង​តែ​មាន​ការងារ​ធ្វើ​មុន​នឹង​បញ្ចប់​ការ​សិក្សា​ទៅ​ទៀត ។ នេះ​បាន​បង្ហាញ​ថា តម្រូវការ​ជំនាញ​បច្ចេកទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​គឺ​មាន​តម្រូវការ​ខ្ពស់​ខ្លាំង ដែល​ទាមទារ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ឲ្យ​គ្រប់​នឹង​តម្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ