ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​វប្បធម៌​អាស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​វប្បធម៌​អាស៊ី ដើម្បី​សន្តិភាព ការ​អភិវឌ្ឍ និង​ភាព​សុខដុមរមនា ដោយ​បាន​ជំរុញ​ការ​បង្កើត​រួម​គ្នា​នូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដែល​ជា​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​នៃ​អង្គការ​សន្និសីទ​អន្ដរជាតិ​នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP)…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​វប្បធម៌​អាស៊ី ដើម្បី​សន្តិភាព ការ​អភិវឌ្ឍ និង​ភាព​សុខដុមរមនា ដោយ​បាន​ជំរុញ​ការ​បង្កើត​រួម​គ្នា​នូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដែល​ជា​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​នៃ​អង្គការ​សន្និសីទ​អន្ដរជាតិ​នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) ។

នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CPP ។ យោងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា «​ជាមួយ​តួនាទី​ដ៏​សំខាន់​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន និង​កំពុង​កសាង​អារ្យធម៌​សម័យ​ទំនើប​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​បាន​បង្កើត​ឡើង​នូវ​ជញ្ជាំង​វប្បធម៌​មួយ​ដ៏​រឹង​មាំ​ដែល​នឹង​ក្លាយជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​កិច្ច​ពិភាក្សា និង​ការ​ពង្រឹង​ចំណងទាក់ទង​ទន់ភ្លន់​នៅ​ទូ​ទាំង​ពិភពលោក​» ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​មាន​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​រវាង​អង្គការ​យូ​ណេ​ស្កូ (UNESCO) និង​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​២៥ នៃ ICC-Angkor ក្នុង​ខេត្តសៀមរាប​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​បាន​ក្លាយជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​សាធារណៈ ។ ក្នុង​សន្និសីទ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើ​នេះ​ដោយ​មាន​លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី​ជា​តំណាង​ភាគី​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី លោក Park Ro-byug អគ្គលេខាធិការ​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី ជា​តំណាង​អង្គការ​វេទិកា​គណបក្ស​នយោបាយ​នៅ​អាស៊ី និង​លោកស្រី Audrey Azoulay អគ្គនាយក​អង្គការ​យូ​ណេ​ស្កូ​ជា​តំណាង​អង្គការ​យូ​ណេ​ស្កូ ។

កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​រួម​មាន​ទី​១ -​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​សម្រាប់​ការ​កសាង​សមត្ថភាព​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​ភាព​ច្នៃប្រឌិត​ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​សន្តិភាព​ប្រកបដោយ​ចីរភាព និង​វិបុលភាព​រួម​គ្នា ទី​២-​លើកកម្ពស់​អត្តសញ្ញាណ​នៃ​វប្បធម៌​អាស៊ី ទី​៣- ពង្រីក​ឱកាស និង​បង្កើន​ការ​ចូលរួម​របស់​យុវជន និង​ស្ត្រី​ក្នុង​ក្រប​ខណ្ឌ​អង្គការ​យូ​ណេ​ស្កូ​ស្រប​តាម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ ទី​៤- លើកកម្ពស់​ការ​កសាង សន្តិភាព​តាម​រយៈ​វប្បធម៌ ទី​៥ – ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់ និង​ទី​៦ – ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ៍ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៥-១៦ ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​ស្របគ្នា​ជាមួយនឹង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ របស់​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF) ។

សូម​រំលឹក​ថា អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ម៉ានីល នៅ​ខែកញ្ញា ឆ្នាំ​២០០០ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​នយោបាយ​ដែល​មាន​មនោ​គម​វិជ្ជា​ផ្សេង​ៗ​គ្នា​មក​ពី​បណ្តា​ប្រទេស​នៅ​ទ្វីបអាស៊ី និង​មាន​គណបក្ស​នយោបាយ​សមាជិក​ប្រមាណ​៣៥២​គណបក្ស​មក​ពី​៥២​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ