ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ក្រាប​ស្ងាត់ឈឹង​ដដែល​…​ល្បែង​ជ្រោក​កន្ទុយ​កាស៊ីណូ​«​ប៉ា​រី​ស​»​នៅ​ស្រុក​សំពៅ​លូន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ដែល​អះអាង​ថា នឹង​បញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ទៅ​សួរនាំ​អំពី​ផ្លូវច្បាប់នៃ​ការ​បើក​ឱ្យមាន​ល្បែងស៊ីសង​យ៉ាង​វក់វី ជ្រោក​ក្រោម​កន្ទុយ​កាស៊ីណូនៅ​ជាប់​ព្រំដែន​ខ្មែរ-ថៃ ក្នុងស្រុក​សំពៅ​លូន​នោះ រហូត​មក​ដល់​ពេល​នេះ ​នៅ​តែ​ស្ងាត់ឈឹង​ដដែល មិន​ទ​ទូល​បាន​លទ្ធផល​ឡើយ…

ខេត្តបាត់ដំបង ​៖ អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ដែល​អះអាង​ថា នឹង​បញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ទៅ​សួរនាំ​អំពី​ផ្លូវច្បាប់នៃ​ការ​បើក​ឱ្យមាន​ល្បែងស៊ីសង​យ៉ាង​វក់វី ជ្រោក​ក្រោម​កន្ទុយ​កាស៊ីណូនៅ​ជាប់​ព្រំដែន​ខ្មែរ-ថៃ ក្នុងស្រុក​សំពៅ​លូន​នោះ រហូត​មក​ដល់​ពេល​នេះ ​នៅ​តែ​ស្ងាត់ឈឹង​ដដែល មិន​ទ​ទូល​បាន​លទ្ធផល​ឡើយ ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ថា សមត្ថកិច្ច​ដែល​មាន​អំណាច​មួយ​ចំនួន​ អាច​ស្ថិត​នៅ​ពីក្រោយនៃ​បន​ល្បែង​ទាំងនេះ ហើយ​ការ​អះអាង​របស់​សមត្ថកិច្ច​ដែល​ថា នឹង​ចុះ​ស្រាវជ្រាវ​សួរនាំ​អំពី​ផ្លូវច្បាប់​នោះ គឺ​គ្រាន់តែ​
ជា​ការ​ផ្ដល់​ដំណឹង​បែប​ «​ប្រជា​ភិ​ថុ​ត »​តែ​ប៉ុណ្ណោះ​ ។

មន្ត្រី​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តក៏​ដូច​ជា​ស្នងការដ្ឋាន​ខេត្ត ឬ​ស្ថាប័ន​ដទៃ​ទៀត​ដែរ គឺ​គ្មាន​ផែន​ការ​ចុះ​ស្រាវជ្រាវ​រក​ច្បាប់ទម្លាប់នៃ​បន​ល្បែង​ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​ «​ប៉ា​រី​ស​»​ នៅ​ស្រុក​សំពៅ​លូន
នេះ​​ទេ​ ​។ នេះ​គ្រាន់តែ​ជា​ការ​ផ្ដល់​ដំណឹង​បែប​ «​ប្រជា​ភិ​ថុ​ត ​ឬ​ភូត​កុហក់​» តែ​ប៉ុណ្ណោះ​ ។ រហូត​មក​ដល់​ពេល​នេះ ទីតាំង​ល្បែង​នេះ​ នៅ​តែ​បើកទ្វារ​ចំហរ​ទ​ទូល​អតិថិជន​យ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ​ដដែល ដោយ​គ្មាន
​ការ​​រំខាន​ពី​អាជ្ញាធរ ​ឬ​សមត្ថកិច្ច​ឡើយ ​។ ប៉ុន្តែ​ស្ថិត​ក្នុង​ក្រោម​ការ​យាមកាម​យ៉ាង​តឹងតែង​ពី​ឆ្មាំ​សន្តិសុខ​ស្រី-​ប្រុស សូ​ម្បី​ថតរូប​ពី​ខាងក្រៅ ​ក៏​ត្រូវ​ឆ្មាំ​​ទ្វារ​ចេញ​មក​រារាំង​យ៉ាង​ខ្លាំងក្លា​ផងដែរ​ ។

មន្ត្រី​រូប​នេះ បាន​ប្រាប់​ថា កាស៊ីណូ​«PARIS» នេះ​មាន​ច្រកចូល​២​កន្លែង ​។ ច្រក​ខាង​មុខ​ ដែល​មាន​រៀបចំ​ស្អាតមាន​យីហោ​ត្រឹម​​ត្រូវ គឺ​បើក​ទ​ទួល​ភ្ញៀវ​ដែល​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ជា​ធម្មតា រីឯ​ច្រក​មួយ​កន្លែង​ទៀត ​គេ​បើក​នៅ​ចំហៀង​ផ្នែក​ខាងក្រោយ​ សម្រាប់​ទ​ទូល​ភ្ញៀវ​ចូល​លេងល្បែង​ខុសច្បាប់​ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ភ្ញៀវ​ជនជាតិ​ខ្មែរ​ ដែល​ចូល​លេងល្បែង​ខុសច្បាប់ នៅ​កន្ទុយ​កាស៊ីណូ​នេះ មាន​ឆ្មាំទ្វារ​ប្រុស-ស្រី​​យាមកាម​យ៉ាង​តឹងតែង ​។

ក្រុម​ឆ្មាំ​ទាំងនេះ​ ជា​អ្នក​ត្រូ​ត​ពិនិត្យ​រាល់​ការ​ចេញ-ចូល​របស់​ភ្ញៀវ និង​ចាំ​រារាំង​ដល់​អ្នក​សារ​ព័​ត៌​មាន​ដែល​ព្យា​យាម​ថតរូប​ភាព​ពី​ខាងក្រៅ​ ។ ល្បែង​ដែល​ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​នេះ មាន​សង្វៀន​ជល់​មាន់ ល្បែង​អាប៉ោង បៀរ និង​មាន​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ផង​ដែរ​ ។ ប្រភព​បាន​ប្រាប់​ថា អ្នក​ដែល​ចូល​លេងល្បែង​នេះ ស្ទើរ​៩០% ជា​ប្រជា​កសិករ​ខ្មែរ ​។ ពេល​នេះ​ ពួក​គេ​កំពុង​សម្រុក​យ៉ាង​ខ្លាំង ខណៈ​ពេល​នេះ​ ជា​រដូវ​ប្រមូល​កសិផល​លក់​បាន​ប្រាក់​ផង​។

មិនតែប៉ុណ្ណោះ បើ​តាម​ប្រភព​មួយ​ចំនួន​ទៀត​ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា កាស៊ីណូ​នេះ​ ក៏​កំពុង​បើកដៃ​ឲ្យ​ក្រុម​អ្នកលេង​ល្បែង ប្រើប្រាស​់ប្រាក់​រៀល​សម្រាប់​ទូទាត់​ក្នុង​ការ​ភ្នាល់​ល្បែង​ទៀត​ផង ដែល​ទ​ង្វើ​នេះ​គឺជា​ការ​បំពាន​នឹង​ច្បាប់​របស់​រដ្ឋ ដែល​ហាម​ដាច់ខាត​មិន​អនុញាត​ឲ្យ​តាម​បណ្ដា​កាស៊ីណូ​នានា ប្រើប្រាស​ប្រាក់​រៀល ដើម្បី​ទូទាត់​ក្នុង​ការ​ប្រព្រឹត្ត​ល្បែងស៊ីសង​ឡើយ​ ។ ប៉ុន្តែ​ព័​ត៌មាន​នេះ ​មិន​ទាន់​មាន​មូលដ្ឋាន​ជាក់លាក់​នៅឡើយ​ទេ ព្រោះ​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​នៅឡើយ​។

កាលពី​ចុងខែ​វិច្ឆិកា​កន្លង​ទៅ​នេះ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ក្រោយ​ពី​បែកធ្លាយ​នូវ​បន​ល្បែង​ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​ខាងលើ​នេះ លោកស្នងការ​ខេត្ត​បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​សួរនាំ​អំពី​ច្បាប់ទម្លាប់​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ហាក់​គ្មាន​ការ​ស៊ើបអង្កេត​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​ឡើយ​។

ផ្ទុយ​ទៅ​វិញ បន​ល្បែង​ទាំងនោះ​នៅ​តែ​បើកទ្វារ​ដំណើ​រ​ការ​យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​ឬ​លោកស្នងការ​ខេត្ត​ឡើយ​។ ជាមួយ​គ្នា​នេះ​មតិ​នានា ក៏​បាន​លើក​ឡើង​ដែរ​ថា បន​ល្បែង​ដែល​ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​ខាងលើ​នេះ​គ្មាន​ឈ្មោះ​នៅ​ក្នុង​អាជ្ញាប័ណ្ណ​របស់​កាស៊ីណូ​ទេ​។ ល្បែង​ទាំងនេះ​គ្រាន់តែ​បន្លំ​ខ្លួន សម្ងំ​ជ្រោក​ក្រោម​កន្ទុយ​កាស៊ីណូ​តែ​ប៉ុណ្ណោះ​។ មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​ក៏​កំពុង​ធ្វើ​ជា​បង្អែក នៃ​បទល្មើស​នេះ​ដែរ​ ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី មិន​បាន​បកស្រាយ​យ៉ាងណា​ទៀត​ទេ ជុំវិញ​បន​ល្បែងស៊ីសង​គ្មាន​ច្បាប់ ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​«PARIS» នេះ​។ លោក​គ្រាន់តែ​បញ្ជាក់​ជា​ថ្មី​ថា «​មិន​ទាន់​មានការ​សួរនាំ​អ្វី​នៅឡើយ​ទេ​»​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា «​បើ​តាម​ព័​ត៏​មាន​ខ្លះ​ៗ បន​ល្បែង នេះ​ទំនង​គ្មាន​ច្បាប់​មែន​»​។

ដោយ​ឡែក​ ពាក់ព័ន្ធ​នឹង​កាស៊ីណូ​នេះ កំពុង​ធ្វើ​ចរាចរ​ណ៍​ប្រាក់​រៀល​បំពាន​ច្បាប់​នោះ លោក​ជេ​ត វណ្ណ​នី បាន​មាន​​ប្រសា​ស​ន៍​​ដែរ​ថា «​ខ្ញុំ​ក៏​បាន​ទ​ទួល​ព័​ត៌​មាន​នេះ​ដែរ តែ​ពេល​នេះ​ ខ្ញុំ​កំពុង​រក​វិធីសាស្ត្រ​ ដើម្បី​ធ្វើ​ការងារ​នេះ​​ហើយ​» ប៉ុន្តែ​លោក​មិន​បាន​និយាយ​អំពី​វិធានការ​បង្ក្រាប​បន​ល្បែង​ខុសច្បាប់​នេះ​ទេ​ ។

លោក​ឧត្តមសេនីយទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្តបាត់ដំបង ធ្លាប់​ពឹងពាក់​ឲ្យ​អ្នក​សារ​ព័​ត៏​មាន ជួយ​ទម្លុះ​ទម្លាយ​​នូវ​រាល់​បទល្មើស​ទាំងឡាយ ឬភាព​អសកម្ម​នានា​របស់​សមត្ថកិច្ច ដើម្បី​ឲ្យ​លោក​បានដឹង​និង​មាន​វិធានការ ​។ លោក​ឧត្តមសេនីយ៍បាន​ផ្ដល់​បទ​សម្ភាស​ន៍​​​បែប​នេះ តាំងពី​អំឡុង​ដើមឆ្នាំ​២០១៨ ក្រោយ​ពេល​លោក​ទើប​ចូល​កាន់​ដំណែង​ជា​ស្នងការ​ខេត្ត ទើបតែ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ ។

លោកស្នងការ​ខេត្តបាន​អំពាវ​បែប​នេះ ដោយសារ​តែ​កាល​ណោះ មានការ​បែកធ្លាយ​ថា មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​បាន​ឃុប​ឃិ​ត​​លួច​បើក​ល្បែងស៊ីសង រួច​ធ្វើ​របាយ​ការ​ណ៍​​ភូត​កុហក់​ថា គ្មាន​ល្បែងស៊ីសង ឬគ្មាន​បទល្មើស​អ្វី​ទេ ​។ មិនតែប៉ុណ្ណោះ​ មាន​មន្ត្រី​កំហូច​ខ្លះ​យកឈ្មោះ​លោក​ទៅ​ប្រើប្រាស ដើម្បី​ជា​ប្រ​យោ​ជ​ន៏​ទៀត​ផង ដែល​លោក​មិន​បានដឹង​ខ្លួន​សោះ​ ។

លោក​ឧត្ត​សេនីយ​ទោ អ៊ុ​ច សុ​ខុន បាន​មាន​ប្រសា​ស​ន៍ដូច្នេះ​​ថា «​ខ្ញុំ​មក​ដល់​បាត់ដំបង​នេះ​ តែ​២​នាក់​តៃកុង​ឡាន​ខ្ញុំ​ទេ គ្មាន​សាច់ញាតិ​នៅ​ទី​នេះ ហើយ​ក៏​គ្មាន​អូស​មនុស្ស​ផ្សេង​មក​តាម​ដែរ​ ។ ដូច្នេះ​ បើ​មាន​ដូច​សារ​ព័​ត៌​មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា មាន​មន្ត្រី​ខិលខូច​យកឈ្មោះ​ខ្ញុំទៅ​ប្រើ ដើម្បី​ប្រព្រឹត្ត​បទល្មើស សូម​ជួយ​ប្រាប់​ខ្ញុំ​ផង​..»​។

ផ្ទុយ​ទៅ​វិញ​ រហូត​មក​ដល់​ពេល​នេះ បើ​តាម​ការ​កត់សម្គាល់ គឺ​នៅ​តែ​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​លួច​បើក​ល្បែងស៊ីសង ឬធ្វើ​ជា​ខ្នងបង្អែក​នៃ​បទ​ល្មើ​ល​នេះ​​ដដែល​ ។ មិនតែប៉ុណ្ណោះ​ មន្ត្រី​ជំនាញ​មួយ​ចំនួន ថែម​ទាំង​ព្យាយាម​ជួយ​បិត​បាំង និង​រាយ​ការ​ណ៍​​ភូត​កុហក់​ថ្នាក់ដឹកនាំ​ទៀត​ផង រីឯ​លោកស្នងការ​ខេត្ត​ ហាក់​មិន​មាន​ចំណាត់ការ​ទៅ​លើ​មន្ត្រី​កំហូច​ទាំងនោះ​​ ជា​ដុំ​កំ​ភូ​ន​អ្វី​ដែរ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ទាំងនោះ​រឹតតែ​បានដៃ ឃុំ​ឃិ​ត​លួច​ប្រព្រឹត្ត​បទល្មើស​ដដែល​។

ទោះ​យ៉ាងណា​ពេល​នេះ គេ​នៅ​ចាំ​តាមដាន​មើល​ថា តើ​លោកស្នងការ​ខេត្ត និង​មាន​ចំណាត់ការ​បែប​នេះ ជុំវិញ​បន​ល្បែងស៊ីសង​គ្មាន​ច្បាប់ ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ ស្រុក​សំពៅ​លូន ដែល​កំពុង​អូស​ទាញ​ប្រជា​កសិករ​ខ្មែរ​ ឱ្យ​​សម្រុកចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​រាល់​ថ្ងៃនេះ​ ។ ព្រោះ​បើ​តាម​ប្រភព​ព័​ត៌​​មានបាន​ទម្លាយ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ក្នុងស្រុក​សំពៅ​លូននេះ ​កំពុង​ព្យាយាម​បិត​បាំង និង​ជួយ​ការពារ​សម្បើម​ដៃ​ណាស់​ជា​ថ្នូរ​នឹង​ប្រាក់​សំណូក​ប្រចាំខែ​ ៕

អត្ថបទសរសេរ ដោយ