ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ តេ​ជោ គ្រោង​ចែក​សៀវភៅ​រាប់​ម៉ឺន​ក្បាល​នៅ​ពិធី​តាំងពិព័រណ៍​ចុង​ស​ប្តា​ហ៍​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រោង​នឹង​ចែក​សៀវភៅ​រាប់​ម៉ឺន​ក្បាល​នៅ​ឯ​ពិធី​តាំងពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​នៅ​បណ្ណាល័យ​ជាតិ​នា​ចុង​ស​ប្តា​ហ៍​នេះ ។ សៀវភៅ​បី​ក្បាល​ដែល​មាន​ចំណងជើង​ខុស​ៗ​គ្នា ហើយ​ត្រូវ​បាន​បោះពុម្ពផ្សាយ កាលពី​ជិត​១០០​ឆ្នាំ​មុន​ត្រូវ​បាន​រៀបរៀង​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រោង​នឹង​ចែក​សៀវភៅ​រាប់​ម៉ឺន​ក្បាល​នៅ​ឯ​ពិធី​តាំងពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​នៅ​បណ្ណាល័យ​ជាតិ​នា​ចុង​ស​ប្តា​ហ៍​នេះ ។

សៀវភៅ​បី​ក្បាល​ដែល​មាន​ចំណងជើង​ខុស​ៗ​គ្នា ហើយ​ត្រូវ​បាន​បោះពុម្ពផ្សាយ កាលពី​ជិត​១០០​ឆ្នាំ​មុន​ត្រូវ​បាន​រៀបរៀង​ឡើង​វិញ គឺ​សៀវភៅ​ស្រី​ហិ​តោ​បទេស សៀវភៅ​ក្រម​ង៉ុ​យ និង សៀវភៅ អ៊ូ ចុង ។ សៀវភៅ​ទាំង​បី​ក្បាល​នេះ​នឹង​ត្រូវ​ចែក​ជូន​ជា​ចំណង​ដៃដល់​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​ទាំងឡាយ​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​០៩ ខែធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

លោក ឌី វិជ្ជា ប្រធាន​ស្តីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ជា​អ្នក​រៀបចំ​ចែកចាយ​សៀវភៅ​ទាំង​៣​ក្បាល​នេះ​បាន​មាន​ប្រសាសន៍​ថា​«​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ចូល​ចិត្ត​អាន​ចូល​ចិត្ត​ស្តាប់​វិទ្យុ និង​មើល​ទូរទស្សន៍​រហូត​ដល់​ទៅ​៤ ក្នុង​ពេល​តែ​មួយ​» ។ លោក ឌី វិជ្ជា បាន​បន្ត​ថា «​ការ​ចែក​ជូន​សៀវភៅ​ទាំងនេះ​ជា​បំណង​ល្អ​របស់​សម្តេច​តេ​ជោ ដើម្បី​លើក​ស្ទួយ និង​ជំរុញ​វិស័យ​អំ​ណា​ន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ផុសផុល​ទូ​ទាំង​ប្រទេស​»​។

លោក Harry Truman អតីត​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ធ្លាប់​លើក​ឡើង​ថា​«​មិនមែន​អ្នក​អាន​ទាំងអស់​សុទ្ធតែ​ជា​មេដឹកនាំ​នោះ​ឡើយ ប៉ុន្តែ​មេដឹកនាំ​ទាំងអស់​សុទ្ធតែ​ជា​អ្នក​អាន​» ដែល​សំដៅ​ថា បើ​មិន​មាន​ទម្លាប់​អាន​ទេ អ្នក​ក៏​មិន​អាច​ក្លាយជា​មេដឹកនាំ​បាន​ដែរ ។ សៀវភៅ​នីមួយ​ៗ​សុទ្ធតែ​បង្កប់​នូវ​ទស្សនៈ​អប់រំ​ខុស​ៗ​គ្នា​ជាក់ស្តែង​សៀវភៅ​ក្រម​ង៉ុ​យ​បាន​រំលឹក​ថា «​បើ​ចង់​ស្រាល​ខ្លួន រៀនសូត្រ​ឱ្យ​មួន ឱ្យ​មាំ​ឱ្យ​ស្ទាត់ កុំ​ចេះ​ស្ទាក់ស្ទើរ​ល្ងីល្ងើ​ឥត​បទ បើ​ចេះ​ប្រាកដ ប្រាក់​រត់​តាម​ហៅ​» ។

ចំណែកឯ​សៀវភៅ អ៊ូ ចុង វិញ​បាន​អប់រំ​ថា​«​ត្រូវធ្វើ​បុណ្យ​ខ្នើត ម៉ែ​ឳ​ស៊ី​កើត កំពុង​ស្រែក​ឃ្លាន ម៉ែឪ​នៅ​រស់ កូន​ត្រូវធ្វើ​ទាន បំបាត់​ក្តី​ឃ្លាន ហៅ​ធ្វើបុណ្យ​ខ្នើត ។ ហៅ​បុណ្យ​ខែភ្លឺ កុំ​ចាំ​គាត់​ឈឺ បរិភោគ​លែង​កើត​ជូន​គាត់ កាល​ជា​ហៅ​ថា បុណ្យ​ខ្នើត គាត់​បរិភោគ​កើត​បាន​ជាង​រនោច ។ លុះ​បាត់​ជីវិត​បុណ្យ​ខែងងឹត ដូច​ថ្ងៃ​ដប់​រោច​កូនចៅ​ទាំងឡាយ​យក​បាយ​ឱ្យ​ខ្មោច​ម៉ែ​ឥតប្រយោជន៍​ខ្មោច​ណា​ចេះ​ស៊ី​» ។

ដោយឡែក​សៀវភៅ​ស្រី​ហិ​តោ​បទេស​កាន់តែ​សម្បូរ​បែប​នូវ​ទស្សនៈ​ជា​ច្រើន​ដែល​នាំ​ទៅ​ដល់​ការ​ត្រិះ​រិះ​ពិចារណា​គ្រប់​បែប​យ៉ាង​ក៏​ដូច​ជា ការ​អប់រំ ។ នៅ​ក្នុង​វគ្គ​មួយ​បាន​សរសេរ​ថា «​បុគ្គល​មានចំណេះ​ដឹង​តិច​កាលបើ​បាត់បង់​ទ្រព្យ​អស់ហើយ​កិច្ចការ​ផ្សេង​ទៀត​ក៏​វិនាស​ទៅ​ដែរ​ដូច​ជា ស្ទឹង​មានទឹក​តិច នា​ពេល​រដូវក្ដៅ​មក​ដល់​ក៏​រីងស្ងួត​ហួតហែង​អស់​រលី​» ។ ចំណែក​ពិធី​តាំង​ពិ​ព័​ណ៍​សៀវភៅ​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​មាន​ប្រធានបទ​«​សៀវភៅ​រស់​ចំណេះ​រីក​» ។

ដូច្នេះ​សូម​ឱ្យ​អ្នក​និយម​អាន​សៀវភៅ​ទាំងអស់​ទទួល​បាន​នូវ​ចំណេះដឹង​កាន់តែ​ច្រើន ប្រកបដោយ​ថាមពល​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត និង​សក្តានុពល​កាន់តែ​ខ្លាំង​រាល់​កិច្ចការ​ផង​ទាំងពួង​រួម​ទាំង​ទ្រព្យធន​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ