ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ប្រវត្តិ និង​ស្នាដៃ​កីឡាករ​ចំបាប់​ឈ្នះ​មេដាយមាស​តិច​មើល៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយ​មាឌធំ​ក្រអាញសម្បុរ​ខ្មៅ​ស្រអែម​លោក ឌ​ន សៅ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​កីឡាករ​ចំបាប់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​ដណ្ដើម​បាន​មេដាយមាស​ច្រើន​ជាងគេ​ពី​ព្រឹត្តិការណ៍​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​។ ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ម្សិលមិញ កីឡាករ​ជើង​ខ្លាំង​ផ្នែក​ចំបាប់​ឌ​ន សៅ បាន​រៀបរាប់​ពី​ប្រវត្តិ​និង​ស្នាដៃ​របស់​ខ្លួន​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ថា…

រាជធានី​ភ្នំពេញ ៖ ជាមួយ​មាឌធំ​ក្រអាញសម្បុរ​ខ្មៅ​ស្រអែម​លោក ឌ​ន សៅ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​កីឡាករ​ចំបាប់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​ដណ្ដើម​បាន​មេដាយមាស​ច្រើន​ជាងគេ​ពី​ព្រឹត្តិការណ៍​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​។

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ម្សិលមិញ កីឡាករ​ជើង​ខ្លាំង​ផ្នែក​ចំបាប់​ឌ​ន សៅ បាន​រៀបរាប់​ពី​ប្រវត្តិ​និង​ស្នាដៃ​របស់​ខ្លួន​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ថា លោក​បាន​ចូល​ហាត់​កីឡា​ចំបាប់​តាំងពី​ឆ្នាំ​២០០៤​មក​ម៉្លេះ។ ដោយសារ​តែ​មាន​ឈាមជ័រ​ជា​អ្នកកីឡា​ចំបាប់​ស្រាប់​រួម​ផ្សំ​ជាមួយ​និស្ស័យ​ចូល​ចិត្ត​តាំងពី​កំណើត​ផង​លោក​បាន​ចំណាយពេល​ហ្វឹកហាត់​រយៈពេល​ត្រឹមតែ​១​ឆ្នាំ​ប៉ុណ្ណោះ​ក៏​បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​នៅ​ឆ្នាំ​២០០៥ ។

នៅ​ក្នុង​ឆ្នាំ​២០០៥​ដដែល​លោក​ត្រូវ​បាន​សហព័ន្ធ​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស ហើយ​ជា​ភ័ព្វសំណាង​លោក​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ជា​លើក​ដំបូង​។ នៅ​ក្នុង​ឆ្នាំ​២០១៣ លោក​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​និង​មេដាយ​ប្រាក់​១​គ្រឿង​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​នៅ​ឆ្នាំ​២០១៤-២០១៥​លោក​ដណ្ដើម​បាន​មេដាយមាស​២​គ្រឿង​ទៀត​ពី​ការ​ប្រកួត​កីឡា​អាស៊ី​ហ្គេ​ម​នៅ​ប្រទេស​សិង្ហ​បូ​រី ។

នៅ​ក្នុង​ឆ្នាំ​២០១៦ ខណៈ​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​អាស៊ី​ហ្គេ​ម​លោក​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ទៀត និង​លើក​ចុង​ក្រោយ​ឆ្នាំ​២០១៨ ក្នុង​ព្រឹត្តិការណ៍​កីឡា​លើ​វាល​ខ្សាច់​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​ទើបតែ​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ទៀត​សរុប​ទាំងអស់​មាន​ចំនួន​៦​គ្រឿង​។

កីឡាករ​ចំបាប់​ដែល​មាន​វ័យ​៣៩​ឆ្នាំ​រូប​នេះ បា​ម​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​ទាំង​៦​នាក់​របស់​លោក មាន​៣​នាក់​បាន​ហាត់​កីឡា​ចំបាប់​ក្នុង​នោះ មាន​រូប​លោក​តែ​ម្ដង និង​ប្អូនស្រី​២​នាក់​ទៀត គឺ ឌ​ន ស្រី​ម៉ៅ និង​ឌ​ន ស្រស់ ប៉ុន្តែ ឌ​ន ស្រី​ម៉ៅ មក​ដល់​ពេល​នេះ​បាន​លាឈប់​ហើយ ។ ឌ​ន សៅ បាន​បន្ត​ថា ឪពុក​របស់​លោក​ឈ្មោះ ដ​ន ឌ​ន ជា​អតីត​កីឡាករ​ជើង​ខ្លាំង​ផ្នែក​ចំបាប់​មួយ​រូប​ប្រចាំ​នៅ​ឃុំ​វិហារ​សួគ៌​ដែល​ជា​អ្នកស្រុក​កំណើត​គ្រួសារ​លោក ។​លោក​បញ្ជាក់​ថា ឃុំ​វិហារ​សួគ៌​គឺជា​ដើម​កំណើត​នៃ​កីឡា​ចំបាប់ ជាក់​​ស្ដែង​ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​មានបុណ្យ​ទាន​ម្ដង​ៗ គេ​តែងតែ​រៀបចំ​ឱ្យ​មានការ​ប្រកួត​បោកចំបាប់​មិន​ដែល​ខកខាន​ឡើយ ព្រោះ​វា​ជា​ប្រពៃណី និង​ជា​កេរដំណែល​របស់​ដូនតា​ខ្មែរ​បន្សល់​ទុក​ឱ្យ​។

សព្វ​ថ្ងៃនេះ ឌ​ន សៅ ប្រាប់​ថា លោក​មិនសូវ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ញឹកញាប់​ដូច​មុន​ទៀត​នោះ​ទេ ដោយសារ​តែ​លោក​មាន​វ័យ​ចំណាស់​បន្តិច​ទៅ​ហើយ លើកលែងតែ​ការ​ប្រកួត​តម្រូវការ​ប្រភេទ​ទម្ងន់​ធ្ងន់ ព្រោះ​ទម្ងន់​លោក​សព្វថ្ងៃ​៩៧​គីឡូក្រាម ។ លោក​ថា លោក​ក៏​មាន​បំណង​ចង់​លាឈប់​ពី​អាជីព​កីឡា​ចំបាប់​នេះ​ដែរ​យ៉ាង​យូរ​ឆ្នាំ​ក្រោយ​នេះ​ហើយ បន្ទាប់​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​ពី​ន​បាន​បញ្ចប់ ។

លោក​សង្កត់ធ្ងន់​ថា សព្វ​ថ្ងៃនេះ​វិស័យ​កីឡា​ចំបាប់​កម្ពុជា មិន​ចាញ់​បណ្ដា​ប្រទេស​ជិតខាង​ប៉ុន្មាន​ឡើយ ។ ក្នុង​ចំណោម​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន មាន​តែ​ប្រទេស​ចំនួន​២​ប៉ុណ្ណោះ​ដែល​ខ្លាំង​ជាងគេ គឺ​ប្រទេស​វៀតណាម​និង​ឥណ្ឌូ​ណេ​ស៊ី ។ ប៉ុន្តែ​ថ្ងៃ​អនាគត​កីឡា​ចំបាប់​កម្ពុជា​ក៏​មិន​អន់​ជាងគេ​ប៉ុន្មាន​ដែរ ជា​ពិសេស​កីឡាករ​ថ្នាល​ដែល​លោក​កំពុង​តែ​បង្ហាត់​សព្វថ្ងៃ​ភាគច្រើន​ជា​កីឡាករ​ល្អ មានការ​អភិវឌ្ឍ​ខ្លួន​បាន​លឿន​ដែល​ជា​ក្ដី​សង្ឃឹម​ក្នុង​ការ​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ