ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​នគរបាល​…​ស្រាយ​រឿង​អ្នកលេង​សាក់​ទាំងនេះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្តបាន​បង្ហាញ​ដល់​បណ្តាញ​សារព័ត៌មាន​ និង​សារ​ធារ​ណ​ជន​ឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ មាន​សារព័ត៌មាន​តាម​អន​ឡាញ​មួយ​ចំនួន​តូច ​បាន​បង្ហោះ​រូបភាព​ក្រុម​បុរស…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្តបាន​បង្ហាញ​ដល់​បណ្តាញ​សារព័ត៌មាន​ និង​សារ​ធារ​ណ​ជន​ឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ មាន​សារព័ត៌មាន​តាម​អន​ឡាញ​មួយ​ចំនួន​តូច ​បាន​បង្ហោះ​រូបភាព​ក្រុម​បុរស ដែល​មាន​សាក់​រូប​ពេញ​ខ្លួនជា​ច្រើន​នាក់ ខ្លះ​កាន់​កាំបិត ខ្លះ​កាន់​អាវុធ​ផ្សេង​ៗ​ទៀត ប្រៀប​ដូច​ជា​ក្រុម​អ្នកលេង​គួរ​ឱ្យ​ខ្លាច​ថា គឺជា​ក្រុម​ជនជាតិ​ចិន​រស់នៅ​កម្ពុជា ។

លោក​ថ្លែង​ថា មិនមែន​ចិន​នៅ​កម្ពុជា​ទេ តាម​ពិត​ក្រុម​ទាំងនេះ គឺជា​ជនជាតិ​វៀតណាម ហើយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ GIA DINH VUI TINH ដែល​ជា​រឿយ​ៗ​បាន​បង្ហោះ​រូប​ក្រុម​នេះ ​ដើម្បី​បង្អួត​សាក់ ដាក់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិនមែន​ជា​ក្រុម​អ្នកលេង​នោះ​ទេ ។ ប៉ុន្តែ​ជា​អកុសល​ត្រូវ​សារព័ត៌មាន​តាម​អន​ឡាញ​មួយ​ក្តាប់​តូច ​បាន​ព្យាយាម​បំពុលសង្គម​ខ្មែរ​យើង ឱ្យ​អាប់អួរ​មិន​ស្រាកស្រាន្ត ។

លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​អំពាវនាវ​ដល់​សារ​ធា​ណ​ជន មេត្តា​យកចិត្តទុកដាក់​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ មុន​និង​វាយ​ត​ម្តៃ​ទៅ​លើ​រូបភាព​ទាំងនោះ និង​សូម​ឱ្យ​បងប្អូន​ជនរួមជាតិ​មេត្តា​មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​លើកតម្កើង​ថែរក្សា​កិត្តិយស មុខមាត់ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ​ទាំងមូល ។

តាម​ការ​កត់សម្គាល់ ការ​សាក់​លើ​រាង​កាយ​ វា​ជា​ចំណង់​ចំណូលចិត្ត​របស់​បុគ្គល​…​ជាតិ​សាសន៍​ណា​ ក៏​ដូច​ជាតិ​សាសន៍​ណា​ដែរ ។ លើ​ការ​និយម​ស្ថិត​នៅ​លើ​ចរិត​របស់​ខ្លួន​គេ ។ ជាតិ​សាសន៍​ខ្មែរ​យើង ខ្លះ​សាក់​ទៅ​តាម​ជំនឿ​ផ្សេង​ៗ… ​សាក់​សម្តែងឫទ្ធិ ជឿ​មន្តអាគម កាប់​មិន​មុត ដុត​មិន​ឆេះ​…​ឃើញ​ខ្លះ​សាក់​ពេញ​ខ្លួន សម្តែង​ថា​មាន​មន្តអាគម​…​ជា​អ្នក​ខ្លាំង​អាច​ធ្វើ​ឱ្យ​គេ​ខ្លបខ្លាច ​ក៏​មាន​ដែរ ។ ខ្លះ​សាក់​បញ្ចេញ​មន្ត​ស្នេហ៍ ខ្លះ​សាក់​លើ​ក្បាល​ពោះ គឺ​គេ​សាក់​តាម​ការ​ស្រឡាញ់ ។ កុំ​ឃើញ​រូបសាក់​ទាំងអស់​លើ​រាង​កាយ ហើយ​ចោទ​ថា ជា​អ្នក​កោងកាច ជា​អ្នកលេង ប្រាកដជា​ការ​វាយតម្លៃ​នោះ​វា​អ​សីលធម៌​ពេក ។

បញ្ហា​ទាក់ទង​ទៅ​នឹង​ជនជាតិ​ចិន​ពេ​ល​នេះ​កំពុង​ក្លាយជា​ការ​លាប​ពណ៌ពី​សំណាក់​ក្រុម​អ្នក​មិន​សប្បាយចិត្ត​ចំពោះ​កំណើន​យ៉ាង​គំហុក​នៅ​កម្ពុជា ដោយ​ពួក​គេ​បាន​លើកយកតែ​ទ​ង្វើ​អវិជ្ជមាន​មួយ​ចំនួន​មក​បំប៉ោង និង​ធ្វើការ​ស្តីបន្ទោស​ទៅ​ដល់​រាជរដ្ឋាភិបាល​ថា បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ជនជាតិ​ចិន​ប្រព្រឹត្តិ​នូវ​ទ​ង្វើ​ល្មើស​ច្បាប់​​នានា បង្ក​ភាព​អនាធិបតេយ្យ ធ្វើ​ឱ្យ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សង្គម​ខ្មែរ​ច្របូកច្របល់ ។ ទោះបីជា​បែប​ណា​ក្តី មតិ​មួយ​ជ្រុង​នោះ​មិន​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ទាក់ទង​នឹង​ជនជាតិ​ចិន​នោះ​ទេ ។

ជា​ការ​ពិតខ្មែរ​ ម្ចាស់​ស្រុក​ដែល​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ សូម​មាន​សុភ​វិនិច្ឆ័យ​ឱ្យ​បាន​ត្រឹមត្រូវ​ពី​បញ្ហា​នេះ​ផង​ដែរ ។ ជាតិ​សាសន៍​ណា​ក៏ ​មាន​ល្អ​មាន​អាក្រក់​ដែរ សូ​ម្បី​តែ​ខ្មែរ​យើង​ក៏​មាន​ល្អ មាន​អាក្រក់​ដូច​គ្នា ។ ដូច្នេះ​សួរ​ថា តើ​បញ្ហា​ដែល​បង្ក​ដោយ​ជនជាតិ​ចិន​កន្លង​មក​កំពុង​ធ្វើ​ឱ្យ​សង្គម​ខ្មែរ​ជួប​នូវ​ផល​លំបាក​ធ្ងន់ធ្ងរ​ហួសហេតុ​ពេក​មែនឬ ?

ការ​ពិត​រឿងរ៉ាវ​មួយ​ចំនួន ​ដែល​បាន​កើតឡើង​នោះ វា​អាស្រ័យ​លើ​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច និង​អាជ្ញា ធរ​របស់​យើង​តែ​ប៉ុណ្ណោះ​ថា ​តើ​មាន​សមត្ថភាព​កម្រិត​ណា យក​ច្បាប់​មក​អនុវត្តន៍​បាន​កម្រិត​ណា ក្នុង​ការ​គ្រប់គ្រង​ជនបរទេស​ទាំងនេះ ?

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បដិសេធ​ទាំងស្រុង​ចំពោះ​វី​ដេ​អូ​កាប់​ចាក់​គ្នា​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​ថា​កើតឡើង​នៅ​ភ្នំពេញ គឺជា​វី​ដេ​អូ​កាត់ត អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បដិសេធ​ចោល​ទាំងស្រុង​នូវ​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​បាន​បង្ហោះ​ចែកចាយ​គ្នា​ក្នុង​បណ្ដាញ​សង្គម​បង្ហាញ​ពី​រូបភាព​ឃោរឃៅ​កាប់​ចាក់​គ្នា ហើយ​ដែល​គេ​អះអាង​ថា​កើត​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុម​ជនជាតិ​ចិន ។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា «​វី​ដេ​អូ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​នេះ ​មិន​មែន​​ជា​ការ​ពិត​ដូច​មាននៅ​ក្នុង​វី​ដេអូ​ឃ្លី​ប​នេះ​ឡើយ ។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​នៃ​ក្រុម​ជំនាញ​បាន​បញ្ជាក់​ថា វី​ដេ​អូ​នេះមានការ​កាត់ត​រូបភាព​ក្នុង​ចេតនា​បំពុល​បរិ​យាកាស​សង្គម បង្ក​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ និង​បង្កើត​ឲ្យ​មានការ​រើសអើង​ពូជសាសន៍​(​ជនជាតិ​ចិន​)​ក្នុង​ប្រទេស​កម្ពុជា​» ។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់​ថា រឿង​នេះ​មិនមែន​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ។ ចំណែក​សំឡេង​ដែល​បាន​ថត​ក្នុង​សាច់​រឿង​នោះ​គឺជា​សំឡេង​ថត​បញ្ចូលធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ ក្នុង​បំណង​ចង់​បំពុលបរិយាកាស​សន្តិសុខ ៕

អត្ថបទសរសេរ ដោយ